ⓘ កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APC

                                     

ⓘ កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់APC

កតិកាសញ្ញាស្តីអំពីសិទ្ធិនៃអ៊ីនធឺណិតរបស់​ APC

អ៊ីនធឺណិតសម្រាប់យុត្តិធម៌សង្គម និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព Internet for Social Justice and Sustainable Development

                                     

1. អំពីកតិកាសញ្ញានេះ

កតិកាសញ្ញានេះត្រូវបានបង្កើតឡើងជាលើកដំបូង នាឆ្នាំ២០០១-២០០២ ដោយ​សមាជិក របស់​អង្គការ Association for Progressive Communications APC និងអង្គការដៃគូនានា​នៅ សិក្ខាសាលា​ស្តីអំពី "សិទ្ធិស្តីអំពីអ៊ីនធឺណិត" នៅអឺរុប អាស៊ី អាមេរិកឡាទីន និងអាហ្រ្វិក ។ ប្រធានបទ និងគោលការណ៍នានា ក្នុងកតិកាសញ្ញានេះ ផ្តល់នូវចំនុចសំខាន់ៗ នៃការយល់ឃើញ និង​គោលបំណង​របស់សហគមន៍យើងខ្ញុំ អំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងស្ថាប័ននានា ក្នុង​ការ​ប្រើប្រាស់​អ៊ីនធឺណិតដោយសេរី ជាពិសេសក្នុងការងាររបស់ពួកគាត់ ដើម្បីយុតិ្តធម៌ក្នុង​សង្គម សេដ្ឋកិច្ច និងបរិស្ថាន ។ យើងខ្ញុំសំដៅយ៉ាងជាក់លាក់ ទៅលើអ៊ីនធឺណិត ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គោលការណ៍ទាំងនេះ​ក៏ជាប់ពាក់ព័ន្ធផងដែរ ទៅគ្រប់ផ្នែកទាំងអស់ របស់បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា រួមមាន ទូរស័ព្ទ វិទ្យុ និងផ្សេងៗទៀត ។

                                     

2.1. ប្រធានបទទី១ ៖ ការចូលទៅកាន់អ៊ីនធឺណិត សំរាប់គ្រប់គ្នា ១.១. ផលប៉ះពាល់នៃការចូលទៅកាន់អ៊ីនធឺណិត ទៅលើការអភិវឌ្ឍន៍ និង​យុត្តិធម៌​សង្គម

អ៊ិនធឺណិតដែលអាចឲ្យគេមានលទ្ធភាពប្រើប្រាស់បាន មានល្បឿនលឿន និង​មាន​ភាព​ងាយ​ស្រួល​​ក្នុងការចូលទៅប្រើប្រាស់ អាចជួយធ្វើឱ្យសង្គមមានភាពកាន់តែស្មើគ្នាខ្លាំងឡើង ។ អ៊ិនធឺណិត​អាចជួយពង្រឹង​សេវាអប់រំ និងសុខភាព ពាណិជ្ជកម្មក្នុងស្រុក ការ​ចូល​រួម​ពី​សាធារណជន ការទទួលបានព័ត៌មាន អភិបាលកិច្ចល្អ និងការលុបបំបាត់ភាពក្រីក្រ ។ ប៉ុន្តែ​យើង​មិន​គួរសន្មតថា រាល់​ការ​ច្នៃប្រឌិតខាងផ្នែកបច្ចេកវិទ្យា ជានិច្ចកាល​គឺ​មាន​អត្ថប្រយោជន៍​ដោយ​ស្វ័យ​ប្រវត្តិ​នោះទេ ។ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល និងបណ្តាទីភ្នាក់ងារកំណត់បទបញ្ញត្តិនានា គួរ​យល់​ដឹង​អំពី​សក្តានុពល​របស់អ៊ីនធឺណិត ក្នុងការពង្រឹងលើភាពមិនស្មើគ្នា ដែល​មាន​ស្រាប់​នៅ​ក្នុង​សង្គម ។

                                     

2.2. ប្រធានបទទី១ ៖ ការចូលទៅកាន់អ៊ីនធឺណិត សំរាប់គ្រប់គ្នា ១.២. សិទ្ធិក្នុងការចូលទៅកាន់ហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត ទោះ​បី​អ្នក​រស់​នៅ​ទី​កន្លែង​ណាក៏ដោយ

អ៊ិនធឺណិត គឺជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈពិភពលោកមួយ ។ ហេដ្ឋារចនាសម្ព័ន្ធនេះ ត្រូវ​តែ​ផ្តល់ឲ្យបានទូលំទូលាយ និងផ្តល់នូវកំរិតបញ្ជូនគ្រប់គ្រាន់ ដែលនឹងអាចឲ្យប្រជាពលរដ្ឋ ទោះ​បី​ជា​នៅទីកន្លែងណាក៏ដោយ ក៏អាចប្រើប្រាស់សក្តានុពលនៃអ៊ិនធឺណិត ដើម្បីបញ្ចេញមតិយោបល់ ដើម្បីធ្វើឲ្យការរស់នៅមានភាពកាន់តែប្រសើរឡើង និងដើម្បីបង្ហាញអំពីការច្នៃប្រឌិតរបស់ខ្លួន ។ ប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់​ឆ្អឹងខ្នងនៃហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតជាតិ ដែល​ផ្តល់​ឲ្យ​ប្រើ​ប្រាស់​បាន​ទូលំទូលាយ ហើយដែលហេដ្ឋារចនាសម្ព័ន្ធនេះតភ្ជាប់ទៅកាន់បណ្តាញអន្តរជាតិ ។

