ⓘ រាជវង្សហានខាងលិច

                                     

ⓘ រាជវង្សហានខាងលិច

វ៉ាំងម៉ាំង ដកតំណែងយូជឺអ៊ិង យុវក្សត្រអង្គចុងក្រោយនៃរាជវង្សហានខាងលិច ដើម្បីតែងតាំងខ្លួនជាស្ដេច ដោយរៀបចំរៀបប្រព័ន្ធការគ្រប់គ្រងថ្មីនិងបង្កើតរាជវង្សស៊ិន ឡើង។ តែការបរាជ័យនៃការរៀបចំថ្មីបានធ្វើឲ្យមានការបះបោរពីសំណាក់ប្រជារាស្ដ្រ កើតជាចលនាក្បត់នៅតាមតំបន់ផ្សេងៗ មានដូចជា កងកម្លាំងចិញ្ចើមក្រហម ដែលដឹកនាំដោយហ្វានឆុងពីតំបន់សានទុង និងកងកម្លាំងលីវលិន ដែលដឹកនាំដោយលិវស៊ិវ មកពីហ៊ូប៉ឺយ ជាដើម។ ក្នុងបណ្ដាកងកម្លាំងទាំងអស់នេះ កងកម្លាំងរបស់លិវស៊ិវរឹងមាំជាងគេ។

ក្រោយពេលចប់សង្គ្រាមនៅឃុនយ៉ាំង ជ័នជម្នះជាស្ថាពររបស់កងកម្លំាងលីវលិនលើកងទ័ពរាជវង្សថ្មី ធ្វើឲ្យលិវស៊ិវឆ្លៀតឱកាសចូលដណ្ដើមកងកម្លាំងប្រដាប់អាវុធនៅភាគខាងជើង ពង្រីកមូលដ្ឋានរបស់ខ្លួនទៅហឺប៉ិយ ដែលជាដែនដីភាគខាងជើងរបស់ចិនបច្ចុប្បន្ន។ ពេលដល់ពាក់កណ្ដាលគ.ស ២៥ លិវស៊ិវក៏តាំងខ្លួនឡើងធ្វើជាហង់តេគ្រប់គ្រងដែនដីហឺប៉ិយ ក្រោមព្រះនាមថា កួងអ៊ូទី និងប្រើឈ្មោះរាជវង្សហានដូចដើម ដោយអ្នកប្រវត្ដិសាស្ដ្របានបែងចែកយុគសម័យនេះជាសម័យហានខាងកើត ដោយសាររាជធានីស្ថិតនៅក្នុងក្រុងលួយ៉ាង។

ភារកិច្ចដំបូងរបស់កួងអ៊ូទីគឺការបង្ក្រាបកងកម្លាំងចិញ្ចើមក្រហមដែលកំពុងឡោមព័ទ្ធក្រុងឆាងអាន ពេលដល់ឆ្នាំរជ្ជកាលទី ១២ ក៏អាចបង្ក្រាបក្រុមរបស់ស៊ុនស៊ូនៅសេឆួនបានយ៉ាងរាបទាប បង្រួបបង្រួមប្រទេសចិនឲ្យមានឯកភាពជាថ្មីម្ដងទៀត។ ក្រោយមកបានប្រកាសដោះលែងទាសករ​ ដែលចាត់ទុកជាការដោះលែងកម្លាំងការផលិតដ៏ធំមួយ។ ក្រៅពីនេះ នៅមានការជួសជុលប្រព័ន្ធធារាសាស្ដ្រនៅទូទាំងប្រទេស ស្ដារវិស័យកសិកម្មឲ្យមានជីវិតរស់ឡើងវិញ។ ពេលដល់រជ្ជកាលស្ដេចមិងទី ក៏បានលុបចោលការធ្វើជំនួញអំបិលនិងដែកថែបបែបផ្ដាច់មុខ និងពានិជ្ជកម្មផ្សេងៗ ទៀត មានជាអាទិ រោងចក្រស្លនិងរំលាយទង់ដែង ជំនួញក្រណាត់ជាដើម ធ្វើឲ្យប្រទេសជាតិនិងការធ្វើជំនួញនៅសម័យរាជវង្សហានខាងកើតចម្រើនរុងរឿងឡើង ក្រុងលួយ៉ាងក្លាយជាមជ្ឈមណ្ឌលពានិជ្ជកម្មក្នុងប្រទេស។ ចំណែកមជ្ឈមណ្ឌលខាងត្បូង មានដូចជា ក្រុងយ៉ាំងចូវ ជិងចូវ អ៊ីចូវ ក៏រីកចម្រើនខាងពានិជ្ជកម្ម ហត្ថកម្ម ចំនួនប្រជាជនក្នុងក្រុងកើនឡើងយ៉ាងលឿន។

ក្នុងរជ្ជកាលស្ដេចចាងទី និងហឺទី មានការធ្វើដំណើរចេញទៅទាក់ទងចងសម្ព័ន្ធមេត្រីជាមួយដែនដីខាងលិច ដើម្បីភ្ជាប់ពានិជ្ជកម្មផ្លូវសូត្រ។ ក្នុងពេលនោះដែរ បណ្ដាម្ចាស់ដីទាំងផ្នែកទាហាននិងស៊ីវិលក៏ស្ថិតនៅក្នុងកំឡុងនៃការសន្សំបារមី។ ក្រោយរជ្ជកាលស្ដេចហឺទី បណ្ដាខ្សែញាតិវង្សនិងមន្ដ្រីថ្នាក់ខ្ពស់មានអំណាចខ្លាំងឡើង ឃើញថាញាតិវង្សនិងមន្ដ្រីបានផ្លាស់គ្នាឬរួមគ្នាចូលគ្រប់គ្រងអំណាចជាញឹកញាប់ក្នុងពេលផ្លាស់រាជការផែនដី ក្នុងបួនរជ្ជកាលផែនដីក្រោយមកដូចជា ស៊ុនទី ឆុងទី ជឺទី និងហឺងទី ក្សត្រទាំង ៤ អង្គជាប់ខ្សែព្រះវង្សលៀងជី ចាំជាទីប្រឹក្សារាជាការផែនដីដល់ទៅ ២០ ឆ្នាំ សន្សំមាសប្រាក់បានជាង ៣ ០០០ លាន។

