ⓘ វីនស្តុន ឆឺឈីល

                                     

ⓘ វីនស្តុន ឆឺឈីល

វីនស្តុន លីអូណាត ស្ពិនហ្សឺ-ឆឺឈីល គឺជាអ្នកនយោបាយអង់គ្លេស, មន្រ្តីអង់គ្លេស និងអ្នកនិពន្ធ។ លោកបានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសពីខែឧសភា ឆ្នាំ១៩៤០ ដល់ខែកក្កដា ឆ្នាំ១៩៤៥, អំឡុងពេលកាន់អំណាច លោកបានដឹកនាំអង់គ្លេសឱ្យទទួលជ័យជម្នះនៅក្នុងសង្គ្រាមលោកលើកទី២ ហើយក៏បានក្លាយជានាយករដ្ឋមន្រ្តីម្តងទៀត ពីខែតុលា ឆ្នាំ១៩៥១ ដល់ខែកក្កដា ឆ្នាំ១៩៥៥។ លោកបានក្លាយជាសមាជិកសភាអង់គ្លេស ពីខែមករា ឆ្នាំ១៩០០ រហូតដល់ខែតុលា ឆ្នាំ១៩៦៤ លើកលែងតែពីខែតុលា ឆ្នាំ១៩២២ ដល់ខែតុលា ឆ្នាំ១៩២៤ ហើយលោកក៏ជាតំណាងមណ្ឌលបោះឆ្នោតបានចំនួន ៥ ដងផងដែរ។ ឆឺឈីលត្រូវបានគេថាជាអ្នកចូលចិត្តប្រកាន់អនុវត្តមនោគមវិជ្ជាសេដ្ឋកិច្ចសេរី និងជាអ្នកចក្រពត្តិនិយម, ក្នុងមួយអាជីពជាអ្នកនយោបាយ ភាគច្រើនលោកគឺជាសមាជិកនៃគណបក្សអភិរក្សនិយម និងជាប្រធានបក្សពីខែតុលា ឆ្នាំ១៩៤០ រហូតដល់ខែមករា ឆ្នាំ១៩៤៥។ ឆឺឈីលធ្លាប់បានក្លាយជាសមាជិកនៃគណបក្សសេរីនិយម ពីខែឧសភា ឆ្នាំ១៩០៤ ដល់ខែមីនា ឆ្នាំ១៩២៤។