                                     

3. ១.៣. សិទ្ធិនៃជំនាញ

ចំណេះដឹងនិងជំនាញ អាចធ្វើឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងកែច្នៃអ៊ីនធឺណិត ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីត្រូវការរបស់ខ្លួន ។ រដ្ឋាភិបាលនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ អង្គការ​អន្តរជាតិ​និង​សហគមន៍ និងវិស័យឯកជន ត្រូវគាំទ្រនិងជំរុញឲ្យមាន​ឱកាសបណ្តុះបណ្តាល វិធីសាស្រ្ត​និង​ធនធាន​​ដែលពាក់ព័ន្ធទៅនឹងការប្រើប្រាស់អ៊ីនធឺណិត ដោយតំលៃថោក ឬដោយឥតគិតថ្លៃ សំរាប់​ការ​អភិវឌ្ឍន៍សង្គម ។

មាត្រា ២៦ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

ការអប់រំត្រូវតែផ្ដោតទៅរកការរីកចម្រើនលូតលាស់យ៉ាងពេញលេញ នៃ​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស និងឆ្ពោះទៅរកការភាពពង្រឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននានា ។

                                     

4. ១.៤. សិទ្ធិ ក្នុងការចូលទៅកាន់ ផ្ទៃប្រទាក់ ខ្លឹមសារ និងកម្មវិធី ដែល​អាច​ប្រើ​ប្រាស់​បាន​ សំរាប់គ្រប់គ្នា "ការកសាងដើម្បីទាំងអស់គ្នា"

ផ្ទៃប្រទាក់ ខ្លឹមសារ និងកម្មវិធី ត្រូវរៀបចំឡើង ដើម្បីធានាឲ្យយកទៅប្រើប្រាស់បាន សំរាប់​គ្រប់​គ្នា រួមទាំង​ជនពិការខាងផ្នែករាងកាយ​វិញ្ញាណ ឬបញ្ញា ជនមិនចេះអក្សរ និង​ជន​និយាយ​ភាសា​ភាគ​តិច ។ គោលការណ៍នៃការកសាងដើម្បីទាំងអស់គ្នា និង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដែល​មាន​លក្ខណៈ​ជំនួយ គឺត្រូវជំរុញ និងគាំទ្រ ដើម្បីអនុញ្ញាតឲ្យជនពិការភាពនានា ទទួល​បាន​អត្ថ​ប្រយោជន៍​​ពេញលេញ និងក្នុងលក្ខណៈស្មើភាព ដូចជនដែលមិនពិការដែរ ។

                                     

5. ១.៥. សិទ្ធិស្មើគ្នា រវាងបុរសនិងស្ត្រីក្នុងការចូលទៅប្រើប្រាស់អ៊ិនធឹណិត

នៅកន្លែងជាច្រើន ស្ត្រីនិងបុរសមិនមានភាពស្មើគ្នា ដើម្បីរៀន កំនត់ ចូលទៅកាន់ ប្រើប្រាស់ និង​កែច្នៃអ៊ីនធឺណិតឡើយ ។ កិច្ចខិតខំប្រឹងប្រែង​ដើម្បីបង្កើនការចូលទៅកាន់អ៊ីនធឺណិត ត្រូវ​តែ​ទទួល​​ស្គាល់ និងកែតម្រូវវិសមភាពយេនឌ័រដែលមានស្រាប់ ។ ស្ត្រីត្រូវចូលរួមឲ្យបានពេញលេញ លើ​គ្រប់វិស័យទាំងអស់ ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍អ៊ីនធឺណិត ដើម្បី​ធានា​ឲ្យ​មាន​សមភាព​យេនឌ័រ ។                                     

6. ១.៦. សិទ្ធិមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត

អ្នករៀបចំគោលនយោបាយ និងអ្នកតាក់តែងច្បាប់ ត្រូវធានាថា ប្រជាពលរដ្ឋទាំងអស់​មាន​លទ្ធភាព​ប្រើប្រាស់អ៊ីនធឺណិត ។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងការកំណត់​បទ​បញ្ជា តំលៃ ពន្ធ និងតារាងតំលៃ គួរ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ប្រាក់​ចំណូល​ខុស​ៗគ្នា អាចប្រើប្រាស់អ៊ីនធឺណិតបាន ។

                                     

7. ១.៧. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតនៅកន្លែងធ្វើការ

ចំពោះមនុស្សភាគច្រើន កន្លែងធ្វើការគឺជាកន្លែងចំបង ឬជាកន្លែងតែមួយគត់ ក្នុង​ការ​ប្រើប្រាស់​អ៊ិនធឺណិត ។ និយោជិតនិងនិយោជក ត្រូវតែធ្វើឲ្យមាន ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​កន្លែង​ធ្វើការ ដោយរួមបញ្ចូលទាំងគោលបំណងនៃកម្មវិធីអប់រំរបស់និយោជិត និង​ការពារ​សិទ្ធិ​របស់​និយោជិត ។

