ⓘ ខ្សែទឹកឃឹរ៉ុស៊ីអុ

                                     

ⓘ ខ្សែទឹកឃឹរ៉ុស៊ីអុ

ខ្សែទឹកឃឹរ៉ុស៊ីអុ ត្រូវបានគេស្គាល់ផងដែរថាជា ខ្សែទឹកជប៉ុន ឬ ខ្សែទឹកខ្មៅ ។ វាជាខ្សែទឹកមានកំលាំងខ្លាំងក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងជើងប៉ែកខាងលិច។ វាមានប្រភពពីឆ្នេរខាងកើតកោះតៃវ៉ាន់ និងហូរទៅទិសឦសានកាត់តាមប្រទេសជប៉ុនរួចវិលចូលទៅក្នុងខ្សែទឹកប៉ាស៊ីហ្វិកខាងជើង។ ខ្សែទឹកនេះដឹកនាំទឹកក្ដៅពីត្រូពិចឆ្ពោះទៅកាន់តំបន់ប៉ូល។ គេឃើញមានកំហាប់អ៊ុយរ៉ានីញ៉ូមខ្ពស់ធ្វើដំនើរតាមខ្សែទឹកនេះជារៀងរាល់ឆ្នាំ ។ ទឹកក្ដៅរបស់ខ្សែទឹកឃឹរ៉ុស៊ីអុជួយទ្រទ្រង់ការលូតលាស់របស់ថ្មប៉ប៉្រះទឹករបស់ជប៉ុន និងត្រីក្នុងសមុទ្រ។

                                     

1. លក្ខណៈខ្សែទឹក

ខ្សែទឹកឃឹរ៉ុស៊ីអុមានប្រភពពីខ្សែទឹកអេក្វាទ័រខាងជើងដែលហូរពី​តំបន់ក្បែរអេក្វាទ័រខាងជើងទៅទិសខាងលិច។ បន្ទាប់មកវាធ្វើដំនើរទៅសសៀរតាមខាងកើតកំរងកោះហ្វីលីពីនឆ្ពោះទៅទិស​ខាងជើង។ កំលាំងខ្សែទឹកកាន់តែខ្លាំងដោយសារឥទ្ឋិពលកំលាំងកូរ្យូលីសនិង​ផលបេតាឥទ្ឋិពលបំរែបំរួលរយៈទទឹង។ បន្ទាប់មកទៀតវាហូរកាត់តាមចន្លោះកោះតៃវ៉ាន់និងកោះអ៊ីស៊ីហ្គាគី ចូលទៅលើធ្នើរទ្វីបសមុទ្រចិនខាងកើត។ នៅក្បែរខាងត្បូងកោះឃ្យឺស្សឺ វាប្ដូរទិសទៅខាងកើតកាត់តាមច្រកការ៉ាចូលទៅក្នុងធ្នើរទ្វីបជប៉ុនខាងត្បូង។ នៅទីនោះវាចែកជា២គឺ ខ្សែទឹកដែលហូរបន្តទៅខាងកើតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខ្សែទឹកឃឹរ៉ុស៊ីអុបន្ត និងខ្សែទឹកដែលហូរតាមច្រកកូរ៉េចូលទៅក្នុងសមុទ្រជប៉ុន ខ្សែទឹកត្សឹស៊ីម៉ា។ ម្យ៉ាងវិញទៀត ក្រៅពីខ្សែទឹកឃឹរ៉ុស៊ីអុមេដែលហូរជាចំបងពីលិចទៅកើត នៅមានខ្សែទឹកមួយទៀតដែលហូរនៅនៅខាងត្បូងខ្សែទឹកមេ មានទិសដៅផ្ទុយនិងមានល្បឿនយឺត ០,៣ណុត ដែលគេអោយឈ្មោះថា ខ្សែទឹកច្រាស់ឃឹរ៉ុស៊ីអុ ។

ទទឹងខ្សែទឹកឃឹរ៉ុស៊ីអុក្បែរជប៉ុនមានប្រហែល១០០គ.ម និងមានល្បឿនអតិបរមា៤ណុតប្រហែល៧,៤គ.មក្នុង១ម៉ោង។ នៅជំរៅពី៦០០ទៅ៧០០ម វានៅមានល្បឿន១ទៅ២ណុត។ តាមការគណនា ក្នុង១វិនាទីមានទឹកប្រមាណ២ទៅ៥ម៉ឺនម៉ែត្រគូបត្រូវបានហូរនាំតាមខ្សែទឹកនេះ។ សីតុណ្ហភាពផ្ទៃទឹកខាងលើគឺ ៣០℃ នៅរដូវក្ដៅនិង២០℃នៅរដូវរងារ។ កំរិតភាពប្រៃខ្ពស់ គឺ ៣៤,៨%នៅរដូវរងារ និង ក្រោម៣៤%នៅរដូវក្ដៅ។ កំរិតរំលាយអុកស៊ីសែន ៥ ml/l។