ⓘ អព្យាកតសំយុត្ត

                                     

ⓘ អព្យាកតសំយុត្ត

ខេមាសូត្រ ទី១

សម័យមួយ ព្រះសភិយកច្ចានដ៏មានអាយុ នៅក្នុងរោងដែលគេសង់​ដោយឥដ្ឋ ក្នុងញាតិកគ្រាម។ គ្រានោះ វច្ឆគោត្តបរិព្វាជក ចូលទៅរកព្រះសភិយ​កច្ចានដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះសភិយ​កច្ចានដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏​អង្គុយក្នុងទីសមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏សួរ​ព្រះ​សភិយកច្ចាន​ដ៏មានអាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈដ៏ចំរើន សត្វស្លាប់ទៅកើតទៀត​ដែរ​ឬទេ។ ម្នាលវច្ឆៈ ពាក្យនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់មិនព្យាករថា សត្វស្លាប់ទៅ ​កើត​ទៀតដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន ចុះសត្វស្លាប់ទៅ មិនកើតទៀតទេឬអ្វី។ ម្នាលវច្ឆៈ ទុកជាពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់​ទៅ​មិនកើតទៀត ដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន សត្វស្លាប់ទៅកើត​ទៀតខ្លះ មិនកើតទៀតខ្លះ ឬអ្វី។ ​ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់​ព្យាករថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះទេ។ បពិត្រព្រះកច្ចានៈ​ដ៏ចំរើន ​ចុះ​សត្វ​ស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនឬអ្វី។ ម្នាល​វច្ឆៈ ទុកជា​ពាក្យនេះ ព្រះដ៏មានព្រភាគ ក៏មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន លោកកាល​ដែល​ខ្ញុំសួរថា សត្វស្លាប់ទៅ កើតទៀតឬទេ ឆ្លើយថា ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ ​មិនបាន​ទ្រង់ព្យាករថា សត្វស្លាប់ទៅកើតទៀតដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន លោក​កាល​ដែលខ្ញុំសួរថា សត្វស្លាប់ទៅ មិនកើតទៀតឬអ្វី ឆ្លើយថា ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ មិនកើតទៀត ដូច្នេះទេ។ បពិត្រ​ព្រះកច្ចានៈដ៏ចំរើន លោកកាលដែលខ្ញុំសួរថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើត​ទៀត​ខ្លះឬអ្វី ឆ្លើយថា ម្នាលវច្ឆៈ ពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះទេ។ បពិត្រព្រះកច្ចានៈដ៏ចំរើន លោក​កាលដែលខ្ញុំសួរថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន​ឬអ្វី ឆ្លើយថា ម្នាលវច្ឆៈ ទុកជាពាក្យនេះ ព្រះដ៏មានព្រះភាគ មិនបានទ្រង់ព្យាករថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនដូច្នេះទេ។ បពិត្រព្រះកច្ចានៈ​ដ៏ចំរើន ហេតុដូចម្តេចហ្ន៎ បច្ច័យដូចម្តេចហ្ន៎ ដែលនាំឲ្យព្រះសមណគោតម មិនទ្រង់ព្យាករនូវពាក្យនេះ។ ម្នាលវច្ឆៈ ហេតុនិងបច្ច័យឯណា ​ដែលបញ្ញត្តថា សត្វ មានរូបដូច្នេះក្តី មិនមានរូបដូច្នេះក្តី មានសញ្ញាដូច្នេះក្តី មិនមានសញ្ញាដូច្នេះក្តី មាន​សញ្ញា​ក៏មិនមែន មិនមានសញ្ញា ក៏មិនមែនដូច្នេះក្តី ហេតុនិងបច្ច័យ​នោះ គប្បីរលត់ទៅ​មិនមានសេសសល់ សព្វប្រការទាំងពួង សព្វអាការទាំងពួង។ ហេតុម្តេច​ក៏កាល​បុគ្គលបញ្ញត្តនូវហេតុ និងបច្ច័យនោះ ទើបបញ្ញត្តថា សត្វមានរូបដូច្នេះ​ខ្លះ មិនមានរូប​ដូច្នេះខ្លះ មានសញ្ញាដូច្នេះខ្លះ មិនមានសញ្ញាដូច្នេះខ្លះ មានសញ្ញាក៏​មិនមែន មិនមាន​សញ្ញាក៏មិនមែនដូច្នេះខ្លះ។ បពិត្រព្រះកច្ចានៈដ៏ចំរើន លោកបួស​បានប៉ុន្មានវស្សា​ហើយ។ ម្នាលអាវុសោ អាត្មាបួសមិនទាន់បានយូរប៉ុន្មានទេ ទើបនឹង​បាន ៣ វស្សា​ប៉ុណ្ណោះ។ ម្នាលអាវុសោ ពាក្យព្យាករណ៍ មានប្រមាណប៉ុណ្ណេះ ដោយ​កាលមាន​ប្រមាណប៉ុណ្ណេះ គប្បីមានដល់បុគ្គលណា ពាក្យព្យាករណ៍នោះ ឈ្មោះថា​មានច្រើន​ដល់​បុគ្គលនោះ នឹងបាច់ពោលទៅថ្វី ក្នុងពាក្យព្យាករណ៍ដ៏ច្បាស់លាស់​យ៉ាង​នេះ។ ចប់ សូត្រ ទី១១។

ចប់អព្យាកតសំយុត្ត។

ឧទ្ទាននៃអព្យាកតសយុត្តនោះគឺ

ពោលអំពីនាងខេមាថេរី ១ អំពីអនុរាធត្ថេរ ១ អំពីព្រះសារីបុត្ត មាន ៣ លើក អំពីព្រះមហាកោដ្ឋិត ១ អំពីព្រះមហាមោគ្គល្លាន ១ អំពីវច្ឆគោត្តបរិព្វាជក ១ អំពី​ពួក​​សមណព្រាហ្មណ៍ប្រជុំគ្នា ក្នុង​កុតុហលសាលា ១ អំពីព្រះអានន្ទដ៏មានអាយុ ១ អំពី​ព្រះសភិយកច្ចានៈ ១ ជាគម្រប់ ១១។