                                     

8. ១.៨. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតនៅកន្លែងសាធារណៈ

មនុស្សជាច្រើន​នឹងមិនទទួលបានការប្រើប្រាស់កុំព្យូទ័រ ឬ​អ៊ីនធឺណិត​ជា​លក្ខណៈ​ឯកជន​ឡើយ។ ដូចនេះទីកន្លែងសាធារណៈដូចជា ៖ មជ្ឈមណ្ឌលទូរគមនាគមន៍ បណ្ណាល័យ មជ្ឈមណ្ឌល​សហគមន៍ គ្លីនិក និងសាលារៀន ត្រូវតែមាន​​ដែលទីតាំងទាំងនេះ គឺជាកន្លែងងាយស្រួល នៅ​ជិត​ផ្ទះ ឬកន្លែងធ្វើការ ដែលជនគ្រប់រូបអាចចូលទៅប្រើប្រាស់បាន ។ នេះក៏ជាប្រការសំខាន់​ចំពោះ​យុវជន​នៅបណ្តាប្រទេសនានា ដែលការប្រើប្រាស់អ៊ីនធឺណិត មិន​ទាន់​អាច​មាន​ពេល​លេញ​នៅ​ឡើយ ឬមានតំលៃថ្លៃ ។

                                     

9. ១.៩. សិទ្ធិក្នុងការទទួលនិងបង្កើតខ្លឹមសារ ដែលមានលក្ខណៈចំរុះ ខាងផ្នែកវប្បធម៌ និង​ភាសា

តំបន់បណ្តាញ​ឧបករណ៍លើបណ្តាញ និងកម្មវិធីកុំព្យូទ័រ ត្រូវបានប្រើប្រាស់យ៉ាងលើសលប់ ជា​អក្សរ​ឡាតាំង ។ ប្រការនេះ ជះឥទ្ធិពលទៅលើការអភិវឌ្ឍន៍ខ្លឹមសារក្នុងតំបន់ ដែល​មិន​ប្រើប្រាស់​អក្សរ​ឡាតាំង និងរារាំងលទ្ធភាព ក្នុងការផ្លាស់ប្តូរខ្លឹមសារដែលមានលក្ខណៈអន្តរវប្បធម៌ ។ ការ​អភិវឌ្ឍន៍​ផ្នែកបច្ចេកវិទ្យា ត្រូវតែលើកទឹកចិត្តឲ្យមាន​ភាសាផ្សេងៗនៅលើអ៊ីនធឺណិត និង​ធ្វើ​ឲ្យ​មាន​ភាព​សាមញ្ញ ដល់ការផ្លាស់ប្តូរព័ត៌មាន ឆ្លងកាត់បញ្ហាផ្សេងៗ នៃភាសាដែលខុសៗគ្នា ។

                                     

10. ប្រធានបទទី២ ៖ សេរីភាពក្នុងការការបញ្ចេញមតិ និងសមាគម

២.១. សិទ្ធិក្នុងការបញ្ចេញមតិដោយសេរី

សេរីភាពក្នុងការបញ្ចេញមតិ​គួរត្រូវបានការពារ​ពីការរំលោភបំពាន ពីសំណាក់រដ្ឋាភិបាល និងភ្នាក់ងារមិនមែនរដ្ឋាភិបាលផ្សេងៗទៀត ។ អ៊ីនធឺណិតគឺជាមធ្យោបាយមួយ សំរាប់ការផ្លាស់ប្តូរ មតិ​យោបល់ និងព័ត៌មានដែលឆ្លងកាត់ព្រំដែននានា ជាលក្ខណៈសាធារណៈ និងឯកជន ។ ជន​គ្រប់​រូប ត្រូវតែអាចបញ្ចេញមតិយោបល់ និងគំនិត និងការចែករំលែកព័ត៌មានដោយសេរី នៅ​ពេល​ប្រើប្រាស់​អ៊ីនធឺណិត ។

មាត្រា ១៨ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

មនុស្សគ្រប់រូប មានសិទ្ធិនិងមានសេរីភាពខាងផ្លូវគំនិត ខាងផ្លូវសតិសម្បជញ្ញៈ​និង​ខាង​ផ្លូវ​សាសនា

មាត្រា ១៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពមានមតិ និងសេរីភាពក្នុងការសម្ដែងមតិ ។ សិទ្ធិ​នេះ​រាប់​ទាំង​សេរីភាព​ក្នុងការប្រកាន់មតិ និងការសម្ដែងមតិ ដោយគ្មានការជ្រៀតជ្រែក ព្រម​ទាំង​សេរីភាព​ក្នុង​ការ​ស្វែង​រក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា តាម​រយៈ​ប្រព័ន្ធ​ឃោសនា​ណា​មួយ​ក៏​ដោយ និងដោយឥតគិតពីព្រំដែនអ្វីឡើយ ។

                                     

