ⓘ ពិធីបុណ្យ

ពិធីបុណ្យបច្ច័យបួន

បុណ្យបច្ច័យបួន គេធ្វើសម្រាប់ជូនអ្នកមានគុណនៅពេលលោកចាស់ជរា ក្នុងបំណងចង់ឲ្យអ្នកមានគុណបានឃើញផ្ទាល់ ត្រេកអរ ជ្រះថ្លាក្នុងការកុសល។ ម្យ៉ាងទៀត គេធ្វើដើម្បីបញ្ជូនកុសលទៅដល់មាតាបិតា ជីដូនជីតាដែលបានចែកឋានទៅហើយ ដោយខ្លាចក្រែងលោកមានកង្វះខាតនៅលោកខាងមុខ។

ការអប់រំនៅកម្ពុជា គណបក្សនយោបាយនៅកម្ពុជា ប្រវត្តិសាស្ត្រខ្មែរ ភាសានៃកម្ពុជា ភូមិសាស្ត្រកម្ពុជា វប្បធម៌ខ្មែរ សង្គមកម្ពុជា ស្ថាបត្យកម្មខ្មែរ អ្នកល្បីឈ្មោះរបស់ខ្មែរ កម្ពុជា អាស៊ីអាគ្នេយ៍ ទ្វីបអាមេរិក ទ្វីបអូសេអានី អាមេរិកខាងជើង អាស៊ី អាហ្វ្រិក ទ្វីបអឺរ៉ុប នយោបាយនៅអាស៊ី នយោបាយអាមេរិកខាងជើង រដ្ឋាភិបាល បំណែងចែកប្រទេសតាមប្រទេស ប្រទេសនៅអាមេរិកខាងជើង ប្រទេសនៅអាស៊ី ភូមិសាស្ត្រនយោបាយអាមេរិកខាងជើង ភូមិសាស្ត្រនយោបាយអាស៊ី ប្រវត្តិសាស្ត្រអាស៊ី ឋានន្តរសក្ដិរាជវង្សនិងអភិជន ទ្វីប នយោបាយ បំណែងចែករដ្ឋបាល ប្រទេស ប្រវត្តិសាស្ត្រ ភូមិសាស្ត្រនយោបាយ
                                     

