ⓘ បញ្ញាសជាតក

                                     

ⓘ បញ្ញាសជាតក

រឿង​និទាន​ទាំងឡាយ​នៅ​ក្នុង​បញ្ញាសជាតក ក៏​ដូច​ជា​រឿង​និទាន​នៅ​ក្នុង​​​ទសជាតក និង រឿង​និទាន​នៅ​ក្នុង​ជាតក​ផ្សេង​ៗ​ទៀត​ដែរ ​អ្នក​និពន្ធ​បាន​ប្រើ​សិល្ប៍វិធី​ផ្សេងៗ​ដើម្បី​​បញ្ជ្រាប​ក្រម​សីលធម៌​​​ផ្សេងៗ​​​ទៅ​ដល់​ស្រទាប់​មហាជន ។ ​គោលបំណង​របស់​ពួក​គេ​គឺ​ធ្វើ​​​ឲ្យ​មនុស្ស​​មាន​បញ្ញា ចេះ​ប្រើ​គតិបណ្ឌិត​ដើម្បី​​រស់​នៅ​ចុះ​សម្រុង​គ្នា ចេះ​ស្រឡាញ់​គ្នា លុប​បំបាត់​ការ​រើសអើង​​និង​អយុត្តិធម៌​ក្នុង​សង្គម និង ចេះ​ជួយ​គ្នា​ក្នុង​គ្រា​អាសន្ន ដោយ​​ចែក​រំលែក​​អាហារ​ ឬ ទ្រព្យ​សម្បត្តិ​​​ជាមួយ​មនុស្ស​​ក្រខ្សត់ ។ អ្នក​​និពន្ធ​​​រឿង​ទាំង​អស់​ក្នុង​ជាតក រួម​ទាំង​បញ្ញាសជាតក​ផង​ដែរ មាន​ភាព​ប៉ិន​ប្រសប់​ខ្ពស់​ក្នុង​ការ​រៀបចំ​គំនិត​ល្អ​​សម្រាប់​ឲ្យ​អ្នក​ស្តាប់ អ្នក​អាន ងាយ​ទទួល​យក និង បន្ត​ផ្សព្វ​ផ្សាយ​គំនិត​ទាំង​នោះ​ទៅ​ជំនាន់​ក្រោយ​ ។ សម្បក​វេច​ខ្ចប់​ដែល​អ្នក​និពន្ធសម័យ​បុរាណ​ប្រើ​ដើម្បី​បញ្ជូន​គំនិត​ខាង​ក្រម​សីលធម៌​ទៅ​ដល់​មហាជន គឺ​ពាក្យ​ថា "ពោធិសត្វ" ។

ពាក្យ​ថា​​ "ពោធិសត្វ" នេះ​មាន​អត្ថន័យ​យ៉ាង​ស៊ីជម្រៅ​នៅ​ក្នុង​ទស្សនវិជ្ជា​នៃ​ពុទ្ធសាសនា​មហាយាន​នៅ​​នេប៉ាល់ ទីបេ ចិន តៃវ៉ាន់ ជប៉ុន កូរ៉េ ម៉ុងហ្គោល និង​វៀតណាម ។ ពុទ្ធបរិស័ទ​និកាយ​មហាយាន ជាពិសេស​អ្នក​បួស ​មាន​ជំនឿថា មនុស្ស​ម្នាក់​ៗ​អាច​សម្រេច​ភាពជាព្រះពុទ្ធ ពុទ្ធភាព សម្រាប់​ខ្លួន​គេ​បាន​យ៉ាង​ងាយ ។ ក៏​ប៉ុន្តែ​ ការ​សម្រេច​ភាព​ជា​ពោធិសត្វ​ ដើម្បី​ជួយ​ស្រោចស្រង់​គ្រប់​សត្វ​ឲ្យ​ទៅ​ដល់​ស្ថាន​សុខាវតី ដែល​ជា​​ទី​សុខ​ដ៏​អស្ចារ្យ​តាម​សេចក្តី​ជំនឿ​របស់​ពុទ្ធសានិកជន​និកាយ​មហាយាន​នោះ​ គឺ​ជា​រឿង​ដ៏​លំបាក​ដែល​ពួក​គេ​ខិត​ខំ​ព្យាយាម​ធ្វើ​មិន​ឈប់ឈរ ។​ អ្នក​បួស​ត្រូវ​ស្បថ​ថា នឹង​មិន​ចូល​ទៅ​ស្ថាន​សុខាវតី​ចោល​​មនុស្ស​សត្វ​ទេ ។ ពួក​គេ​ត្រូវ​​បន្ត​កើត​នៅ​លើ​ផែនដី​ដើម្បី​ជួយ​ស្រង់​មនុស្ស​សត្វ​ទាំង​នោះ​ទៅ​ឲ្យ​អស់​​សិន រួច​សឹម​ខ្លួន​គេ​នឹង​ចូល​ទៅ​តាម​ក្រោយ ។

ចំណែក​ទស្សនវិជ្ជា​ពុទ្ធសាសនា​និកាយ​ថេរវាទ​វិញ ពាក្យ​ "ពោធិសត្វ"​ មាន​អត្ថន័យ​ត្រឹម​តែ​ ជា​តួអង្គ​សត្វ ឬ មនុស្ស​ដែល​ព្រះសមណគោតម ព្រះពុទ្ធ​​ ធ្លាប់​យោនយក​កំណើត​ដើម្បី​កសាង​បំពេញ​បារមី​ លក្ខណៈ​សម្បត្តិ​ល្អ​ឥតខ្ចោះ ដើម្បី​ត្រៀម​ខ្លួន​មក​ដល់​ជាតិ​កំណើត​ដែល​ព្រះ​អង្គ​​​បាន​ត្រាស់ដឹង​ជា​ព្រះ​ពុទ្ធ ។ ឧទាហរណ៍ នៅ​ក្នុង​ជាតិ​ជា​ព្រះ​បាទ​វេស្សន្តរ ព្រះអង្គ​ត្រូវ​ចំណាយ​​ទ្រព្យ​នគរ ទ្រព្យ​ខ្លួន​ឯង ភរិយា​និង​កូន​ទាំងពីរ ដើម្បី​បំពេញ​ទានបារមី ។ គោល​គំនិត​នៅ​ក្នុង​រឿង​ព្រះ​វេស្សន្តរ​បាន​នាំ​មក​ទាំង​មតិ​រិះគន់ និង មតិ​ស្ងើចសរសើរ ។ មនុស្ស​ជាច្រើន​បាន​រិះគន់​សកម្មភាព​របស់​​ព្រះវេស្សន្តរ ឬ ការ​ធ្វើ​ទាន​រហូត​អស់​ពីខ្លួន ថា​ជា​គំនិត​ឆ្គួត​លីលា ព្រោះ​ថា​គ្មាន​មនុស្ស​​មាន​សតិ​ល្អ​ណា​​ម្នាក់​​​​ធ្វើ​រឿង​ឆ្កួតៗ​​បែប​នោះ​​​ទេ ។ លើស​ពី​នោះ​ទៀត គំនិត​លះបង់​ទ្រព្យ​ខ្លួន​ និង ទ្រព្យ​នគរ គឺ​ជា​គោលនយោបាយ​បំផ្លាញ​ជាតិ បំផ្លាញ​រាស្ត្រ ដែល​គ្មាន​មេដឹកនាំ​ល្អ​ណា​ម្នាក់​នឹង​ធ្វើ​តាម​​ឡើយ ។ ចំណែក​ការ​លះបង់​ប្រពន្ធ​និង​កូន​ឲ្យ​ទៅ​មនុស្ស​ដទៃ​យក​ទៅ​ធ្វើ​ជា​ទាសករ គឺ​ពិត​ជា​អំពើ​ដ៏​គម្រក់​មួយ​ដែល​គ្មាន​ឪពុក​ម្តាយ​ណា​នឹង​ធ្វើ​តាម​ទេ ។ យ៉ាង​ណា​ក៏​ដោយ អ្នក​និពន្ធ​រឿង​ព្រះ​វេស្សន្តរ​ក៏​បាន​ទទួល​ការ​កោត​សរសើរ​ពី​មហាជន​ច្រើន​ជំនាន់​រហូត​មក​ដល់​សព្វ​ថ្ងៃ​ដែរ ព្រោះ​ថា​បើ​គំនិត​នោះ​ជា​គំនិត​អាក្រក់​ គ្មាន​ប្រយោជន៍​បន្តិច​សោះ វា​ច្បាស់​ជា​គ្មាន​នរណា​នឹង​បន្ត​​កាន់​តាម និង ផ្សព្វផ្សាយ​គំនិត​នោះ​​បន្ត​ទៀត​ដែរ ។ ​​អ្នក​ពោល​សរសើរ​ជួយ​អះអាង​ការពារ​ថា នៅ​ក្នុង​សង្គម​ឥណ្ឌា​សម្បូរ​ពោរពេញ​ទៅ​ដោយ​មនុស្ស​កំណាញ់​ស្វិត គ្មាន​គិត​ដល់​មនុស្ស​ក្រីក្រ មនុស្ស​វណ្ណៈ​ទាបថោក សូទ្រ និង​ ចណ្ឌាល ទេ ។ ពួក​វណ្ណៈ​​ព្រាហ្ម វណ្ណៈ​ក្សត្រ និង​ វណ្ណៈ​វេស្ស ឈ្មួញ គិត​តែ​នាំ​គ្នា​ជិះជាន់ កេងប្រវ័ញ្ច​មនុស្ស​នៅ​ក្នុង​វណ្ណៈ​សូទ្រ និង ចណ្ឌាល ។​ ពួក​មនុស្ស​ក្នុង​វណ្ណៈ​ខាង​លើ​ទាំង​នោះ​ពោល​អាង​ទៅ​លើ​គម្ពីរ​វេទ និង គម្ពីរ​មនុ ថា​ពួក​គេ​ជា​មនុស្ស​ប្រសើរ​ ជា​ម្ចាស់ ជា​អ្នក​វិនិច្ឆ័យ​សេចក្តី​ក្នុង​គ្រប់​រឿងរ៉ាវ ។ នៅ​ក្នុង​គ្រួសារ​ ឪពុក​ជា​ម្ចាស់​លើ​ប្រពន្ធ និង កូនៗ ។ ទោះ​គាត់​ចង់​​យក​ប្រពន្ធ​និង​កូន​ធ្វើ​ទាន​​ទៅ​អ្នកណា​ក៏​គ្មាន​បញ្ហា​ទាស់​ខុស​អ្វី​ឡើយ ។ ចំណុច​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា អំពើ​របស់​តួអង្គ​ព្រះ​វេស្សន្តរ​ គឺ​ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​ ឬ និយាម​នៃ​ក្រម​សីលធម៌​របស់​សង្គម​ឥណ្ឌា​នៅ​សម័យ​នោះ ។ សូម្បី​នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ក៏​យើង​ប្រទះ​ឃើញ​ករណី​ឪពុក​ម្តាយ​លក់​កូនស្រី​ខ្លួន​ឲ្យ​ទៅ​ធ្វើ​ជា​ស្រីរកស៊ីផ្លូវ​ភេទ ឬ ទៅ​បម្រើ​ម្ចាស់​បំណុល​ដែរ ។