11. ២.៣. សិទ្ធិក្នុងការចូលរួមតវ៉ាតាមរយៈអ៊ីនធឺណិត

បណ្តាអង្គការ សហគមន៍ និងបុគ្គលគ្រប់រូប គួរមានសេរីភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត ដើម្បី​​រៀបចំ និងចូលរួមក្នុងការតវ៉ា ។

មាត្រា ២០ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការប្រជុំ ឬ​ការរួមគ្នាជាសមាគមន៍ ដោយសន្តិវិធី ។                                     

12. ប្រធានបទទី៣ ៖ ការចូលទៅកាន់ចំណេះដឹង

មាត្រា ២៧ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

មនុស្សគ្រប់រូប មានសិទ្ធិចូលរួមចំណែកដោយសេរី ក្នុងជីវភាពវប្បធម៌របស់សហគមន៍ មាន​សិទ្ធិ​ក្រេបរសជាតិនៃសិល្បកម្មទាំងឡាយ និងមានសិទ្ធិរួមចំណែកក្នុងវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និង​គុណ​ប្រយោជន៍ផ្សេងៗ ដែលជាលទ្ធផលចេញពីវឌ្ឍនភាពនេះ ។

                                     

13. ៣.១. សិទ្ធិក្នុងការទទួលចំណេះដឹង

ការទទួលបានចំណេះដឹង ដែលចែករំលែកបានទូលំទូលាយ និង​ចំណេះដឹង​បរិបូរណ៍​ដែល​អាច​ប្រើប្រាស់បានដោយជនគ្រប់រូប កំនត់​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ប្រកប​ដោយ​និរន្តរភាព ។ ដោយសារអ៊ីនធឺណិតធ្វើឲ្យមានការចែករំលែកចំណេះដឹង និង​ការ​បង្កើត​ចំណេះដឹង​ដែល​រួម​សហការគ្នា ក្នុងលក្ខណៈមួយដែលមិនធ្លាប់មានពីមុនមក ដូចនេះ​អ៊ីនធឺណិត​គួរ​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍន៍សហគមន៍ ។

                                     

14. ៣.២. សិទ្ធិនៃសេរីភាពព័ត៌មាន

រដ្ឋាភិបាលថ្នាក់ជាតិនិងមូលដ្ឋាន​ និង​អង្គការ​អន្តរជាតិ​ដែល​ទទួល​ជំនួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សាធារណៈ ត្រូវធានាឲ្យមានតម្លាភាព និងគណនេយ្យភាព ដោយ​ដាក់​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ព័ត៌មាន​ពាក់ព័ន្ធ ដែលខ្លួនបង្កើតនិងគ្រប់គ្រង ។ រដ្ឋាភិបាល និងអង្គការអន្តរជាតិ គួរធានាថា ព័ត៌មាន​ទាំងនេះ​ត្រូវផ្សព្វផ្សាយលើអ៊ីនធឺណិត ដោយប្រើប្រាស់​ទំរង់​ដែល​អាច​បើក​មើល​បាន​ និង​មាន​លក្ខណៈ​បើកទូលាយ និងទទួលយកបានសំរាប់អ្នកប្រើប្រាស់កុំព្យូទ័រចាស់ៗ និង​ការ​តភ្ជាប់​អ៊ីនធឺណិត​ដែលមានល្បឿនយឺត ។

                                     

15. ៣.៣. សិទ្ធិក្នុងការទទួលព័ត៌មានដែលគាំទ្រដោយហិរញ្ញវត្ថុសាធារណៈ

រាល់ព័ត៌មាន រួមទាំងការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងសង្គម ដែល​ផលិត​ក្រោម​ការ​គាំទ្រ​ពី​ជំនួយ​សាធារណៈ គួរតែដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃ សំរាប់គ្រប់គ្នា ។

                                     

16. ប្រធានបទទី៤ ៖ ចែករំលែកបទពិសោធន៍ និងការបង្កើត​កម្មវិធី​ប្រភព​កូដ​បើក​ចំហ​​ និងឥតគិតថ្លៃ និងការអភិវឌ្ឍន៍បច្ចេកវិទ្យា

មាត្រា ២៧ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស

មនុស្សគ្រប់រូប មានសិទ្ធិចូលរួមចំណែកដោយសេរី ក្នុងជីវភាពវប្បធម៌របស់សហគមន៍ មាន​សិទ្ធិ​ក្រេបរសជាតិនៃសិល្បកម្មទាំងឡាយ និងមានសិទ្ធិរួមចំណែកក្នុងវឌ្ឍនភាពនៃវិទ្យាសាស្ត្រ និង​គុណប្រយោជន៍ផ្សេងៗ ដែលជាលទ្ធផលចេញពីវឌ្ឍនភាពនេះ។

                                     