ឆឺឈីលបានកើតនៅក្នុងគ្រួសារអភិជនមួយនៅអកស៍ហ្វតសែរ, ឪពុកម្តាយលោកគឺជាប់សញ្ជាតិអង់គ្លេសនិងអាមេរិកាំង។ ឆឺឈីលបានចូលបម្រើកងទ័ពអង់គ្លេសនៅក្នុងឆ្នាំ១៨៩៥ ហើយបានចូលរួមក្នុងការប្រយុទ្ធចម្បាំងនៅឥណ្ឌា សង្គ្រាមអង់គ្លេស-ស៊ូដង់ និងសង្គ្រាមបូរទី២, លោកបានទទួលកេរ្តិ៍ឈ្មោះល្បីល្បាញជាអ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាម អ្នកដែលសរសេរពណ៌នាអំពីសង្គ្រាមហើយបញ្ជូនព័ត៌មាននោះទៅស្រុកកំណើតខ្លួនវិញ ហើយពេលត្រលប់មកដល់អង់គ្លេសវិញ លោកក៏បាននិពន្ធសៀវភៅអំពីបទពិសោធន៍របស់លោកនៅក្នុងសង្គ្រាមទាំងនោះ។ លោកត្រូវបានគេបោះឆ្នោតជ្រើសតាំងជាសមាជិកសភានៅឆ្នាំ១៩០០ ក្នុងនាមជាក្រុមអភិរក្ស ប៉ុន្តែលោកក៏បានចុះចូលជាមួយក្រុមសេរីវិញនៅក្នុងឆ្នាំ១៩០៤។ នៅក្នុងរដ្ឋាភិបាលសេរីនិយមរបស់លោកហឺប៊ឺត ហេនរី អាសឃ្វីត, ឆឺឈីលបានបម្រើការជាប្រធានក្រុមប្រឹក្សាពាណិជ្ជកម្ម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានទីមួយនៃក្រសួងទាហានជើងទឹកហើយបានរក្សាគាំទ្រកំណែទម្រង់ពន្ធនាគារនិងសន្តិសុខសង្គមរបស់កម្មករ។ ក្នុងនាមលោកជាប្រធានទីមួយនៅអំឡុងសង្គ្រាមលោកលើកទីមួយ, លោកបានឃើញភាពឃោឃៅស្អុយរលួយនៃសង្គ្រាមនៅសមរភូមិហ្កាលីប៉ូលី, ឆឺឈីលក៏បានលាលែងចេញពីការងាររដ្ឋាភិបាលហើយបានចូលបម្រើក្នុងកងវរសេនាធំរ៉ូយ៉ាល់ស្កុតនៅឯជួរប្រយុទ្ធខាងលិច។ នៅឆ្នាំ១៩១៧, លោកបានត្រលប់ចូលធ្វើការងារក្នុងរដ្ឋាភិបាលវិញដោយលើកនេះនៅក្រោមរដ្ឋាភិបាលរបស់លោកដេវីត ឡយ ចច ហើយបានបម្រើការជាមន្រ្តីក្រសួងអាវុធយុទ្ធភ័ន រដ្ឋលេខាធិការសង្គ្រាម រដ្ឋលេខាធិការអាកាស និងរដ្ឋលេខាធិការអាណានិគម ដោយបានទទួលបន្ទុកលើ សន្ធិសញ្ញាអង់គ្លេស-អៀរឡង់ និងគោលនយោបាយអង់គ្លេសនៅបជ្ឈឹមបូព៌ា។ បន្ទាប់ពីចេញពីសភាបានរយៈពេល ២ ឆ្នាំ, លោកបានបម្រើការជារដ្ឋមន្រ្តីហិរញ្ញវត្ថុនៅក្នុងរដ្ឋាភិបាលអភិរក្សនិយមរបស់លោកស្តិនលី បលវីន, ដោយបាននាំចូលមកវិញនូវលុយផោនក្នុងឆ្នាំ១៩២៥ ទៅស្តង់ដាមាសនៅសមភាពមុនសង្គ្រាម, ការផ្លាស់ប្តូរនេះត្រូវបានគេមើលឃើញថាជាការបង្កើតសម្ពាធបរិត្តផរណានិងធ្វើឱ្យសេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះ។