អ្នក​អាន​បាន​ដឹង​ហើយ​ថា សេចក្តី​បង្រៀន​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក មិន​មាន​លក្ខណៈ​ពិស្តារ​ងាយ​យល់​ងាយ​ស្តាប់​ប៉ុន្មាន​ទេ ព្រោះ​អ្នក​និពន្ធ​ជំនាន់​មុន​បាន​ប្រើ​វិធី​កំណាព្យ​កាព្យ​ឃ្លោង​តាម​បែប​បាលី ឬ​សំស្ក្រឹត ដើម្បី​​​ងាយ​​ទន្ទេញ កត់ត្រា​ក្នុង​ខួរ​ក្បាល និង​ ​ងាយ​​បញ្ជូន​គំនិត​ទាំង​នោះ​​បន្ត​ទៅ​ទៀត ។ ការ​បក​ប្រែ​​ភាសា​​ពី​ភាសា​បាលី​មក​ជា​ភាសា​ខ្មែរ​ ដោយ​រក្សា​លក្ខណៈ​ដើម​ទាំងស្រុង​បាន​បង្ក​​ឲ្យ​មាន​ភាព​ច្រំ​ដែលៗ ពិ​បាក​ស្តាប់ ធ្វើ​ឲ្យ​អ្នក​អាន​ធុញទ្រាន់ ព្រម​ទាំង​ត្រូវ​ចំណាយ​ក្រដាស់​សៀវភៅ​ច្រើន​ទំព័រ​ដើម្បី​ពន្យល់​គោល​គំនិត ធម្មក្ខន្ធ ​តែ​មួយ​ប៉ុណ្ណោះ ។

ដោយ​បាន​យល់​ឃើញ​ចំណុច​ខ្វះ​ខាត​ទាំង​នោះ​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក ទើប​លោក​អ្នក​ប្រាជ្ញ​ខាង​ពុទ្ធសាសនា​ បាន​តាក់តែង​សៀវភៅ​អដ្ឋកថា សេចក្តី​ពន្យល់​បន្ថែម ជា​ឯកសារ​ជំនួយ​ដល់​គ្រប់​សៀវភៅ​នៅ​ក្នុង​គម្ពីរ​ព្រះត្រៃ​បិដក ។ ទោះ​ជាយ៉ាង​ណា​ក៏ដោយ ការ​សរសេរ​អដ្ឋកថា​ទាំង​នោះ​បាន​ត្រឹម​តែ​ពន្យល់​គំនិត​ ឬ ក្រម​សីលធម៌​ដែល​មាន​ស្រាប់​នៅ​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ប៉ុណ្ណោះ ។​ នៅ​មាន​គំនិត​ល្អ​ៗ​ជាច្រើន​ទៀត​ដែល​ខ្វះ​ចន្លោះ​មិន​ទាន់​បាន​លើក​យក​មក​បញ្ចូល​ក្នុង​គម្ពីរ ។ ហេតុ​ដូច្នោះ​ហើយ ទើប​ភិក្ខុ​សង្ឃ​ អ្នក​ប្រាជ្ញ​ ជំនាន់​ក្រោយ​បាន​និពន្ធ​​រឿង​និទាន​ជាច្រើន​បន្ថែម លើស​ពី​ ៥០០ រឿង ។ ដើម្បី​ឲ្យ​អ្នក​អាន​ឆាប់​យល់​ព្រម​ទទួល​យក​គំនិត​ថ្មីៗ​ទាំង​នោះ អ្នក​និពន្ធ​រឿង​ទាំង​នោះ​តែង​ប្រើ​ពាក្យ​ថា​ នោះ​គឺ​ជា​រឿង​កំណើត​កាល​ពី​ជាតិ​មុនៗ​របស់​ព្រះ​ពុទ្ធ​កាល​ទ្រង់​ខិតខំ​សន្សំ​បំពេញ​បារមី ។ ដូច្នោះ​ហើយ​បាន​ជា​​មាន​ពាក្យ​ថា "ជាតក​" កំណើត​​ កើត​មាន​ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ ។ បើ​អ្នក​និពន្ធ​បញ្ជាក់​បំណង​ពិត​អំពី​​គោល​គំនិត​នៅ​ក្នុង​សាច់​រឿង​ទាំង​នោះ​ដោយ​មិន​ភ្ជាប់​ទៅ​នឹង​តួអង្គ​ព្រះពុទ្ធ​ទេ ច្បាស់​ជា​មនុស្ស​ជំនាន់​ក្រោយ​មិន​ខ្ចី​ខិតខំ​ចម្លង ចងក្រង​ជា​សាស្ត្រា​ស្លឹករឹត ខំ​សូធ្យ​រៀន​ ទន្ទេញ និង បង្រៀន​តៗ​ជាប់​​រហូត​មក​នោះ​​ឡើយ ។

ដើម្បី​ឲ្យ​បាន​យល់​ច្បាស់​នូវ​គំនិត​របស់​អ្នក​និពន្ធ​រឿង​ទាំងឡាយ​នៅ​ក្នុង​បញ្ញាសជាតក សូម​អ្នក​អាន​ព្យាយាម​អាន​សាច់រឿង​ទាំង​នោះ រួច​វិភាគ​ពិចារណា​ស្រង់​យក​​តែ​ក្រម​សីលធម៌​ល្អ​សម្រាប់​ធ្វើ​ជា​គោលការណ៍​ណែនាំ​តម្រង់​ទិស​​ជីវិត​របស់​ខ្លួន ។

                                     

1.1. និទានកថា ទី ៦

បណ្ឌិត​មហា ឈឹម-ស៊ុម សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់​ខ្ពស់ ចាត់​ឲ្យ​ប្រែ​ហើយ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ដោយ​ខ្លួន​ឯង កាល​ដែល​នៅ​ជា​ភេទ​បព្វជិត​ពី ព.ស. ២៤៨៦ គ.ស. ១៩៤៣