17. ៤.១. សិទ្ធិក្នុងការចែករំលែក

អ៊ីនធឺណិតផ្តល់នូវឱកាសពិសេស សំរាប់ចែករំលែកព័ត៌មាន និងចំណេះដឹង និង​ទំរង់​ថ្មីៗ​ក្នុង​ការ​បង្កើត​ខ្លឹមសារ ឧបករណ៍ និងកម្មវិធី ។ អ្នកផ្តល់ឧបករណ៍ សេវាអ៊ីនធឺណិត និងខ្លឹមសារ មិន​គួរ​បង្អាក់​ប្រជាពលរដ្ឋ ពីការប្រើប្រាស់អ៊ីនធឺណិត ដើម្បីចែករំលែកបទពិសោធន៍ និង​ការ​បង្កើត​ខ្លឹមសារ​ឡើយ ។ កិច្ចការពារដល់ផលប្រយោជន៍របស់អ្នកបង្កើត ត្រូវធ្វើឡើងក្នុងលក្ខណៈមួយស្រប​ទៅ​តាម​ការ​ចូលរួម​ដោយសេរី និងបើកទូលាយ ក្នុងលំហូរនៃចំណេះដឹងខាងផ្នែកវប្បធម៌ និង​ផ្នែក​វិទ្យាសាស្រ្ត ។

                                     

18. ៤.២. សិទ្ធិក្នុងការប្រើប្រាស់កម្មវិធីប្រភពកូដបើកចំហ និងឥតគិតថ្លៃ FOSS

យើងខ្ញុំគាំទ្រការប្រើប្រាស់​កម្មវិធីប្រភពកូដបើកចំហ និងឥតគិតថ្លៃ ។ ការប្រើប្រាស់​កម្មវិធី​ប្រភព​កូដ​បើកចំហ និងឥតគិតថ្លៃ គឺផ្តល់នូវអំណាច កសាងជំនាញ និងធ្វើឲ្យមាននិរន្តរភាពជាង និង​ជំរុញលើកទឹកចិត្តដល់ការច្នៃប្រឌិតក្នុងប្រទេស ។ យើងខ្ញុំលើកទឹកចិត្តដល់រដ្ឋាភិបាល ក្នុង​ការ​បង្កើត​គោលនយោបាយនានា ដែលជំរុញដល់ការប្រើប្រាស់កម្មវិធីប្រភពកូដបើកចំហ និង​ឥត​គិត​ថ្លៃ ជាពិសេសនៅក្នុងវិស័យសាធារណៈ ។

                                     

19. ៤.៣. សិទ្ធិនៃស្តង់ដាបច្ចេកវិទ្យាដែលបើកទូលាយនានា

ស្តង់ដានានារបស់បច្ចេកវិទ្យា ដែលប្រើប្រាស់នៅលើអ៊ីនធឺណិត ត្រូវ​តែ​បើក​ទូលាយ​ជានិច្ច​ជាកាល ដើម្បីអោយមានប្រតិបតិ្តការគ្នាទៅវិញទៅមក និងមានការច្នៃប្រឌិត ។ ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ថ្មីៗ ត្រូវឆ្លើយតបទៅនឹងសេចក្តីត្រូវការ​នៃគ្រប់ផ្នែកទាំងអស់នៅក្នុងសង្គម ជាពិសេស​អ្នក​ប្រឈម​នឹងកត្តាកំរិតផ្សេងៗ និងឧបសគ្គនានា នៅពេលពួកគាត់ប្រើអ៊ីនធឺណិត ដូចជា សហគមន៍​ដែល​មិនប្រើអក្សរឡាតាំង ឬជនពិការភាពនានា ឬកុំព្យូរទ័រចាស់ៗ ឬ មិន​អាច​ទទួល​បាន​ការ​ប្រើប្រាស់អ៊ីនធឺណិតដែលមានល្បឿនលឿន ។

                                     

20. ៤.៤. សិទ្ធិក្នុងការទទួលបានអត្ថប្រយោជន៍ ពីចំនុចប្រសព្វនិងខ្លឹមសារពហុព័ត៌មាន

អ៊ីនធឺណិត គឺជាប្រព័ន្ធពហុព័ត៌មានមួយ ។ ការចូលទៅប្រើប្រាស់ និងបទបញ្ជា​ ត្រូវ​ធ្វើ​ឡើង​ដោយ​ផ្អែកទៅលើសក្តានុពលរបស់វា ដែលអាចយកទៅប្រើប្រាស់ ដើម្បីធ្វើឲ្យមានភាពផ្សេងៗគ្នា ក្នុង​ការ​បង្កើត និងភាពជាកម្មសិទ្ធ នៃខ្លឹមសារលើអ៊ីនធឺណិត​ក្នុងទំរង់ផេ្សងៗ ជាច្រើន ឧទាហរណ៍​ដូចជា វិទ្យុ និងទូរទស្សន៍ ដែលជាកម្មសិទ្ធ និងប្រតិបត្តិ​ដោយសហគមន៍ ។

                                     

21.1. ប្រធានបទទី៥ ៖ ភាពឯកជន ការឃ្លាំមើល និងការបំលែងខ្លឹមសារទៅជាកូដ ៥.១. សិទ្ធិក្នុងការទទួលបានការការពារទិន្នន័យ

