ⓘ នគរហង្សាវត្តី

                                     

ⓘ នគរហង្សាវត្តី

នគរហង្សាវត្តី ធ្លាប់ជានគរមានអំណាចលើសលប់ដែលបានគ្រប់គ្រងនៅភូមាក្រោម ចាប់ពី ១២៨៧ ដល់ ១៥៣៩ និង ចាប់ពី ១៥៥០ ដល់ ១៥៥២។ នគរនិយាយភាសាមនមួយនេះត្រូវបានបង្កើតឡើងមានឈ្មោះថា រាមញ្ញទេស ដោយស្នាព្រះហស្ថព្រះបាទហ្វារ្យូបន្តបន្ទាប់ពីការលិចលង់នៃនគរបាកាននៅឆ្នាំ១២៨៧ ជាសាមន្តរដ្ឋតូចមួយនៃអាណាចក្រសុខោទ័យ និងរាជវង្សយានម៉ុងហ្គោល។ នគរនេះបានប្រែក្លាយជាឯករាជ្យជាផ្លូវការពីសុខោទ័យនៅឆ្នាំ១៣៣០ ប៉ុន្តែនៅតែមានការចងសហព័ន្ធគ្នាមិនសូវស៊ីសង្វាក់រវាងអំណាចតំបន់ធំៗទាំងបីដែលស្ថិតនៅ: ដីសណ្ដឥរាវត្តី បាគូ និង មុំហ៍។ ស្ដេចនៃនគរនេះមានអំណាចតិច រឺ ក៏គ្មានអំណាចទាល់តែសោះទៅលើនគរចំណុះរបស់ខ្លួន។ មុំហ៍ស្ថិតនៅក្នុងការបះបោរជាចំហចាប់ពីឆ្នាំ ១៣៦៣ ដល់ ១៣៨៨។

                                     

1. ប្រវត្តិសាស្ត្រ

រជ្ជកាលខ្លាំងក្លានៃព្រះបាទរាជាធិរាជ រជ.១៣៨៤-១៤២១ បានពង្រឹងនូវស្ថេរភាពរបស់នគរនេះ។ ព្រះរាជាធិរាជបានបង្រួបបង្រួមនូវតំបន់និយាយភាសាមនទាំងបីឱ្យរឹងមាំ និង បានទប់ទល់នឹងនគរអវៈដែលជានគរនិយាយភាសាភូមានៅភាគខាងជើងក្នុងសង្គ្រាមហាសិបឆ្នាំ ១៣៨៥-១៤២៤ ហើយក៏បង្ខំឱ្យនគរភាគខាងលិចនៃរក្ខៈឱ្យក្លាយជានគរសួយចាប់ពី ១៤១៣ ដល់ ១៤២១ ជាបន្តបន្ទាប់។ សង្គ្រាមនេះបានបញ្ចប់ដោយភាពទាល់ច្រក ក៏ប៉ុន្តែវាបានជ័យជំនះទៅខាងហង្សាវត្តី ក្នុងគ្រាអវសានដែលអវៈបានបោះបង់ចោលនូវសុបិនរបស់ខ្លួនចង់ស្ដារអធិរាជាណាចក្របាកានឡើងវិញ។ ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ពីសង្គ្រាម បាគូបានឆ្លៀតឱកាសជួយដល់រដ្ឋចំណុះភាគខាងត្បូងរបស់អវៈគឺ ព្រំ និងតោនងុក្នុងការរើបំរះ ប៉ុន្តែក៏បានប្រយ័ត្នកុំឱ្យលង់ខ្លួនចូលទៅក្នុងសង្គ្រាមពេញដៃពេញជើងផងដែរ។