អារម្ភកថា

គម្ពីរ​បញ្ញាសជាតក ច្បាប់​ដើម​ជា​ភាសា​បាលី ពុទ្ធ​សាសនបណ្ឌិត្យ​បាន​ស្រាវ​ជ្រាវ​តាំង​ពី គ.ស. ១៩២៩ បាន​សុំ​សម្ដេច​ព្រះ​ធម្មលិខិត ល្វី-ឯម ព្រះ​ឧត្ដមមុនី អ៊ុម-ស៊ូរ នឹង ព្រះ​ញាណវិរិយៈ ឡុង ឲ្យ​ប្រែ​ជា​សេចក្ដី​សម្រាយ​បាន​ភាគ​ទី ១ មាន​ចំនួន ៥ រឿង ហើយ​បោះពុម្ព​បញ្ចូល​ក្នុង​ទស្សនាវដ្ដី កម្ពុជសុរិយា ជា​ដើម​ដំបូង​មក​ម្ដង​ហើយ លុះ​មក​ដល់ គ.ស. ១៩៤៤ បាន​រើ​បោះពុម្ព​ជា​សៀវភៅ​មួយ​ដោយ​ឡែក​ម្ដង​ទៀត ដែល​ហៅ​ថា បញ្ញាសជាតក ភាគ​ទី ១ ទាំង​បាលី​ទាំង​សម្រាយ ។ សៀវភៅ​នេះ​មាន​ជាវ​សព្វ​ថ្ងៃ​នៅ​ពុទ្ថសាសនបណ្ឌិត្យ ។ ចំណែក​ខាង​ជា​ភាសា​បាលី ច្បាប់​ដើម ជា​គម្ពីរ​ស្លឹក​រឹត មាន​អក្សរ​នឹង​ប្រយោគវិបត្តិ​ច្រើន​អន្លើ ។ កាល​ពី គ.ស. ១៩៤៣ បណ្ឌិត​មហា ឈឹម-ស៊ុម កាល​នៅ​ជា​ភេទ​បព្វជិត​បាន​ចម្លង​ចែក​ជា​ភាគ​ៗ បាន ៤ ភាគ​ក្នុង​មួយ​ភាគ ៗ មាន​ប្រាំ ៗ រឿង គឺ​តាំង​ពី​ជាតក​ទី ១ ដល់​ទី ២០ ហើយ​បាន​ផ្ទៀង​កែ​បាលី​នឹង​របៀប​ប្រយោគ​ឲ្យ​ត្រឹម​ត្រូវ ព្រម​ទាំង​បាន​ចាត់​ការ​ឲ្យ​ប្រែ ហើយ​យក​មក​ពិនិត្យ​កែ​សម្រួល​ខាង​សម្រាយ​តាំង​ពី​ភាគ​ទី ២ ដល់​ភាគ​ទី ៤ ផង ។

ឯ​គម្ពីរ​បញ្ញាសជាតក តាំង​ពី​ភាគ​ទី ២ ត​ទៅ ពុំ​ទាន់​បាន​បោះ​ពុម្ព​ផ្សាយ​នៅ​ឡើយ ។ ហេតុ​ដូច្នេះ យើង​យក​ផ្នែក​ខាង​សម្រាយ​ដែល​បណ្ឌិត​មហា ឈឹម-ស៊ុម ចាត់​ការ​ធ្វើ​នោះ មក​បោះពុម្ព​បញ្ចូល​ក្នុង​ទស្សនវដ្ដី កម្ពុជសុរិយា តាំង​ពី​ឆ្នាំ ១៩៥៤ នេះ​ត​ទៅ ដើម្បី​ជា​ប្រយោជន៍​ដល់​ពុទ្ធបរិស័ទ ព្រោះ​គម្ពីរ​បញ្ញាសជាតក​នេះ មាន​រឿង​ទាក់​ទង​ដោយ​គតិ​ធម៌​សុទ្ធ ។

វិបុលរាជ​ជាតក ទី ៦

និយាយ​អំពី​ពាហិរកទាន​នឹង​អជ្ឈត្តិកទាន

លោក​អាចារ្យ ឈឹម-ណាក ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក

ប្រែ​ពិ​បាលី

ហរិតសរីរោតិ ឥទំ សត្ថា ជេតវនេ វិហរន្តោ អត្តនោ ទានបារមឹ អារព្ភ កថេសិ ។ សត្ថា រី​អង្គ​សម្េដច​ព្រះ​បរម​សាស្ដា​ចរិយា​វង្ស​កាល​ទ្រង់​គង់​សម្រាន្ត​ព្រះ​ឥរិយាបថ​ក្នុង​វត្ត​ព្រះ​ជេតពន ក្រុង​សាវត្ថី ព្រះ​ជិន​ស្រី​ទ្រង់​ប្រារព្ធ​នូវ​ការ​បរិច្ចាក​ទាន​របស់​ព្រះ​អង្គ ទ្រង់​ត្រាស់​សំដែង​ព្រះ​ធម៌​ដ៏​វិសេស​មាន​បទ​ថា​ហរិតសរីរោ ដូច្នេះ​ជា​ដើម​បទ​កំណត់​ព្រះ​គាថា ។

សេចក្ដី​ដំណាល​ថា សម័យ​ថ្ងៃ​មួយ មាន​ភិក្ខុ​ជា​ច្រើន​រូប​អង្គុយ​ប្រជុំ​គ្នា​ក្នុង​រោង​ធម្មសភា ថ្លែង​សរសើរ​គុណ​ព្រះ​បរម​គ្រូ​ពិជិត​មារ​ថា "ម្នាល​លោក​ដ៏​មាន​អាយុ​ទាំង​ឡាយ ព្រះ​តថាគត​ព្រះ​អង្គ​មាន​បុណ្យ​ច្រើន មាន​ប្រាជ្ញា​ច្រើន បាន​បំពេញ​បារមី​មក​ជា​អនេក​ប្រការ គួរ​ឲ្យ​អស្ចារ្យ​ក្រៃ​ពេក" ។

គ្រា​នោះ សម្ដេច​ព្រះ​បរម​សាស្ដា​ទ្រង់​ព្រះ​សវនាការ​ឮ​ពាក្យ​នោះ​ដោយ​ទិព្វ​ស្រោត ទើប​ទ្រង់​ស្ដេច​ចេញ​ចាក​គន្ធកុដី មក​ទ្រង់​ប្រថាប់​នៅ​លើ​អាសន​ដ៏​ប្រសើរ ហើយ​ទ្រង់​មាន​ព្រះ​ពុទ្ធដីកា​សួរ​ភិក្ខុ​ទាំង​ឡាយ​នោះ​ថា "ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ​អង្គុយ​ជំនុំ​គ្នា​ពី​រឿង​អ្វី?” ។ ភិក្ខុ​ទាំងឡាយ​នោះ​ក្រាប​បង្គំ​ទូល​ថា "បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន, ខ្ញុំ​ព្រះ​អង្គ​ទាំង​ឡាយ​អង្គុយ​ជំនុំ​គ្នា​ពី​ការ​បរិច្ចាក​ទាន របស់​ព្រះ​អង្គ" ។ ទើប​ព្រះ​ដ៏​មាន​បុណ្យ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​បាន​បំពេញ​ទាន​ក្នុង​កាល​ឥឡូវ​នេះ មិន​ជា​ទី​អស្ចារ្យ​ប៉ុន្មាន​ទេ កាល​ពី​ដើម​ដែល​តថាគត​បាន​បរិច្ចាគ​បុត្ត​ភរិយា​របស់​ខ្លួន ឲ្យ​ទៅ​ជា​ខ្ញុំ​បម្រើ​អ្នក​ដទៃ នោះ​ទើប​មាន​សេចក្ដី​អស្ចារ្យ​ជា​ពន្លឹក" ទ្រង់​មាន​ព្រះ​ពុទ្ធដីកា​តែ​ប៉ុណ្ណេះ​ហើយ​ក៏​ទ្រង់​គង់​នៅ​ស្ងៀម ។ គ្រា​នោះ ភិក្ខុ​ទាំង​ឡាយ​អារាធនា​និមន្ត​ព្រះ​អង្គ​ឲ្យ​នាំ​អតីត​និទាន​នោះ​មក​សំដែង​ប្រាប់ ។ ព្រះ​សាស្ដាចារ្យ​ទ្រង់​សំដែង​អតីត​និទាន​តាម​ពាក្យ​អារាធនា​របស់​ភិក្ខុ​ទាំងឡាយ​ថា៖

ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​កាល​កន្លង​ទៅ​ហើយ មាន​ព្រះ​រាជា​មួយ​ព្រះ​អង្គ​ទ្រង់​ព្រះ​នាម​ព្រះ​បាទ វិបុល សោយ​រាជ​សម្បត្តិ​ក្នុង​នគរ​សុចិវត្តី​ព្រះ​អង្គ​មាន​អគ្គមហេសី​ទ្រង់​ព្រះ​នាម សុន្ទរីទេវី, ព្រះ​រាជបុត្រី​ទ្រង់​ព្រះ​នាម​នាង សុចី ។ ព្រះ​រាជា​អង្គ​នោះ​មិន​មាន​ព្រះ​ទ័យ​លំអៀង​ដោយ​អគតិធម៌​ណា​មួយ​ឡើយ ទ្រង់​សោយ​រាជ្យ​ប្រកប​ដោយ​ធម៌ បាន​ចំណាយ​ព្រះ​រាជ​ទ្រព្យ ឲ្យ​ជាង​សង់​សាលា​សម្រាប់​ឲ្យ​ទាន ៥ ខ្នង​ហើយ​ទ្រង់​ព្រះ​រាជ​ទាន​ព្រះ​រាជ​ទ្រព្យ​ដល់​ស្មូមយាចក អស់​ចំនួន ៥ សែន​កហាបណៈ​រាល់ ៗ ថ្ងៃ ។

កាល​នោះ អ្នក​ជម្ពូទ្វីប​ទាំង​អស់ ឈប់​ធ្វើ​វេជ្ជកម្ម ពាណិជ្ជកម្ម ចាំ​តែ​ទទួល​ព្រះ​រាជ​ទាន​អំពី​ព្រះ​រាជ​ប៉ុណ្ណោះ ជន​ទាំង​នោះ​បាន​ជា​អ្នក​បរិបូណ៌​ដោយ​បទ្រព្យ​សម្បត្តិ ចាត់​ចែង​បង្កើត​ចម្រៀង​របាំ​រាំ​ច្រៀង​កំសាន្ត​ជា​ទី​សប្បាយ​ក្រៃ​ពេក ។ ព្រះ​មហា​សត្វ​ទ្រង​ប្រព្រឹត្ត​សុចរិត​ធម៌ ទ្រង់​ព្រះ​រាជទាន​ព្រះ​រាជ​ទ្រព្យ ដោយ​ព្រះ​ទ័យ​សោមនស្ស​យ៉ាង​ក្រៃ​លែង​ប៉ុណ្ណឹង​ហើយ​ក៏​នៅ​តែ​មិន​ទាន់​ស្កប់​ស្កល់​ក្នុង​ព្រះ​រាជ​ហ្ឬទ័យ​នៅ​ឡើយ ។