ស្ថាប័នសាធារណៈ ឬឯកជន ដែលត្រូវការព័ត៌មានផ្ទាល់ខ្លួន​របស់បុគ្គលនានា ត្រូវ​តែ​ប្រមូល​ត្រឹម​តែ​ទិន្ន័យ​ចាំបាច់អប្បបរមា និងសំរាប់រយៈពេលខ្លីបំផុតដែលត្រូវការ ។ ស្ថាប័នសាធារណៈ ឬ​ឯកជន​ទាំងនោះ ត្រូវជ្រើសត្រឹមតែទិន្នន័យ សំរាប់​គោល​បំណង​ដែល​បាន​បញ្ជាក់​មុន​ ក្នុង​លក្ខណៈ​តិច​បំផុត ។ ការប្រមូល ការប្រើប្រាស់ ការបញ្ចេញ និងការរក្សាទុកព័ត៌មាននេះ ត្រូវ​គោរព​ទៅ​តាម គោល​នយោបាយ​ឯកជនភាពមួយ ក្នុងលក្ខណៈតម្លាភាព ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋដឹង​អំពី​ព័ត៌មាន​អ្វី​ដែលត្រូវបានប្រមូលអំពីខ្លួន និងកែតំរូវព័ត៌មានដែលមិនពិត ។ ទិន្ន័យដែលប្រមូលបាន ត្រូវ​ការពារ​ពីការបង្ហាញដែលមិនមានការអនុញ្ញាតិ និងកំហុសផ្នែកសុវត្ថិភាពនានា គួរ​ត្រូវ​កែ​តំរូវ​ដោយ​មិនពន្យារ​ពេល ។ ទិន្នន័យត្រូវតែលុបចោល នៅពេលដែលវាលែងមានការចាំបាច់​ទៅ​នឹង​គោល​បំណង​ដែលប្រមូលទិន្ន័យ ។ សាធារណៈជន ត្រូវតែទទួលបានការប្រាប់ឲ្យដឹងជាមុន អំពី​លទ្ធភាព​​ដែលអាច​មាន​ការប្រើប្រាស់មិនត្រឹមត្រូវ​នូវទិន្នន័យដែលបានផ្តល់ឲ្យ ។ ស្ថាប័ននានា​មាន​ភារកិច្ច​ទទួលខុសត្រូវ ក្នុងការផ្តល់ដំណឹងដល់ប្រជាពលរដ្ឋ នៅពេលដែលព័ត៌មាន​ត្រូវ​បាន​ប្រើប្រាស់​​ខុស ត្រូវបានបាត់បង់ ឬត្រូវបានលួច ។                                     

22. មាត្រា ១២ នៃសិទ្ធិមនុស្សជាសកល

គ្មានបុគ្គលណាម្នាក់ ត្រូវទទួលរងនូវការជ្រៀតជ្រែកតាមអំពើចិត្ត ក្នុងកិច្ចការសម្ងាត់ផ្ទាល់ខ្លួន ក្នុងគ្រួសារ លំនៅស្ថាន ឬការឆ្លើយឆ្លង​ ឬ​វាយ​ប្រហារ​ទៅ​លើ​កិត្តិយស​ និង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​បាន​ឡើយ ។

                                     

23. ៥.៣. សិទ្ធិក្នុងការប្រើប្រាស់ ការបំលែងខ្លឹមសារទៅជាកូដ

ការប្រាស្រ័យទាក់ទងរបស់ប្រជាពលរដ្ឋ តាមអ៊ីនធឺណិត ត្រូវមានសិទ្ធិប្រើប្រាស់ឧបករណ៍ ដែល​បំលែង​ខ្លឹមសារ នៃសារនានា​ ឲ្យទៅជាកូដ ដើម្បីធានាការប្រាស្រ័យទាក់ទងប្រកប​ដោយ​សុវត្ថិភាព ឯកជនភាព និងអនាមិក ។

                                     

24. ៦.១. សិទ្ធិក្នុងការត្រួតពិនិត្យ ក្នុងលក្ខណៈប្រជាធិបតេយ្យពហុភាគី​នៃអ៊ីនធឺណិត

ការគ្រប់គ្រងអ៊ីនធឺណិត​គួរប្រកបដោយលក្ខណៈពហុភាគី និងប្រជាធិបតេយ្យ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ពេញលេញពី​រដ្ឋាភិបាល វិស័យឯកជន អង្គការសង្គមស៊ីវិល និងអង្គការអន្តរជាតិ​នានា។ មិនមានរដ្ឋាភិបាលឯកត្តោភាគីណាមួយ គួរមានតួនាទីលើសពីគេ ទាក់​ទង​ទៅ​នឹង​ការ​គ្រប់​គ្រង​អ៊ីនធឺណិត​ជា​លក្ខណៈអន្តរជាតិឡើយ ។

                                     

25. ៦.២. សិទ្ធិក្នុងការទទួលបានតម្លាភាព និងការប្រើប្រាស់អ៊ីនធឺណិត

រាល់ដំណើរការធ្វើសេចក្តីសំរេចចិត្ត ដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រង​និង​ការ​អភិវឌ្ឍន៍​នៃ​អ៊ីនធឺណិត គួរបើកទូលាយ និងចូលទៅកាន់បាន នៅថ្នាក់ពិភពលោក ថ្នាក់តំបន់ និងថ្នាក់ជាតិ ។                                     

26. ៦.៣. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិត​ប្រកបដោយលក្ខណៈវិមជ្ឈិការ សហ​ប្រតិបត្តិការ និងអន្តរប្រតិបត្តិការ