ⓘ ពិធីបុណ្យ

ពិធីនេះគឺជារបៀបបុរាណសុទ្ធសាធ ដែលបានដកស្រង់ចេញពីសាស្ត្រាស្លឹករិតដែលមានសេសសល់មួយក្បាលយកមកពីវត្តបារាយណ៍ខាងកើត ឃុំបារាយណ៍ ស្រុកកំពង់លាវ ខេត្តព្រៃវែង និង បានកែសម្រួលពាក្យពេចន៍ខ្លះៗ ។ មធ្មតាអ្នកជំងឺ ដែលមិនអាចព្យាបាលតទៅទៀត នោះច្បាស់ជាស្លាប់មិនខានឡើយ គេក៏រកអាចារ្យអ្នកចេះដឹងមកអង្គុយចាំក្បែរអ្នកជំងឺដើម្បីណែនាំវិធីផ្សេងៗតាមទំនៀមទម្លាប់មូលដ្ឋានរបស់បុរាណខ្មែរ ។ អាចារ្យដឹងថាមនុស្សឈឺធ្ងន់ពិតជាស្លាប់ គាត់ត្រូវរកក្រណាត់សប៉ុនៗបាតដៃ ឬធំជាងបន្តិចមកសរសេរពាក្យពេចន៍ជាភាសាបាលីដូចតទៅនេះ ចក្ខុសម្ជស្ស សោតសម្ជស្ស ឃានសម្ជស្ស ជីវ្ហាសម្ជស្ស កាយសម្ជស្ស មនោសម្ជស្ស ដាក់ជាក្រណាត់មួយផ្ទាំងតូចនោះ សរុប ៦ ផ្ទាំង រួចហើយដាក់នៅលើក្បាលអ្នកជំងឺ ទុកត្រៀមដល់កម្លាំងខ្សោយខ្លាំងទើបយកចេញ ។ ឲ្យរៀបចំ ទៀនធូប ស្លាត្រួយមកដាក់ទុកបង្កាលសម្រាប់ពេលស្លាប់ដាក់ឲ្យអោបប្រណម ។ អាចារ្យត្រៀមក្រណាត់ស ៥ ហត្ថ ឬលើសក៏បានមកចងជាទង់ព្រលឹងឲ្យហើយស្រេច ។ ពេលចងទង់ព្រលឹង សូត្របាលីថា ឥមំ ធជបដាកំ តាវតឹស ភវនេ ចេតិយស្ស ឧយ្យោជេមិ ឥមិនា និស្សនេ្ទន ។ សរសេរស្រេចហើយត្រូវដាក់ជាមួយនឹងព្រះពុទ្ធរូបដែលមានខ្សែពីទង់នោះមកភ្ជាប់ជាមួយស្លាត្រួយ ដែលយើងត្រៀមឲ្យអ្នកជំងឺប្រណមនោះ មិនឆ្ងាយមិនជិតល្មមអ្នកជំងឺមើលច្បាស់ ។ បន្ទាប់មកអាចារ្យក៏សុំឲ្យកូនចៅញតិផៅសន្តានរបស់អ្នកជំងឺមកជួបជុំដើម្បីសុំស្មាលាទោសនឹងអ្នកជំងឺសុំអភ័យទោសផ្សេងៗ និយាយតែពាក្យល្អៗដល់អ្នកជំងឺ នេះជាវិធីដែលអ្នករាល់គ្នាជួយជូនកុសលផលបុណ្យដែលខ្លួនបានធ្វើទៅឲ្យអ្នកជំងឺ បន្តមកក៏ឲ្យអាចារ្យទូន្មានប្រៀនប្រដៅថា ៖ "ហៃអ្នកមានវាសនាទាំងឡាយ ចូរអ្នកតាំងចិត្តឲ្យបរិសុទ្ធ កុំឲ្យអ្នកមានចិត្តខឹងសម្បារអ្វី ឬ គុំគួនចងពៀរវេរា នឹងអ្នកដទៃណាមួយឡើយ ។ អ្នកអើយ រូបយើងគេទាំងអស់គ្នាសព្វថ្ងៃ សឹងប្រកបដោយសេចក្តីស្លាប់ មកគ្របដណ្តប់ជាប់វិលវល់ក្នុងវដ្តសង្សារ កើតស្លាប់ៗកើត មានតែយើងទាំងអស់គ្នា តាំងចិត្តយកព្រះនិពា្វនជាអារម្មណ៍ទេ ទើបយើងអាចបញ្ចប់ការវិលវល់កើតស្លាប់យ៉ាងនេះ ។ រីឯរូបអ្នកត្រូវតាំងចិត្តរឹងប៉ឹងមានតែព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃទេទើបជាទីពឹងដ៏ឧត្តម ។ អ្នកកុំគិតមមៃស្រមៃមកប្រពន្ធ កូន ទ្រព្យសម្បត្តិអ្វីឡើយ មានតែតាំងចិត្តថ្វាយបង្គំព្រះពុទ្ធព្រះធម៌ ព្រះសង្ឃ និង នឹកគុណមាតាបិតា គ្រូឧបជ្ឈាយាចារ្យ ។ មិនតែប៉ុណ្ណោះអ្នកមានគុណក្តីក៏សូមស្មាលាទោសទាំងអស់ កុំឲ្យមានពៀរវេរាកម្មទៅមុខទៀត ។ អាចារ្យប្រាប់អ្នកជំងឺទៀតថា ៖ ទៀន ធូប ស្លាត្រួយទាំងនេះ យើងរៀបចំជូនដំណឹងឲ្យអ្នក ពេលរលាយបញ្ចុះខន្ធទៅហើយ ចូរអ្នកយកទៅថ្វាយបង្គំព្រះចូឡាមណីចេតិយ នៅឋានតាវតឹស ឬឋានត្រៃត្រិង្ស ឯសំពត់យើងចងជាទង់ព្រលឹងនេះ ជូនឲ្យអ្នកយកទៅថ្វាយបង្គំព្រះចូឡាមណីចេតិយផង ។ ម្យ៉ាងក្រែងអ្នកមានកម្មវេរាឯណាមួយហើយកម្មនោះមករារាំង ឃាំងឃាត់ទារបំណុលធ្វើឲ្យអ្នកវង្វេងផ្លូវ គឺមានទង់នេះជួយដល់អ្នកមានកម្មអាក្រក់នេះ មិនឲ្យមកជិតដល់អ្នកទេ ។ ហើយចូរអ្នកភាវនាជាប់ជានិច្ចថា ៖ "ពុទ្ធំ អរហំៗ" ដៃស្តាំកា្តប់ទង់ព្រលឹង ដៃឆ្វេងកាន់យកទៀន ធូប ស្លាត្រួយ តាំងចិត្តចំពោះព្រះចូឡាមណីចេតិយនៅឋានត្រៃត្រឹង្ស ។ ពេលទៅដល់ហើយអ្នកត្រូវតម្លើងទង់នេះលើកឡើងថ្វាយព្រះចេតិយ ។ រួចស្រេចហើយអ្នកឡើងទៅឈប់នៅស្ថានតុសិត ជាទីសំណាក់អាស្រ័យនៃអ្នកប្រាជ្ញទាំងឡាយមានព្រះពោធិសត្វជាដើម ។ ល ។ ផ្តាំស្រេចហើយអាចារ្យយកក្រណាត់សដែលបានចារពីមុនទុកលើក្បាលដំណេកនោះ មកគ្របទ្វារទាំង ៦ គឺ ចក្ខុសម្ជស្សទ្វារ សោតសម្ជស្សទ្វារ ឃានសម្ជស្សទ្វារ ជីវ្ហាសម្ជស្សទ្វារ កាយសម្ជស្សទ្វារ និង មនោសម្ជស្សទ្វារ ។