ថ្ងៃ​មួយ ព្រះ​អង្គ​ទ្រង់​ប្រថាប់​នៅ​លើ​ប្រាសាទ​ដ៏​ប្រសើរ ទ្រង់​បើក​ព្រះ​សីហបញ្ជរ ទត​ឥស្សរិយ​ភាព​របស់​ព្រះ​អង្គ ទើប​ទ្រង់​មាន​ព្រះ​តម្រិះ​ថា "អញ​បាន​បំពេញ​តែ​ពាហិរកទាន ទាន​ខាង​ក្រៅ ប៉ុណ្ណោះ​ឯ​អជ្ឈត្តិកទាន ទាន​ខាង​ក្នុង អញ​មិន​ទាន់​បាន​បំពេញ​សោះ" ទើប​ទ្រង់​មាន​ចំណង់​ចង់​ធ្វើ​អជ្ឈត្តិកទាន​ទៀត ទ្រង់​រំពឹង​ថា បើ​អ្នក​ណា​សូម​ក្បាល​អញ អញ​នឹង​កាត់​ក្បាល​ឲ្យ​អ្នក​នោះ, បើ​អ្នក​ណា​សូម​ភ្នែក​អញ, អញ​នឹង​ឆ្កៀល​ភ្នែក​ឲ្យ​អ្នក​នោះ បើ​អ្នក​ណា​សូម​បេះ​ដូង​អញ, អញ​នឹង​ពុះ​ទ្រូង​អារ​សាច់​សម្រក់​ឈាម យក​សាច់​បេះដូង​ឲ្យ​អ្នក​នោះ, បើ​អ្នក​ណា​សូម​សាច់​អញ អញ​នឹង​ពន្លះ​សាច់​ក្នុង​សរីរៈ​ទាំង​មូល​ឲ្យ​អ្នក​នោះ, ពុំ​នោះ​សោត​បើ​មាន​អ្នក​ណា​មួយ​មក​និយាយ​នឹង​អញ​ថា បពិត្រ​មហារាជ, សូម​ព្រះ​អង្គ​ទៅ​ធ្វើ​ជា​ខ្ញុំ​បំរើ​ខ្ញុំ ដូច្នេះ​ក៏​អញ​ស៊ូ​តែ​ទៅ​ធ្វើ​ជា​ខ្ញុំ​បំរើ​អ្នក​នោះ" ។ កាល​ដែល​ព្រះ​រាជា​កំពុង​តែ​ទ្រង់​ព្រះ​ចិន្តនា​ការ​យ៉ាង​នេះ ក៏​ស្រាប់​តែ​មហា​ប្រឹថពី​ដែល​មាន​កម្រាស់ ២ សែន ៤ ម៉ឺន​យោជន៍ កម្រើក​ញាប់​ញ័រ​ឮ​សូរ​ខ្ទរ​ខ្ទ័រ​ឡើង ដូច​ជា​ដំរី​ចុះ​ប្រើង​បញ្ចេញ​សំឡេង​រោទ៍​ខ្ទរ​ខ្ទារ​គួរ​ឲ្យ​ខ្លាច ភ្នំ​សិនេរុ​រាជ​ក៏​ឱន​លំទោន​ទោរ​ទន់​មក ទាំង​មហាសមុទ្រ​ក៏​កើត​ជា​រលក​បោក​បែក​ផ្កា​ត្រែង មហាមេឃ ក៏​បញ្ចេញ​សំឡេង​គម្រាម​ដោយ​រន្ទះ ហើយ​បង្អុរ​មក​នូវ​ភ្លៀង​រលឹម​ជា​ខ្លាំង ទាំង​ផ្លេក​បន្ទោរ​ពុំ​ជួរ​កាល​ក៏​ភ្លឺ​ផ្លេក​ច្រវាត ពួក​ទេវតា​ក្នុង​កាមាវ​ចរ​សួគ៌ ក៏​ឲ្យ​សព្ទ​សាធុការ​ពរ​ជ័យ សេចក្ដី​ជ្រួល​ជ្រើម​ក៏​កើត​មាន​រហូត​ដល់​ព្រហ្ម​លោក ។ សេចក្ដី​អស្ចារ្យ ជា​អនេក​ក្រៃ​ពេក នឹង​គណនា​ត្រា​រាប់​ពុំ​បាន​ឡើយ ។ ព្រោះ​ហេតុ​នោះ​ហើយ បាន​ជា​ព្រះ​បរម​សាស្ដា​ចារ្យ​ជា​ម្ចាស់​ទ្រង់​ត្រាស់​ថាៈ

តទា អារុយ្ហ បាសាទេ ឱលោកេត្វា មហាសិរឹ សុទ្ធចិត្តំ ឧប្បាទេត្វា ទានំ ទាតុំ វិចិន្តយិ សីសំ សចេបិ ចក្ខុញ្ច ហទយញ្ចាបិ មំសកំ ទទេយ្យំ កាយំ សាវេត្វា យទិ កោចិ យាចេយ្យ មំ សភាវំ ចិន្តយន្តស្ស អកម្បិតមសណ្ឋិតំ អកម្បិ តត្ថ បឋវី សិនេរវនដំសកាតិ ។

ក្នុង​កាល​ដែល​តថាគត​ឡើង​ទៅ​លើ​ប្រាសាទ រមិល​មើល​នូវ​សិរី​ដ៏​ធំ ញ៉ាំង​ចិត្ត​ដ៏​ស្អាត​ឲ្យ​កើត​ឡើង ដើម្បី​នឹង​ឲ្យ​ទាន​ហើយ​មាន​សេចក្ដី​ត្រិះ​រិះ​ថា "បើ​អ្នក​ណា​ប្រាថ្នា​ចង់​បាន​ក្បាល​ភ្នែក​បេះដូង ឬ​សាច់​របស់​អញ អញ​អាច​កាត់​ឆ្កៀល​ពន្លះ​ឲ្យ​ទៅ​អ្នក​នោះ ដោយ​ឥត​ញញើត​ឡើយ" គថាគត​កំពុង​តែ​ត្រិះ​រិះ​ដូច្នោះ ស្រាប់​តែ​មហា​ប្រឹឋពី​កំរើក​ញាប់​ញ័រ​ស្ទើរ​តែ​ទប់​ទល់​ទ្រទ្រង់​នៅ​ពុំ​បាន ទាំង​ភ្នំ​សិនេរុ​ក៏​អោន​លំទោន​ទោរ​ទន់​ល្វាស​ល្វន់​មក​រក​តថាគត ។

កាល​នោះ​ទីសយនា​ក្រឡា​បន្ទំ​នៃ​សក្កទេវរាជ ក៏​ក្ដៅ​ក្រហាយ​ដោយ​តេជានុភាព​នៃ​ទាន​បារមី ។ សម្ដេច​សហស្សន័យន៍​ទ្រង់​ប្រមើល​មើល​ឃើញ​ហេតុ​នោះ​ហើយ​ក៏​លាន់​ព្រះ​ឱស្ឋថា ឱហ្ន៎! ព្រះ​បាទ​វិបុល​រាជ​ជា​ពុទ្ធ​ង្កូរ​បណ្ដូល​ពុទ្ធ​វង្ស ទ្រង់​ឋិត​នៅ​ក្នុង​មនុស្ស​លោក​ឯ​ណោះ មាន​ព្រះ​រាជ​សទ្ធា​បាន​ចំណាយ​ព្រះ​រាជ​ទ្រព្យ ឲ្យ​ទៅ​ជា​ទាន​ដល់​ស្មូម​យាចក​អ្នក​កំសត់​ទុគត់ ដោយ​ឥត​អាឡោះ​អាល័យ​សោះ ដល់​ម្ល៉ោះ​ទ្រង់​ក៏​មិន​ទាន់​ស្កប់​ព្រះ​រាជ​ហប្ឬទ័យ​ក្នុង​ពាហិរកទាន ឥឡូវ​ទ្រង់​គិត​ថា នឹង​បំពេញ​អជ្ឈត្តិក​ទាន​ទៀត" ។ សក្កទេវរាជ​ទ្រង់​អាជ្ជនាការ​ពិចារណា​ឃើញ​ហេតុ​ដូច្នេះ​ហើយ ក៏​ក្លែង​ភេទ​ជា​ព្រាហ្មណ៍​ក្មេង​មក​អង្គុយ​ក្នុង​សាលា​ទាន ។