ការអភិវឌ្ឈន៍បច្ចេកវិទ្យា និងការគ្រប់គ្រងធនធានចំបងនៃអ៊ីនធឺណិត ត្រូវធ្វើក្នុងលក្ខណៈ វិមជ្ឈការ និង​សហប្រតិបត្តិការ និងជួយធានាថា បណ្តាញអ៊ីនធឺណិត​គឺមានលក្ខណៈ អន្តរ​ប្រតិបត្តិការ ដំណើរការ​ស្ថេរភាព សុវត្ថិភាព គុណប្រយោជន៍ និងមានការវិវត្តន៍ ក្នុង​ប្រតិបត្តិការ​រយៈ​ពេល​យូរ ។

                                     

27. ៦.៤. សិទ្ធិនៃស្ថាបត្យកម្មប្រកបដោយលក្ខណៈបើកទូលាយ

អ៊ីនធឺណិត គឺជាបណ្តាញមួយនៃបណ្តាញនានា​ ដែល​បង្កើត​ឡើង​ដោយ​បណ្តាញ​ជា​ច្រើន​ត​ភ្ជាប់​គ្នា​ទៅវិញទៅមក ផ្អែកលើគោលគំនិតដែលបង្កប់គន្លឹះបច្ចេកវិទ្យា នៃ​បណ្តាញ​ស្ថាបត្យកម្ម​ប្រកប​ដោយលក្ខណៈបើកទូលាយ ដែលនៅក្នុងនោះ ប្រភេទណាក៏ដោយនៃបណ្តាញ នៅ​ទីណា​ក៏​ដោយ ក៏អាចដាក់បញ្ចូល និងដាក់ឲ្យមានជាសាធារណៈ ។ ស្ថាបត្យកម្ម​ប្រកប​ដោយ​លក្ខណៈ​បើក​ទូលាយ ត្រូវតែទទួលបានការការពារ ។

                                     

28. ៦.៥. សិទ្ធិនៃស្តង់ដាប្រកបដោយលក្ខណៈបើកទូលាយ

ប្រូតូកូលភាគច្រើន នៅផ្នែកស្នូលរបស់អ៊ីនធឺណិត គឺ​ជា​ប្រូតូកូល​ដែល​ផ្អែក​លើ​ស្តង់ដា​ប្រកប​ដោយ​លក្ខណៈ​បើកទូលាយនានា ដែលជាគុណប្រយោជន៍ ដែលអាចជឿជាក់បាន និង​បើក​ទូលាយ​ដល់​ការ​អនុវត្តក្នុងកំរិតពិភពលោក ដោយមានកំរិតបន្តិចបន្តួច ឬដោយមិនមានកំរិតអាជ្ញាប័ណ្ណ ។ លក្ខណៈ​សម្បតិ្តនៃប្រូតូកូល ត្រូវតែធ្វើឲ្យមាន និងដោយឥតគិតថ្លៃ ដល់ជនគ្រប់រូប ដែល​ថ្លឹង​ថ្លែង​ការ​កាត់​បន្ថយកត្តារារាំងផ្សេងៗ ក្នុងការចូលទៅប្រើប្រាស់ និងក្នុងការធ្វើឲ្យមានអន្តរប្រតិបត្តិការ ។

                                     

29. ៦.៦. សិទ្ធិនៃអព្យាក្រិតភាពអ៊ីនធឺណិត និងគោលការណ៍ពីដើមរហូតដល់ចប់

អព្យាក្រិតភាពនៃអ៊ីនធឺណិត ដែលផ្តោតសំខាន់ទៅលើការបញ្ជូនកញ្ចប់ទិន្នន័យ ប្រកប​ដោយ​ប្រសិទ្ធិភាព ធ្វើឲ្យមានភាពប៉ិនប្រសព្វ ស្ថិតនៅភាគច្រើនក្នុងកុំព្យូទ័រ កម្មវិធីកុំព្យូទ័រ ម៉ាស៊ីនបម្រើ ឧបករណ៍​ដែល​បន្លាស់ទី និងឧបករណ៍ផ្សេងៗទៀត នៅឯបណ្តាញនៃចុងម្ខាងៗ ។ លក្ខណៈ​បែប​នេះ គឺ​ធ្វើឲ្យមានការអភិវឌ្ឍន៍ក្នុងកំរិតទូលាយ នៃសកម្មភាពថ្មីៗរបស់អ៊ីនធឺណិត ឧស្សាហកម្ម​និង​សេវាកម្ម​នា​ចុងម្ខាងៗ និងប្រែក្លាយអ៊ីនធឺណិតជាឧបករណ៍សំខាន់ នៅក្នុងវិស័យធំទូលាយ ខាង​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចនិងសង្គម ។ ប្រជាពលរដ្ឋប្រើប្រាស់អ៊ីនធឺណិតកាន់តែច្រើន អ៊ីនធឺណិត​កាន់​តែ​មាន​គុណតម្លៃ ជាមធ្យោបាយសំរាប់បន្លាស់ប្តូរព័ត៌មាន និងការប្រាស្រ័យទាក់ទង ។ គោលការណ៍​ពីដើមរហូតដល់ចប់ និងអព្យាក្រិតភាពអ៊ីនធឺណិត ត្រូវទទួលបានការការពារ​ ពី​ការ​ប៉ុន​ប៉ង​ទាំង​ឡាយ​ណា ដើម្បីបង្កើតអ៊ីនធឺណិតដែលមានថ្នាក់ពីរ និង​ការ​ត្រួត​ពិនិត្យ​តាម​រយៈ​ថ្នាក់​កណ្តាល​មួយ ។