នៅក្រោយសម័យកណ្ដាលនៃរាជវង្សហានខាងកើត ក្រុមគ្រួសារត្រកូលធំៗ ចូលមកកាន់អំណាចនយោបាយ ធ្វើឲ្យកើតជាសភាពប៉ូលនយោបាយបែបផ្ដាច់មុខ។ ពេលដល់ចុងសម័យរាជវង្សហានខាងកើត បានកើតចរន្ដរិះគន់នយោបាយគ្រប់គ្រងនៅសម័យនោះ រហូតធ្វើឲ្យកើតព្រឹត្ដិការណ៍នយោបាយ។ ក្រោយពេលចប់រជ្ជកាលស្ដេចហឺងទី ក្រុមមន្ដ្រីក៏ផ្ដើមមានអំណាចខ្លាំង រហូតដល់មានការទិញលក់តំណែងរាជការយ៉ាងបើកចំហ អំណាចប្រទេសធ្លាក់ចុះ សង្គមពោរពេញទៅដោយមនុស្សពនេចរគ្មានទីលំនៅ កើតគ្រោះទុរ្ភឹក្សគ្រប់ទីកន្លែង។

ពេលដល់រជ្ជកាលស្ដេចលិងទី កើតចលនាក្បត់ចងកន្សែងលឿងនាភាគខាងជើង ចូលមករំលំរាជវង្សហានខាងកើត បណ្ដាម្ចាស់ដីដែលមានកម្លាំងរឹងមាំក៏ឆ្លៀតឱកាសនេះតាំងខ្លួនជាធំ វាយប្រយុទ្ធគ្នាដណ្ដើមអំណាច រហូតដល់ចុងក្រោយនៅសល់តែ ៣ ក្រុមអំណាចធំៗ ដែលកើតជានគរបីនោះគឺ នគរវ៉ុយ នគរស៊ូ និងនគរអ៊ូ ឬដែលយើងស្គាល់ក្នុងឈ្មោះថា" សាមកុក” នេះឯង។

ចំពោះការរីកចម្រើនផ្នែកអរិយធម៌និងបច្ចេកទេសនៅសម័យរាជវង្សហានខាងកើតមានច្រើនណាស់ ដូចជា នៅដើមសម័យ កើតមានទស្សនវិទូវត្ថុនិយមដែលលេចធ្លោឈ្មោះវ៉ាំងឆុង។ ចំណែកការសិក្សាផ្នែកប្រវត្ដិសាស្ដ្រក៏មានការកត់ត្រាប្រវត្ដិជនជាតិហាន។ ខាងផ្នែកអក្សរសិល្ប៍ដែលជាតួអង្គជំនួសឲ្យសម័យកាលនេះមានដូចជា រឿងប្រជាប្រិយនិងចម្រៀងប្រជាប្រិយផ្សេងៗ ។ ក្នុងកំឡុងចុងសម័យបានលេចឡើងនូវ កវីតែងកំណាព្យប្រចាំសម័យកាល មានដូចជា ខុងយ៉ុង ឆឺនលិន វ៉ាំងឆាន់ ស្វីកាន់ យួនវី អ៊ិងយ៉ាំង និងលិវឺន ដែលមានស្នាដៃលេចធ្លោជះឥទ្ធិពលដល់សម័យសាមកុកដែលជាសម័យកាលបន្ទាប់។

ក្នុងកំឡុងពាក់កណ្ដលនៃសម័យរាជវង្សហានខាងកើត មានអ្នកប្រាជ្ញដែលមានឈ្មោះល្បី ដូចជា ចាងហឺង ដែលទស្សនវិទូផង កវីនិពន្ធផង និងបច្ចេកទេសផង ដោយគាត់បានបង្កើតឧបករណ៍វាស់ទីតាំងផ្កាយនិងឧបករណ៍វាស់ផែនដីរញ្ជួយដែលអាចប្រើក្នុងផ្នែកវិទ្យាសាស្ដ្របានទៀតផង។ ក្នុងរជ្ជកាលស្ដេចហឺទី មានឆៃលុន ជាអ្នកបង្កើតបច្ចេកទេសផលិតក្រដាសពីរុក្ខជាតិ ដែលធ្វើឲ្យក្រដាសមានតម្លៃចុះថោកនិងនិយមប្រើយ៉ាងទូលំទូលាយ ដែលជាការសាងគុណសម្បត្ដិឲ្យពិភពលោកយ៉ាងអស្ចារ្យ។ ក្រៅពីនេះ បច្ចេកទេសផ្សេងៗ លើផ្នែកកសិកម្ម ការគណនានិងវេជ្ជសាស្ដ្រ ក៏ជួបភាពជោគជ័យធំធេងដែរ។ សាសនាព្រះពុទ្ធនិងសាសនាតាវដែលមានឥទ្ធិពលស៊ីជម្រៅក្នុងផ្នត់គំនិត វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃក្នុងសង្គមចិន ក៏សុទ្ធតែចម្រើនរុងរឿងក្នុងយុគសម័យនេះដែរ។