គ្រា​នោះ ព្រះ​រាជា​ទ្រង់​ស្រង់​ព្រះ​ឱទកធារាព​ព្រលឹម ហើយ​ទ្រង់​សោយ​ព្រះ​ស្ងោយ​មាន​ឱ​ជា​រស​ផ្សេង ៗ ស្រេច​ស្ដេច​ទ្រង់​ប្រដាប់​គ្រឿង​អលង្ការ ក្សត្រា​ទ្រង់​ឡើង​គង់​លើ​ព្រះ​ទី​នាំង​គជេន្ទ្រ មាន​ពួក​អាមត្យ​ហែហម​ជា​បរិវារ ទ្រង់​យាត្រា​ឆ្ពោះ​ទៅ​កាន់​ទាន​សាលា លុះ​ដល់​កាល​ណា​ក៏​ទ្រង់​ចុះ​ចាក់​ព្រះ​រាជ​ទី​នាំង ចូល​ទៅ​ក្នុង​សាលា ទ្រង់​បែង​ចែក​ព្រះ​រាជ​ទ្រព្យ​ព្រះ​រាជ​ទាន​ក្នុង​ពេល​នោះ​តាម​ធម្មតា ។ គ្រា​នោះ ឥន្ទព្រាហ្មណ៍​លើក​កំបង់​អញ្ជលី​ដាក់​លើ​សិរសា​ក្រាប​ថ្វាយ​បង្គំទូល​ថា "បពិត្រ​ព្រះ​សម្មតិ​ទេវាវង្ស ទ្រង់​នូវ​ព្រះ​រាជ​សម្ភារ, សូម​ព្រះ​អង្គ​មាន​ជ័យ​ជំនះ​ឈ្នះ​អស់​សត្រូវ​សព្វ​គ្រប់​ប្រការ" ថា​ដូច្នេះ ហើយ​ក៏​ឋិត​នៅ​ក្នុង​ទី​ដ៏​សម​គួរ ។ លំដាប់​នោះ ព្រះ​រាជា​ទ្រង់​ព្រះ​សវនាការ​ពាក្យ​នោះ​ហើយ ទ្រង់​ត្រិះ​រិះ​ថា "ព្រាហ្មណ៍​នេះ​ចង់​បាន​អ្វី​អែះ? បើ​ដូច្នេះ អញ​នឹង​សួរ​វា​មើល" កាល​មាន​ព្រះ​បន្ទូល​សួរ​នូវ​ហេតុ​នោះ​ទើប​ត្រាស់​នូវ​បឋម​គាថា​ថាៈ

ហរិតសរីរោ តវញ្ច ទស្សនីយោ សុរូបិយោ បគ្គយ្ហ អញ្ជលិញ្ចេវ កឹ មំ យាចសិ ព្រាហ្មណាតិ ម្នាល​ព្រាហ្មណ៍, អ្នក​ឯង​មាន​សរីរៈ​ហាក់​ដូច​ជា​លាប​ស្រឡាប​ដោយ​ខ្លឹម​ចន្ទន៍​ក្រហម គួរ​ឲ្យ​អ្នក​ផង​ក្រឡេក​មើល, រូប​អ្នក​សោត​ក៏​ស្រស់​បំព្រង គួរ​ឲ្យ​អ្នក​ផង​គយ​គន់ អ្នក​មក​អង្គុយ​ប្រណម្យ​អញ្ជលី​នៅ​ទី​នេះ តើ​អ្នក​ចង់​បាន​អ្វី? ។ ព្រាហ្មណ៍​បាន​ស្ដាប់​ហើយ ក៏​មាន​ចិត្ត​រីករាយ​ត្រេក​អរ​ក្រាប​បង្គំ​ទូល​សុំ​ព្រះ​រាជទេពី ទើប​ក្រាប​ទូល​នូវ​ព្រះ​គាថា​ទី​ពីរ​ថាៈ

យថា វារិវហោ បូរោ សព្វកាលំ ន ខីយតិ ឯវន្តំ យាចិតាគញ្ឆឹ ទេវឹ មេ ទេហិ យាចិតោតិ បពិត្រ​ព្រះ​នរបតី ទឹក​ក្នុង​បឹង​ស្ទឹង​ព្រែក តែ​ហូរ​ទៅ​កាន់​សមុទ្រ​សព្វ​កាល មិន​ចេះ​អស់​យ៉ាង​ណា ព្រះ​រាជហ្ឬទ័យ​របស់​ព្រះ​ករុណា ក៏​តែង​តែ​ជ្រះ​ថ្លា​ក្នុង​ការ​ព្រះ​រាជ​ទាន​ពុំ​មាន​អស់​យ៉ាង​នោះ​ដែរ, ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​មក​សូម​ព្រះ​នាង​ទេវី​សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​កុំ​ខាន ។

ព្រះ​រាជា​ទ្រង់​បាន​ព្រះ​សវនាការ​ពាក្យ​ព្រាហ្មណ៍ ក្រាប​បង្គំ​ទូល​សូម​ព្រះ​នាង​ទេវី​ដូច្នោះ​ហើយ ទ្រង់​ក៏​មាន​ព្រះ​បីតិ​សោមនស្ស​អស់​ពី​ព្រះ​រាជហប្ឬទ័យ ហាក់​ដូច​ជា​បុរស​កំសត់​បាន​មាស ១ ពាន់​ដំឡឹង​អំពី​សំណាក់​ព្រះ​មហាក្សត្រ ទើប​ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ត្រាស់​នូវ​គាថា​គំរប់ ៣ ថាៈ

ទទាមិ ន វិកម្បាមិ យំ មំ យាចសិ ព្រាហ្មណ សន្តំ ន បតិគុយ្ហាមិ ទានេ រមតី មនោតិ

ម្នាល​ព្រាហ្មណ៍ អ្នក​សូម​របស់​អ្វី យើង​ឲ្យ​របស់​នោះ​ឥត​ទើស​ទាស់​ទេ យើង​មិន​លាក់ ទុក​របស់​ដែល​មាន​ទេ ចិត្ត​យើង​ត្រេក​អរ​ចំពោះ​ការ​ឲ្យ​ទាន​តែ​ម្យ៉ាង ។ ទើប​ទ្រង់​ត្រាស់​ហៅ​ព្រះ​នាង​ទេវី​មក​ប្រាប់​ថាៈ "ម្នាល​ប្អូន​ស្រី​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត ដ្បិត​ព្រាហ្មណ៍​នេះ​មក​សូម​នាង យើង​ប្រាថ្នា​សព្វ​ញ្ញតញ្ញុណ ចូរ​នាង​បំពេញ​ទាន​បារមី​ដល់​យើង​ឲ្យ​បាន​សម្រេច​ដូច​សេចក្ដី​ប្រាថ្នា​ចុះ ។ ឯ​អគ្គមហេសី​ជា​ស្ត្រី​គ្រប់​លក្ខណ៍ លុះ​បាន​ស្ដាប់​ជាក់​ក៏​មាន​ព្រះ​ហប្ឬទ័យ​ត្រេក​អរ​សោមនស្ស​អស់​ពី​ព្រះ​ចិន្ដា ហើយ​មាន​ព្រះ​រាជសវនីយ​ទទួល​ព្រះ​រាជ​ឱង្ការ​ថាៈ

ទាសី តុយ្ហំ អហំ ទេវ សាមិកោ មម ឥស្សរោ យស្សិច្ឆេ តស្ស មំ ទជ្ជា វិក្កីនេយ្យ ហនេយ្យ វាតិ

បពិត្រ​ព្រះ​រាជ​សម្ភារ, សូម​ទ្រង់​ព្រះ​ករុណា​មេត្តា​ប្រោស, ខ្ញុំ​ម្ចាស់​ជា​ទាស់​របស់​ព្រះ​អង្គ​ស្រាប់ ព្រះ​អង្គ​ជា​ម្ចាស់​លើ​ខ្ញុំ​ព្រះ​អង្គ, បើ​ព្រះ​អង្គ​ត្រូវ​ការ​ព្រះ​រាជទាន​ដល់​នរណា សូម​ទ្រង់​ព្រះ​រាជទាន​តាម​សព្វ​ព្រះ​រាជ​ហប្ឬទ័យ, ទុក​ណា​ជា​ព្រះ​អង្គ​ត្រូវ​ការ​លក់​ដូរ​យ៉ាង​ណា​ក្ដី សម្លាប់​បង់​ក្ដី ក៏​ស្រេច​នឹង​ព្រះ​រាជហប្ឬទ័យ​ព្រះ​អង្គ​ស្រាប់ ។