អាចារ្យត្រូវពិនិត្យបើដង្ហើមខ្យល់ព្រះអភិធម្មដង្ហក់ញាប់ឡើងៗ ត្រូវអុជទាន ធូប ថ្វាយបង្គំព្រះ រួចហើយអាចារ្យតាំងភាវនា នវហារាទិគុណ និង វត្តគុណ គឺសូត្រអតិ្ថឥស្មឹវិភង្គ និង សូត្រព្រះពុទ្ធគុណសារចុះឡើងតែឧស្សាហ៍ផ្លុំត្រចៀកអ្នកជំងឺឲ្យរឿយៗ ។ បន្ទាប់មកសូត្រជាប់រហូតដូចជាកៅវដាធម៌ផ្សេងៗទៀតតាមដោយប្រាជ្ញាខ្លួនចេះចាំស្ទាត់ ។ ពេលនេះអ្នកខ្លះស្ទាត់កម្មដ្ឋានក៏ឲ្យអង្គុយកម្មដ្ឋាន បញ្ជូនកុសលឲ្យបុគ្គលនោះទៅ ។ ក្រៅពីនេះមានប៉ុន្មាននាក់ឲ្យស្រែកឡើងទាំងអស់គ្នាថា ៖ ពុទ្ធអរហំ ឲ្យព្រមៗគ្នាធ្វើយ៉ាងណាកុំឲ្យឮសព្វសំឡេង មាន់ ទា ឆ្កែ ឆ្មា ឬសំឡេងទួញយំសោកសៅឡើយ ឲ្យឮតែស័ព្ទព្រះធម៌ដ៏វិសេស ។

លុះដល់ខ្យល់ព្រះអភិធម្មមកដល់ដើមក ដកចង្ការមាន់ឲ្យអុជទៀនកល្បមួយ ។ ទៀនយើងយកប្រវែងចង្អុលដៃមកក្រិតជាបីអន្លើ ធ្វើរបៀបនេះចាស់ៗចង់ដឹងថាតើមនុស្សធ្វើទុក្ខអស់ប៉ុន្មានក្រិតនេះ ពេលបុគ្គលនោះផុតរលត់ហើយ ឲ្យគ្របមុខទុកកុំប៉ះពាល់ខ្លួនឡើយ លុះដល់កំរិតមួយឲ្យយកក្រណាត់សរសេរអក្សរ ដែលយើងដាក់នោះចេញពីកន្លែងផ្សេងៗមាន ថ្ងាស ឬ ចង្កាជាដើម ។ ឲ្យនិមន្តព្រះសង្ឃបួនអង្គ ឬ ២ អង្គតាមលទ្ធភាព បើគ្មានព្រះសង្ឃ អាចារ្យក៏បាន រួមនឹងអ្នកផ្សេងទៀតត្រូវចេះធម៌ទឹកនោះ សូត្រភវតុ… ៣ ចប់ ។ រួចអាចារ្យ ឬក៏ឲ្យកូនចៅបិទមាត់ត្រឡប់ភែ្នក បន្ទាប់មកលើកឡើងចំអាស់ឲ្យជ្រះស្អាត ដោយយកទឹកសំបូរ ទឹកម្ជូរ ស្រោចជាក្រោយ ។ រួចមកយកក្រាស់ធ្វើពីឫស្សីសិតសក់ក្រោយ ៣ ដង រួចចោលក្រាស់ដោះចេញទៅ ចាស់ៗថាដើម្បីកើតធម៌សង្វេគរាល់គ្នា ថាគេត្រលប់ទៅវិញហើយយើងទាំងអស់គ្នាតែងតែទៅទាំងអស់គ្នាជាមិនខាន ។ ស្រេចកាលហើយ យកប្រេង ម្សៅ គ្រឿងក្រអូបលាបអស់ទាំងខ្លួន ។ បន្ទាប់ហែកក្រណាត់ស ៤ ហត្ថស្លៀកដណ្តប់ថ្នាក់ទៅមុខ ៤ ហត្ថទៀតស្លៀកថ្នក់ទៅក្រោយ ៤ ហត្ថទៀតពពានាឆៀងស្មា យកកន្សែង ១ ចំអាមគ្រប់មុខ យកក្រណាត់ស ១២ ហត្ថក្រាលជាសំពត់ស្នប់ ដោយដាក់រុំអំបោះជាខ្សែបាស ខាងក្រោមខ័ណ្ឌនៅក ១ ដើមទ្រូង ១ ចង្កេះ ១ ជើង ១ ។ រូចមកលើកបុគ្គលដាក់លើស្នប់ លើកដៃឲ្យប្រណមកាន់ស្លាត្រួយ ទៀន ធូប និង យកប្រាក់សាច់ ឬមាសតាមលទ្ធភាពបង់ក្នុងមាត់គ្របរុំឲ្យណែនដោយយកម្ជុលមកខ្ទាស់ក៏បាន ទើបចងខ្សែបាសសម្លាប់មុខទាញប្រទាក់គ្នាពីលើមកក្រោមទៀត ។ ពេលចងខ្សែបាសអាចារ្យសូត្រថា សពេ្វពុទ្ធា ពលប្បត្តា… ។