លោកបានចេញពីតំណែងនៅអំឡុងទសវត្សឆ្នាំ១៩៣០ ហើយឆឺឈីលក៏បាននាំមុខគេក្នុងការអំពាវនាវឱ្យអង់គ្លេសត្រៀមអាវុធប្រឆាំងនឹងការគំរាមកំហែងយោធានៅអាល្លឺម៉ង់ណាស៊ី។ នៅពេលសង្គ្រាមលោកលើកទី២ បានផ្ទុះឡើងដំបូង លោកត្រូវបានគេតែងតាំងជាប្រធានទីមួយនៃក្រសួងទាហានជើងទឹក។ នៅឆ្នាំ១៩៤០ ឆឺឈីលក៏បានក្លាយជានាយករដ្ឋមន្រ្តីជំនួសឱ្យលោកណេវីល ឆេមប៊ឺលិន។ ក្នុងនាមជានាយករដ្ឋមន្រ្តី ឆឺឈីលត្រូវទទួលខុសត្រូវលើការនាំចក្រភពអង់គ្លេសឱ្យប្រលូកចូលសង្គ្រាមលោកលើកទី២ ជាមួយក្រុមសម្ព័ន្ធមិត្តប្រយុទ្ធប្រឆាំងនឹងមហាអំណាចអ័ក្ស, ដែលជាលទ្ធផល ក្រុមសម្ព័ន្ធមិត្តបានទទួលជោគជ័យនៅឆ្នាំ១៩៤៥។ បន្ទាន់ពីក្រុមអភិរក្សបានចាញ់ការបោះឆ្នោតទូទៅនៅឆ្នាំ១៩៤៥ ឆឺឈីលក៏បានក្លាយជាមេបក្សប្រឆាំង។ ចំពេលកំពុងមានសង្គ្រាមត្រជាក់ជាមួយនឹងសហភាពសូវៀត, ឆឺឈីលក៏បានបង្កើត"វាំងននដែក" ដើម្បីទប់ស្កាត់ឥទ្ធិពលកុម្មុយនិស្តរបស់សូវៀតមកលើអឺរ៉ុបខាងលិច និងបានលើកកម្ពស់សាមគ្គីភាពប្រទេសនីមួយៗនៅទ្វីបអឺរ៉ុប។ ឆឺឈីលត្រូវបានបោះឆ្នោតជ្រើសរើសធ្វើជានាយករដ្ឋមន្រ្តីម្តងទៀតនៅឆ្នាំ១៩៥១, អណត្តិទី២ របស់លោកភាគច្រើនគឺបានផ្តោតទៅលើកិច្ចការបរទេស មានដូចជា៖ វិបត្តិនៅប្រទេសម៉ាឡេស៊ី ការបះបោរម៉ាវម៉ាវ សង្គ្រាមកូរ៉េ និងរដ្ឋប្រហារអ៊ីរ៉ង់ឆ្នាំ១៩៥៣។ សម្រាប់រឿងផ្ទៃក្នុងប្រទេសវិញ រដ្ឋាភិបាលរបស់លោកច្រើនផ្តោតលើការសាងសង់បន្ថែមនូវលំនៅដ្ឋានសម្រាប់ពលរដ្ឋអង់គ្លេសនិងបង្កើតហើយអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។ នៅពេលសុខភាពរបស់លោកចុះខ្សោយ, ឆឺឈីលក៏បានលាចេញពីតំណែងជានាយករដ្ឋមន្រ្តីនៅឆ្នាំ១៩៥៥ ប៉ុន្តែបន្តធ្វើជាសមាជិកសភារហូតដល់ឆ្នាំ១៩៦៤។ ឆឺឈីលបានទទួលមរណភាពនៅឆ្នាំ១៩៦៥ ហើយពិធីបុណ្យសពរបស់លោកគឺប្រារព្វធ្វើឡើងដោយរដ្ឋ។

ឆឺឈីលត្រូវបានគេចាត់ទុកជាមនុស្សម្នាក់នៅក្នុងចំណោមឥស្សរជនដ៏សំខាន់បំផុតនៅសតវត្សទី២០, បច្ចុប្បន្ន កេរ្តិ៍ឈ្មោះរបស់លោកនៅតែមានភាពល្បីល្បាញដដែរទាំងនៅប្រទេសអង់គ្លេសនិងអឺរ៉ុបខាងលិច។ ឆឺឈីលត្រូវបានគេមើលឃើញថាជាអ្នកការពារលទ្ធិប្រជាធិបតេយ្យសេរីនៅអឺរ៉ុបពីការរីករាលដាលនៃរបបផ្តាច់ការហ្វាស៊ីសនិយម។ ឆឺឈីលត្រូវបានគេសរសើរថាជាអ្នកធ្វើកំណែទម្រង់សង្គមនិងជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់ ហើយនៅក្នុងចំណោមពានរង្វាន់ដែលលោកបានឈ្នះ មានមួយជារង្វាន់ណូបែលផ្នែកអក្សរសាស្រ្ត។