ព្រះ​រាជា​ទ្រង់​ព្រះ​សវនាការ​ព្រះ​រាជ​សវនីយ នៃ​ព្រះ​អគ្គមហេសី​ដែល​ទទួល​ព្រម​ដូច្នោះ​ហើយ ក៏​ទាញ​យក​ក្អម​មាស​ហើយ​ចាប់​ព្រះ​ហស្ដ​ព្រះ​អគ្គមហេសី បួង​សួង​យក​ផែនដី​ជា​បន្ទាល់ ទ្រង់​ជ្រួច​ស្នោ​ទក​ហើយ​ត្រាស់​យ៉ាង​នេះ​ថា "ម្នាល​ព្រាហ្មណ៍ ភរិយា​របស់​យើង​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត​ក្រៃ​ពេក, ប៉ុន្តែ​យើង​ចង់​បាន​សព្វញ្ញុតញ្ញាណ​លើស​លុប​ជាង​នេះ មិន​អាច​រាប់​ថា ១ រយ​គុណ ១ ពាន់​គុណ ១ សែន​គុណ​បាន​ឡើយ, បាន​ជា​យើង​ស៊ូ​លះ​បង់​នាង​ទេវី​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត ឲ្យ​ដល់​អ្នក​ឯង​យើង​មិន​ប្រាថ្នា​សម្បត្តិ​មនុស្ស សម្បត្តិ​សួគ៌ សម្បត្តិ​ព្រះ​ឥន្ទ សម្បត្តិ​ព្រហ្ម សម្បត្តិ​សាវ័ក សម្បត្តិ​បច្ចេកពុទ្ធ​ឡើយ ប្រាថ្នា​ចំពោះ​សព្វញ្ញុតញ្ញាណ​តែ​ម្យ៉ាង" លុះ​ទ្រង់​ត្រាស់​ដូច្នេះ​ហើយ ទ្រង់​ព្រះ​រាជ​ទាន​ព្រះ​អគ្គមហេសី​ដល់​ព្រាហ្មណ៍​ក្នុង​កាល​នោះ​ឯង តមត្ថំ បកាសេន្តោ សត្ថា អហ សម្ដេច​ព្រះ​បរម​សាស្ដា​ចរិយា​វង្ស​កាល​ទ្រង់​ប្រកាស​សេចក្ដី​នោះ​ទ្រង់​ត្រាស់​ថាៈ

ទេវឹ ហត្ថេ គហេត្វាន ឧទកមណ្ឌលំ គណ្ហិ បសន្នមនសង្កប្បោ តស្ស ទេវឹ អទាសិ សោ ទេវិយា ទទមានាយ បិយចិត្តេន បមោទិតោ តស្មា បឋវី កម្បតិ សិនេរុវនវដំសកាតិ

ព្រះ​រាជា​អង្គ​នោះ​បាន​ចាប់​ព្រះ​ហស្ត​ព្រះ​នាង​ទេវី ហើយ​កាន់​យក​ក្អម​ទឹក​មាន​ព្រះ​ទ័យ​ដ៏​ជ្រះ​ថ្លា បាន​ប្រទាន​ព្រះ​នាង​ទេវី​ដល់​ព្រាហ្មណ៍​នោះ កាល​បើ​ទ្រង់​ព្រះ​រាជ​ទាន​ព្រះ​នាង​ទេវី​រួច​ហើយ​ក៏​មាន​ព្រះ​ទ័យ​ត្រេក​អរ​ជ្រះ​ថ្លា យ៉ាង​ក្រៃ​លែង, ព្រោះ​ហេតុ​នោះ បាន​ជា​មហា​ប្រឹឋពី​ញាប់​ញ័រ ទាំង​ភ្នំសិនេរុ​ក៏​អោន​លំទោន​ទោរ​ទន់ ។ ឯ​ព្រាហ្មណ៍​នោះ​បាន​នាង​ទេវី​ហើយ ក៏​នាំ​យក​បាត់​ពី​ទី​នោះ​ទៅ​ភ្លាម ។ ក្សិណ​នោះ ឥន្ទព្រាហ្មណ៍​ជា​តួ​អង្គ​សក្កទេវរាជ និម្មិត​ជា​ព្រាហ្មណ៍​ប្លែក មក​ថ្វាយ​សព្ទសាធុការ ហើយ​ពោល​ថា យថា វារវិហោបូរោ សព្វកាលំ ន ខីយតិ ឯវន្តំ យាចិតាគញ្ឆឹ បុត្តឹ មេ ទេហិ យាចិតោតិ បពិត្រ​ព្រះ​រាជ​សម្ភារ, ធម្មតា​ទឹក​ស្ទឹង​បឹង​ព្រែក​តែង​ហូរ​ទៅ​កាន់​សមុទ្រ​សព្វ​ៗ កាល មិន​ចេះ​អស់​យ៉ាង​ណា ព្រះ​ទ័យ​ព្រះ​ករុណា​ក៏​តែង​ជ្រះ​ថ្លា​ក្នុង​ការ​ព្រះ​រាជទាន​មិន​ចេះ​អស់​យ៉ាង​នោះ​ដែរ, បពិត្រ​ព្រះ​នរបតី ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​មក​សូម​ព្រះ​រាជបុត្រី សូម​ទ្រង់​ព្រះ​មេត្តា ប្រោស​ព្រះ​រាជទាន ។ ព្រះ​រាជា​ទ្រង់​ព្រះ​សវនាការ​ពាក្យ​នោះ​ហើយ ក៏​មាន​ព្រះ​រាជហប្ឬទ័យ​សោមនស្ស​ជ្រះ​ថ្លា ទើប​មាន​ព្រះ​រាជ​ឱង្ការ​ថាៈ

ទទាមិ ន វិកម្បាមិ ឥស្សរោ នយ ព្រាហ្មណ សន្តំ ន បតិគុយ្ហាមិ ទានេ មេ រមតី មនោតិ

ម្នាល​ព្រាហ្មណ៍, យើង​ជា​ឥស្សរៈ យើង​ឥត​ធុញ​ទ្រាន់​នឹង​ការ​ឲ្យ​ទេ អ្នក​ឯង​ចាំ​តែ​នាំ​យក​របស់​ដែល​យើង​ឲ្យ​ចុះ យើង​មិន​លាក់​លៀម​របស់​ដែល​មាន​ទេ ចិត្ត​យើង​ត្រេក​អរ​តែ​ក្នុង​ការ​បរិច្ចាគ​ទាន​តែ​ម្យ៉ាង ។

លុះ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ដូច្នោះ​ហើយ​ក៏​បញ្ជូន​ព្រះ​រាជ​បុត្រី​ឲ្យ​ទៅ​ស្រង់​ស្អិត​ស្អាង​ព្រះ​កាយ​ដោយ​គ្រឿង​អលង្ការ​គ្រប់​យ៉ាង ហើយ​ហៅ​មក​ឲ្យ​គង់​លើ​អាសនៈ ទ្រង់​ជប់​ព្រះ​សិរ​លួង​លោម​ផ្ដែ​ផ្ដាំ​សព្វ​គ្រប់​សេចក្ដី​ព្រះ​ចក្រី​នឹង​ទ្រង់​ប្រកាស​ដល់​អស់​ទេវតា​ទាំង​ពួង យក​ជា​បន្ទាល់​សាក្សី ទើប​ទ្រង់​ត្រាស់​នូវ​ព្រះ​គាថា​ថាៈ

ហាហា ភោន្តោទេវសង្ឃា សព្វេ ទេវា សមាគតា ទានំ មេ អនុមោទន្តុ បុញ្ញំ គណ្ហន្តុ ឦទិសំ តស្ស បុត្តិញ្ច ទស្សាមិ បិយំ ចិត្តេន ទេមិហំ បុត្តិមហំ សុភជាតឹ ពោធិយា យេវ ការណាតិ

បពិត្រ​ទេពតា​ទាំង​ឡាយ​អើយ! សូម​ពពួក​ទេវតា​អញ្ជើញ​មក​ជួប​ជុំ​ជា​បន្ទាល់​សាក្សី​ពេជ្ញ​ញាណ សូម​ជួយ​អនុមោទនា​ទាន​នៃ​ខ្ញុំ ហើយ​សូម​ទទួល​យក​ចំណែក​បុណ្យ​នេះ ដ្បិត​ខ្ញុំ​បាន​ឲ្យ​បុត្រី​ជា​ទី​ស្រឡាញ់​ពេញ​ចិត្ត​ប្រកប​ដោយ​រូប​ឆោម​ប្រពៃ​ដើម្បី​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ​ក្នុង​អនាគត ។ លុះ​ទ្រង់​ត្រាស់​ដូច្នោះ​ហើយ ក៏​ព្រះ​រាជ​ទាន​ព្រះ​រាជបុត្រី​ដល់​ព្រាហ្មណ៍​ក្នុង​កាល​នោះ​ឯង ។

គ្រា​នោះ​កើត​មាន​សេចក្ដី​អស្ចារ្យ​ជា​អនេក​ប្រការ ដោយ​តេជៈ​នៃ​ការ​បរិច្ចាគ​ទាន ដែល​ពុំ​មាន​នរណា​ធ្វើ​ដូច​បាន ។ ព្រោះ​ហេតុ​នោះ​បាន​ជា​អង្គ​សម្ដេច​ព្រះ​ទ្រង់​ញាណ​ទ្រង់​មាន​ព្រះ​ពុទ្ធ​ដីកា​ថាៈ

តទាសិ យម ភឹសនកំ តទាសិ លោមហំសនំ រាជបុត្តិម្ហិ បទិន្នម្ហិ មេទនិ សមកម្បថ ។ អច្ឆរិយំ ច អាសិ សោ ឃោសោ ច វិបុលោ មហា បុត្តីភរិយេ បទិន្នម្ហិ សកលសគ្គំ កម្បថាតិ