                                     

30. ៦.៧. សិទ្ធិក្នុងការប្រើប្រាស់អ៊ីនធឺណិតជាលក្ខណៈទាំងមូល

លក្ខណៈសំខាន់នៃអន្តរប្រតិបត្តិការ គឺជាផ្នែកមួយនៃគុណតម្លៃរបស់អ៊ីនធឺណិត ដែល​ជា​ប្រព័ន្ធ​​សាធារណៈ​ពិភពលោកមួយ និងមិនគួរត្រូវបែងចែកជាផ្នែកៗ ដោយសារការគំរាម បង្កើត​អ៊ីនត្រាណិត​ជាលក្ខណៈ​ជាតិ ការប្រើប្រាស់តម្រងខ្លឹមសារ ការឃ្លាំមើលដោយមិនសមហេតុផល ការ​ជ្រៀត​ជ្រែកនៃឯកជនភាព និងរាំងស្កាត់ទៅលើសេរីភាពក្នុងការ​បញ្ចេញមតិឡើយ ។

                                     

31. ប្រធានបទទី៧ ៖ ការយល់ដឹង កិច្ចការពារ និងការដឹងអំពីសិទ្ធិនានា

៧.១. សិទ្ធិនៃសិទ្ធិទទួលបាននូវកិច្ចការពារ ការយល់ដឹង និងការអប់រំ

សិទ្ធិនានារបស់ប្រជាពលរដ្ឋ ក្នុងនាមជាអ្នកប្រើប្រាស់អ៊ីនធឺណិត ត្រូវតែទទួលបានការការពារ ពី​សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ច្បាប់ និងការអនុវត្តគោលនយោបាយ ។ អង្គភាព​គ្រប់គ្រង​ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោកនានា ត្រូវធ្វើឲ្យមាន ដោយឥតគិតថ្លៃ នូវ​ព័ត៌មាន​អំពី​​សិទ្ធិ និងនីតិផ្សេងៗ ដែលពាក់ព័ន្ធនឹងអ៊ីនធឺណិត ។ ការនេះជាប់ទាក់ទងជាមួយ ការ​អប់រំ​សាធារណៈ​ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ អំពីសិទ្ធិរបស់ខ្លួន នៅពេលប្រើប្រាស់អ៊ីនធឺណិត ព្រម​ទាំង​យន្តការនានាក្នុងការដោះស្រាយ លើការរំលោភសិទ្ធិទាំងនោះ ។

                                     

32. ៧.២. សិទ្ធិក្នុងការកែតម្រូវ នៅពេលមានការរំលោភលើសិទ្ធិ

ប្រជាពលរដ្ឋ ត្រូវការ​នូវភាពទទួលបានជាសាធារណៈ ដោយឥតគិតថ្លៃ នូវ​យន្តការ​ប្រកប​ដោយ​ប្រសិទ្ធិភាព និងគណនេយ្យភាព សំរាប់ដោះស្រាយការរំលោភសិទ្ធិ ។ នៅពេលសិទ្ធិមនុស្ស និង​សិទ្ធិស្តីអំពីអ៊ីនធឺណិត ត្រូវបានគំរាមកំហែង ដោយសារខ្លឹមសារនៅលើអ៊ីនធឺណិត ឬ​ដោយ​សារ​ការ​ឃ្លាំ​មើល​ដែលមិនស្របច្បាប់ ការកំរិតលើសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិផ្សេងទៀតនោះ ភាគី​នានាគួរអាចទទួលបាននូវយន្តការការពារនិងកែតម្រូវ ដើម្បី​ចាត់វិធានការ​ប្រឆាំង​ទៅ​នឹង​ការ​រំលោភ​ទាំង​នោះ ។

អ៊ីនធឺណិត អាចក្លាយទៅជាឧបករណ៍តែមួយគត់ ដើម្បី​ផ្តល់​អំណាច​ដល់​មនុស្ស​គ្រប់​រូប​នៅ​ទូទាំង​ពិភពលោក ប្រសិនបើសិទ្ធិទាំងឡាយដែលមានចែងក្នុងកតិកាសញ្ញានេះ ត្រូវ​បាន​ទទួល​ស្គាល់ ការពារ និងគោរព ។

កតិកាសញ្ញានេះ ត្រូវបានបោះពុម្ពផ្សាយជាភាសាអង់គ្លេស ដោយ​ Association for Progressive Communications APC នាខែវិច្ឆិកា ឆ្នាំ ២០០៦ ។

ប្រែសំរួល និងបោះពុម្ពផ្សាយជាភាសាខ្មែរ ក្រោមការគាំទ្រពី Association for Progressive Communications APC ដោយអង្គការវិទ្យាស្ថានបើកទូលាយ នាខែតុលា ឆ្នាំ២០០៧ ។