ក្រោយសង្គ្រាមនេះទៅ ហង្សាវត្តីបានឈានមកដល់យុគមាស រីឯអវៈដែលជាសត្រូវក៏បានដល់នូវឱនភាពបន្តិចម្ដងៗ។ ចាប់ពីទសវត្សឆ្នាំ១៤២០ ដល់ទសវត្សឆ្នាំ១៥៣០ ហង្សាវត្តីប្រែក្លាយជានគរដ៏មានឥទ្ធិពលនិងរុងរឿងបំផុតក្នុងចំណោមនគរទាំងអស់ក្រោយសម័យបាកាន។ ស្ថិតនៅក្រោមស្រឡាយនៃក្សត្រដូចគេប្រទានមកជាពិសេស ពញារាមទី១ ឝិនស៊ពុ ធម្មចេតិ និងពញារាមទី២ នគរនេះបានសំបូរសប្បាយរីករាយរុងរឿងដោយសារតែយុគមាសដ៏យូរអង្វែង លូតលាស់រីកចំរើនឡើងព្រោះតែធ្វើពាណិជ្ជកម្មជាមួយពួកបរទេស។ ពួកឈ្មួញនៃនគរនេះបានធ្វើការដោះដូរជាមួយបណ្ដាពួកពាណិជ្ជករដែលឆ្លងកាត់មហាសមុទ្រឥណ្ឌា បំពេញនូវព្រះឃ្លាំងរបស់ព្រះមហាក្សត្រជាមួយមាស និងប្រាក់ សូត្រ និងគ្រឿងទេស និងរបស់របរផ្សេងៗទាំងឡាយដែលមានក្នុងការជួញដូរដើមសម័យទំនើប។ នគរនេះក៏បានប្រែក្លាយជាមជ្ឈមណ្ឌលពុទ្ធសាសនាថេរវាទដ៏ល្បីមួយផងដែរ។ ស្រុកនេះបានបង្កើតចំណងយ៉ាងរឹងមាំជាមួយស្រីលង្កា និងបានជំរុញឱ្យមានកំណែទំរង់ ដែលក្រោយមកបានរីកសុះសាយទូទាំងប្រទេសនេះ។

ទីបញ្ចប់នៃនគរដ៏មានឫទ្ធានុភាពនេះក៏បានមកដល់។ ចាប់ពីឆ្នាំ១៥៣៤ រហូតមក នគរនេះបានស្ថិតនៅក្រោមការវាយឆ្មក់ជានិច្ចកាលដោយរាជវង្សតោនងុពីភូមាភាគខាងលើ។ ព្រះបាទតកយុត្បិមិនបានត្រៀមធនធាននិងរេហ៍ពលឱ្យបានច្រើនប្រឆាំងតទល់នឹងតោនងុដែលជានគរតូចជាងដឹកនាំដោយព្រះបាទតាប៊ិនឝ៊្វេទី និង មេទ័ពរងព្រះអង្គ បាយិនណោង។ តោនងុបានចាប់យកបាគូ និង ដីសណ្ដឥរាវត្តីនៅឆ្នាំ១៥៣៨-៩ និងមុំហ៍នៅឆ្នាំ១៥៤១។ នគរនេះត្រូវបានរស់ឡើងវិញមួយរយៈពេលខ្លីនៅឆ្នាំ១៥៥០ បន្ទាប់ពីតាប៊ិនឝ៊្វេទីត្រូវបានគេធ្វើគត់។ ប៉ុន្តែ "នគរ" នេះមិនបានលាតសន្ធឹងចាកឆ្ងាយពីរង្វង់ទីក្រុងបាគូឡើយ។ បាយិនណោងភ្លាមៗបានបង្ក្រាបការបះបោនេះបាននៅ ខែមីនា ១៥៥២។

ទោះបីជាយ៉ាងណាក្ដី ព្រះមហាក្សត្រតោនងុទាំងឡាយអាចនឹងបានគ្រប់គ្រងភូមាក្រោមទាំងមូលបានយ៉ាងល្អរហូតដល់ពាក់កណ្ដាលសតវត្សទី១៨ យុគមាសនៃហង្សាវត្តីត្រូវបានចងចាំក្នុងសណ្ដានចិត្តរបស់ពួកមនដែលនៅភូមាភាគខាងក្រោមជានិច្ច។ នៅឆ្នាំ១៧៤០ ពួកគេក៏បានរើបំរះប្រឆាំងនឹងរាជវង្សតោនងុដ៏ទន់ខ្សោយក្នុងឱកាសឈរជើងឡើងវិញជាលើកចុងក្រោយ ហើយក៏បានបង្កើតជានគរហង្សាវត្តីស្ដារឡើងវិញម្ដងទៀត។

                                     

2. គន្ថនិទ្ទេសន៍

  • Harvey, G. E. 1925 History of Burma: From the Earliest Times to 10 March 1824 London: Frank Cass & Co. Ltd
  • Pan Hla, Nai 1968 Razadarit Ayedawbon Burmese 8th printing, 2004 ed. Yangon: Armanthit Sarpay CS1 maint: Unrecognized language link
  • Htin Aung, Maung 1967 A History of Burma New York and London: Cambridge University Press
  • Myint-U, Thant 2006 The River of Lost Footsteps - Histories of Burma Farrar, Straus and Giroux ISBN 978-0-374-16342-6

ទំព័រគំរូ:Burma Myanmar topics