ក្នុង​កាល​ដែល​តថាគត​បាន​ឲ្យ​បុត្រី​ទៅ​ជា​ទាន តថគត​មាន​សេចក្ដី​ព្រឹព្រួច​ញ័រ​សព្វ​សព៌ាង្គកាយ ទាំង​ផែន​ប្រឹឋពី​ជា​ទី​ទ្រទ្រង់​សត្វ​ទាំង​ឡាយ ក៏​កក្រើក​រំពើក​ញាប់​ញ័រ ទាំង​ឋាន​សួគ៌​ជា​ទី​នៅ​អាស្រ័យ នៃ​ពួក​ទេពនិករ ក៏​ញាប់​ញ័រ​អស្ចារ្យ​ជា​ពន្លឹក ។

គ្រា​ដែល​ព្រះ​មហាក្សសត្វ​ទ្រង់​ព្រះ​រាជ​ទាន​រួច​ហើយ ទ្រង់​កំពុង​មាន​ព្រះ​រាជហប្ឬទ័យ​រីក​រាយ​សោមនស្ស​ស្រស់​ស្រាយ ស្រាប់​តែ​សក្ក​ទេវរាជ​ដែល​នាំ​យក​ព្រះ​រាជ​បុត្រី​ពី​ទី​នោះ​ទៅ ក៏​ក្លែង​ភេទ​ជា​ព្រាហ្មណ៍​ចាស់​ប្លែក​ដៃ​កាន់​ឈើ​ច្រត់ មាន​សក់​ស្កូវ មាន​ពុក​មាត់​ពុក​ចង្ការ​វែង ៗ មក​អង្គុយ​ទៀប​ទ្វារ​ព្រះ​រាជ​ដំណាក់ ។ ព្រះ​រាជា​ទ្រង់​ទស្សនា​ការ​ទប​ឃើញ​ព្រាហ្មណ៍​នោះ​ហើយ ក៏​ត្រាស់​សួរ​ថាៈ

អថ ត្វំ កេន វណ្ណេន កេន វា បន ហេតុនា អនុប្បត្តោសិ នគរំ តំ មេ អក្ខាហិ បុច្ឆិតោតិ

នែ​អ្នក​ដែល​មាន​រូប​អន្ធការ អ្នក​មក​ពី​ណា? មាន​ការ​អ្វី? ចូរ​អ្នក​ប្រាប់​យើង​ឲ្យ​ដឹង​សេចក្ដី កុំ​បី​កោត​ញញើត ។ គ្រា​នោះ សក្កទេវរាជ​បាន​ស្ដាប់​ព្រះ​រាជ​ឱង្ការ​ហើយ ក៏​ក្រាប​បង្គំ​ទូល​ថាៈ ជិណ្ណោហមស្មិ អាគតោ ទីឃមទ្ធានមាគតោ សុត្វាន សុចរិតញ្ចា រាជ អាគតោស្មិតវ សន្តិកេ អនុជានាហិ នគរំ ទេហិ ត្វំ មមាតិ បពិត្រ​ព្រះ​រាជ​សម្ភារ​ជា​បរមក្សត្រ​ដ៏​ប្រសើរ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ជា​មនុស្ស​ចាស់​ជរា​មក​ពី​ស្រុក​ឆ្ងាយ​ដាច់​សង្វែង ឮ​ដំណឹង​ថា​ព្រះ​អង្គ​ទ្រង់​ប្រកប​ដោយ​សេចក្ដី​សុចរិត ព្រម​ទាំង​មាន​ព្រះ​រាជា​សទ្ធា បាន​ជា​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​មក​ដើម្បី​សូម​ព្រះ​នគរ, សូម​ទ្រង់​ព្រះ​រាជា​នុញ្ញាត​ព្រះ​រាជ​ទាន​នគរ​ដល់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ។ ព្រះ​មហាសត្វ​ទ្រង់​ព្រះ​សវនាការ​ហើយ ក៏​មាន​ព្រះ​បីតិ​សោមនស្ស​អស់​ពី​ព្រះ​ទ័យ ទើប​ទ្រង់​លះ​បង់​ព្រះ​សិរីរាជ​សម្បត្តិ ព្រះ​រាជ​ទាន​ដល់​ព្រាហ្មណ៍, ទ្រង់​មាន​ព្រះ​ឱង្ការ​ថាៈ

គណ្ហាហិ តវ ឥច្ឆម្ហិ ឥស្សរោ នយ ព្រាហ្មណ មនោរថំ បូរេស្សាមិ ទានេ មេ រមតី មនោតិ

មា្នល​ព្រាហ្មណ៍, ចូរ​អ្នក​ជា​ធំ​លើ​នគរ តាម​សេចក្ដី​ប្រាថ្នា​របស់​អ្នក​ចុះ យើង​បំពេញ​សេចក្ដី​ប្រាថ្នា​របស់​អ្នក​ឲ្យ​បាន​ពេញ​លេញ​ដូច​បំណង ព្រោះ​ចិត្ត​យើង​តែង​ត្រេក​អរ​តែ​ក្នុង​ការ​បរិច្ចាគ​ទាន ។ ទើប​ព្រះ​រាជា​ចាប់​យក​កន្ទីរ​មាស មក​ជ្រួច​ស្នោទក យើហ​ទ្រង់​ព្រះ​រាជ​ទាន​នគរ​នោះ ដោយ​ព្រះ​រាជ​ឱង្ការ​រួស​រាយ​ថាៈ

ឥទំ ហិ នគរំ មយ្ហំ សព្វលោកសមិទ្ធិនំ ទត្វាន នគរំ ឥទ្ធំ ខេឡបិណ្ឌំ វ ធឌិតំ សំសារតរណត្ថាយ កាមរាគមហណ្ណវេ សព្វេ សត្តា បវត្តាវ បាបុណីស្សាមិ និព្វុតិន្តិ

នគរ​របស់​យើង​នេះ ស្ដុក​ស្ដម្ភ​ជាង​ស្រុក​ដែល​មាន​នៅ​ក្នុង​លោក​ទាំង​អស់ យើង​បាន​ឲ្យ​នគរ​នោះ ផុត​ស្រឡះ​ពី​ដួង​ចិត្ត​ឥត​មាន​សេចក្ដី​ស្ដាយ​ស្រណោះ ដូច​ជា​បុគ្គល​ស្ដោះ​ចោល​នូវ​ដុំ​នៃ​ទឹក​មាត់​ដូច្នោះ សព្វ​សត្វ​ទាំងឡាយ​ដែល​វិល​កើត​ស្លាប់​នៅ​ក្នុង​មហាសមុទ្រ​គឺ​កាម​រាគ​នោះ​ច្រើន​ណាស់, យើង​ប្រាកដ​ជា​នឹង​បាន​ជួយ​សត្វ​ទាំង​នោះ ឲ្យ​ឆ្លង​ចាក​សង្សារវដ្ត​ទៅ​កាន់​ព្រះ​និព្វាន​បាន​ពុំ​ខាន ។

សម្ដេច​ព្រះ​សក្កទេវិន្ទ្រពិន្ទអមរា បាន​ឃើញ​ទឹក​ព្រះ​ទ័យ​គួរ​ជាទី​អស្ចារ្យ​ក៏​លាន់​ព្រះ​ឱស្ឋ​ថា "ឱ​ហ្ន៎! ព្រះ​រាជា​នេះ​ប្រាកដ​ជា​ពុទ្ធង្កូរ​បណ្ដូល​ពុទ្ធ​វង្ស​ជា​អង្គ​សព្វញ្ញុពុទ្ធ ជា​ទី​ពឹង​ពាក់​សំណាក់​អាស្រ័យ​នៃ​មនុស្ស​នឹង​ទេវតា​ទាំងឡាយ​ទៅ​ឯ​អនាគត​ពុំ​ខាន​ឡើយ" ហើយ​ក៏​បង្គំ​ទូល​ព្រះ​រាជា​ថា "បពិត្រ​មហារាជ, ខ្ញុំ​ជា​ព្រះ​ឥន្ទ​ទេ​តើ​មិន​មែន​ព្រាហ្មណ៍​ទេ, ខ្ញុំ​បាន​ឃើញ​ព្រះ​អង្គ​ប្រព្រឹត្ត​សុចរិត​ធម៌ បាន​ជា​មក​ជួយ​បំពេញ​សព្វញ្ញុត​ញ្ញាណ, បពិត្រ​មហារាជ, សូម​ព្រះ​អង្គ​ទទួល​យក​បុត្រ​នឹង​អគ្គមហេសី​នឹង​នគរ ព្រះ​អង្គ​វិញ​ចុះ" ។ សក្កទេវរាជ ក៏​ប្រគល់​ព្រះ​រាជ​បុត្រី​នឹង​អគ្គមហេសី​ថ្វាយ​ព្រះ​បាទ​វិបុល​រាជ​ហើយ​ឱន​ព្រះ​សិរ​គំនាប់​ដោយ​សម​គួរ ទើប​ក្លែង​ភេទ​ជា​ព្រះ​ឥន្ទ​មាន​ព្រះ​កាយ​ដ៏​រុង​រឿង​ល្អ​ក្រៃ​ពេក ហោះ​ផ្លោះ​ផ្លេក​ឡើង​ទៅ​កាន់​អាកាស ។ តមត្ថំ បកាសេន្តោ សត្ថា អាហ ដំណើរ​សេចក្ដី​តាម​រឿង​នេះ​ដែល​ពុំ​ទាន់​ប្រាកដ លុះ​សម្ដេច​ព្រះ​សុគត​បរម​សាស្ដា បាន​ត្រាស់​ឡើង​កាល​ណា ទើប​ទ្រង់​វប្រកាស​សេចក្ដី​នោះ​ឲ្យ​ប្រាកដ​ឡើង​ថាៈ

តស្ស សង្កប្បមញ្ញាយ មឃវា ទេវកុញ្ជរោ អាកាសគគណេ ឋត្វា ឥទំ វចនមព្រវិ និន្នាទិតា តេ បឋវី សទ្ទោ តេ តិទិវង្គតោ សមន្តា វិជ្ជុតា អាគូ គីរីនំ វ បតិស្សុតា តស្ស តេ អនុមោទន្តិ ឧភោ នារទបព្វតា ឥន្ទោ ព្រហ្មាបជាបតិ សោមោ យមោ វេស្សវណោ សព្វេ ទេវា អនុមោទន្តិ ទុក្ករំ ហិ ករោតិ សោ ទុទ្ទទំ ទទមានានំ ទុក្ករំ កម្មកុព្វតំ អសន្តោ នានុកុព្វន្តិ សតំ ធម្មោ ទុន្វយោ តស្មា សតញ្ច អសតំ នានា ហោតិ ឥតោ គតិ អសន្តោ និរយំ នេតិ សន្តោ សគ្គបរាយនោតិ

មឃវៈ​ជា​ទេវកុញ្ជរ បាន​ជ្រាប​នូវ​វារៈ​ចិត្ត​ព្រះ​មហាសត្វ​នោះ ហើយ​ក៏​ហោះ​ផ្លោះ​ឡើង​ទៅ​កាន់​អាកាស ប្រកាស​សរសើរ​ទាន​បារមី​ថា ផែន​ដី​របស់​ព្រះ​អង្គ​ញាប់ ញ័រ​ហើយ កិត្តិស័ព្ទ​របស់​ព្រះ​អង្គ ផ្សាយ​ទៅ​ហើយ​រហូត​ដល់​ពិភព​ត្រៃ​ត្រឹង្ស​ទាំង​ផ្លេក​បន្ទោរ​ក៏​ដាល​ឆ្វៀល​ឆ្វាត់​ច្រាវាត់​ជុំ​វិញ សព្វ​ទិស​នានា សេចក្ដី​អស្ចារ្យ​មាន​ប្រាកដ រហូត​ដល់​សព្វ​គិរិបរពត​សមុទ្រ​សាគរ​ហាក់​ដូច​ជា​មាន​អំណរ​ជួយ​ត្រេក​អរ ចំពោះ​ទាន​បារមី​នៃ​ព្រះ​អង្គ ទាំង​ពួក​អមរ​វង្ស​ឥន្ទ​ព្រហ្មបជាបតី​ទាំង​ព្រះ​អាទិត្យ​ព្រះ​ចន្ទ្រ ព្រះ​យមរាជ​ព្រះ​វេស្សវ័ណ​ក្ដី​សឹង​មាន​សេចក្ដី​ត្រេក​អរ​គ្រប់​ៗ គ្នា ទទួល​អនុមោទនា​សរសើរ​ព្រះ​អង្គ​ថា ឱ! ព្រះ​បាទ​វិបុល​រាជ​អើយ! ព្រះ​អង្គ​ទ្រង់​បរិច្ចាគ​ទាន​ឥត​មាន​នរណា​ធ្វើ​ដូច​ព្រះ​អង្គ​បាន​ឡើយ, បុគ្គល​ជា​សប្បុរស​តែង​ឲ្យ​របស់​ដែល​គេ​ឲ្យ​បាន​ដោយ​កម្រ តែង​ធ្វើ​នូវ​អំពើ​ដែល​អ្នក​ទាំង​ពួង​ធ្វើ​បាន​ដោយ​កម្រ ឯ​អសប្បុរស​ធ្វើ​តាម​យ៉ាង​នេះ​ផង​ពុំ​បាន​ទេ, ធម៌​របស់​ពួក​សប្បុរស​ទាំង​ឡាយ គឺ​ពួក​អសប្បុរស​កម្រ​នឹង​ប្រព្រឹត្ត​តាម​កើត​ណាស់​ព្រោះ​ហេតុ​នោះ បាន​ជា​សប្បុរស​នឹង​អសប្បុរស​តែង​មាន​គតិ​ដំណើរ​អន្ទោល​ទៅ​កាន់​ភព​ផ្សេង​គ្នា គឺ​អសប្បុរស​តែង​ទៅ​កាន់​ទុគ្គតិភព សប្បុរស​រមែង​ទៅ​កាន់​ស្ថាន​សួគ៌ ។ សក្កទេវរាជ​នោះ​លុះ​ពោល​សរសើរ​ព្រះ​បាទ​វិបុល​រាជ​រួច​ហើយ ក៏​ហោះ​ត្រឡប់​ទៅ​កាន់​ឋាន​អាត្មា​វិញ​ហោង ។

តមត្ថំ បកាសេន្តោ សត្ថា អាហ ព្រះ​សាស្ដា​ចរិយាវង្ស​កាល​ទ្រង់​ប្រកាស​សេចក្ដី​នោះ​ទ្រង់​ត្រាស់​ថាៈ

ឥទំ វត្វា ន មឃវា ទេវរាជា សុជម្បតិ ពោធិសត្តំ ថូតឹ កត្វា សគ្គកាយំ អបក្កមាតិ

ទេវរាជ​ឈ្មោះ​មឃវា ជា​ស្វាមី​នៃ​នាង​សុជាតា ពោល​សរសើរ​ព្រះ​ពោធិសត្វ​ដូច្នេះ​ហើយ ក៏​ភៀស​ខ្លួន​ចៀស​ចេញ​ទៅ​កាន់​ទេវលោក​ទៅ ។ ព្រះ​បាទ​វិបុល​រាជ​នៅ​ក្រុង​សុចវត្តី​ស្រី​មហានគរ ទ្រង់​ប្រកប​ដោយ​ទសពិធរាជធម៌​ឥត​មាន​ល្អក់​កករ ក្នុង​ព្រះ​រាជហ្ឬទ័យ​ឡើយ ហើយ​ទ្រង់​សន្សំ​បុណ្យ​ទាំង​ឡាយ​មាន​ទាន​ជា​ដើម រៀង​រាប​ដរាប​ដល់​អស់​ព្រះ​ជន្មាយុ ស្ដេច​បាន​ទៅ​សោយ​សេចក្ដី​សុខ​ក្នុង​ទេវលោក ។ សម្ដេច​ព្រះ​បរម​សាស្ដាចារ្យ ទ្រង់​នាំ​ធម៌​ទេសនា​មក​សំដែង​ប្រាប់​ភិក្ខុ​ទាំងឡាយ​ថា "ម្នាល​ភិក្ខុ​ទាំង​ឡាយ តថគត​បាន​ឲ្យ​ទាន​ដ៏​ធំ​នេះ មិន​មែន​តែ​ក្នុង​កាល​ឥឡូវ​នេះ​ទេ កាល​ពី​មុន​ដែល​តថាគត​កើត​ជា​ស្ដេច​វិបុល​រាជ ក៏​តថាគត​បាន​ឲ្យ​ទាន​មាន​សេចក្ដី​អស្ចារ្យ​ជា​អនេក​ប្រការ​យ៉ាង​នេះ​ដែរ ។ លុះ​ត្រាស់​ដូច្នោះ​ហើយ​ព្រះ​អង្គ​ប្រកាស​នូវ​សច្ចធម៌​ទាំង​ឡាយ ទើប​ទ្រង់​ប្រជុំ​ជាតក​ក្នុង​ទី​បំផុត​នៃ​សច្ចកថា​ថា "ស្ដេច​ទេវតា​បាន​ចេរវិល​វឹង​មក​កើត​ជា​ភិក្ខុ​ឈ្មោះ​អនុរទ្ធ នាង​សុន្ទរីទេវី​ជា​អគ្គមហេសី​ព្រះ​បាទ​វិបុលរាជ បាន​ចេរវិល​វឹង​មក​កើត​ជា​នាង​យសោធរាពិម្ពា ជា​មាត​រាហុល នាង​សុចី​ជា​រាជបុត្រី​នៃ​ព្រះ​រាជា​នោះ បាន​មក​កើត​ជា​នាង​កណ្ឌកត្ថើរ, ពួក​ជន​អ្នក​ប្រទេស​សុចិវត្តី​ក្នុង​កាល​ណោះ គឺ​ជា​ពុទ្ធ​បរិស័ទ​របស់​តថាគត​ក្នុង​កាល​ឥឡូវ​នេះ ព្រះ​បាទ​វិបុលរាជ គឺ​ជា​អង្គ​តថាគត​ដែល​ជា​ទី​ពឹង​របស់​សត្វ​លោក​ហ្នឹង​ឯង ។ សូម​អ្នក​ទាំងឡាយ​ជា​ពុទ្ធបរិស័ទ ចង​ចាំ​ចំណាំ​ជា​តក​នេះ ដោយ​បការ​យ៉ាង​នេះ​ឯង ។

ចប់ វិបុលរាជ​ជាតក​ទី ៦ តែ​ប៉ុណ្ណេះ