បន្ទាប់មកអ្នកម្ចាស់ផ្ទះត្រូវសំពះរកអាចារ្យយោគី និង យោគី ភ្លុក រកអ្នកណាចេះដឹងរាក់ជ្រៅទោះចាស់ក្តីក្មេងក្តីតាមតែបាន ។ បន្ទាប់មករៀបគ្រឿងប្រឡុងមួយចំនួន គ្រឿងបញ្ចុះកំពង់ អាហារចំណីមួយចំណែក ។ គ្រឿងប្រឡុងបានទៅព្រះសង្ឃ ។ គ្រឿងបញ្ចុះកំពង់បានទៅយោគី ។ ឯប្រដាប់ទាំងនោះអាស្រ័យធនធាននៃគ្រួសារមាន ក្រ ។ ឯទង់បង្ហូតអាស្រ័យមូលដ្ឋាន មួយក្តី ២ ក្តីតាមលទ្ធភាព ។

បន្ទាប់មកកូនចៅកោរសក់ស្លៀកពាក់ស កាន់ទុក្ខ និមន្តព្រះសង្ឃ ៤ ឬ៨អង្គ សូត្រធម៌អនិច្ចា មាតិកា កុសលា អវិជ្ជា បង្សុកូល ។ រួចហើយឲ្យលើកបុគ្គលដាក់ក្តារមឈូស ។ ឯអាចារ្យយោគីសមាទានសីល ៨ ឲ្យជាប់ ។ រួចហើយអុជទៀនត្បូង ។ ប្រដាប់រៀបទៀនត្បូងមានៈ ស្រូវមួយកញ្ជើ ប្រាក់តាមលទ្ធភាព សំពត់ ៥ ហត្ថ ចេកទុំមួយស្និត កាំបិតស្លាមួយ ចង្កៀងប្រេងមួយ ក្អមទឹកមួយដាក់លើស្រូវក្នុងកញ្ចើ ។ អាចារ្យយោគីអុជប្រទីបនោះឡើងសន្មតថា ជាទៀនត្បូង ។ ពេលអុជប្រទីបសូត្រថា ៖ ឥមំ ទីឃបទីបំ ឧយ្យោជេមិ ។ ចំពោះទានត្បូងនោះ អាចជាចន្លុះខ្លាញ់ក៏បាន ពីដើមអុជចន្លុះរកមនុស្សមា្នក់មកអង្គុយចាំកៀកចន្លុះ ទោះប្រុស ស្រី ក្មេង ចាស់ក៏បាន អាចារ្យផ្តាំអ្នកកៀសទៀននោះ ។ ឯវត្ថុទាំងនោះត្រូវបានអ្នកអង្គុយចាំកៀសនោះ បន្ទាប់មកនិមន្តព្រះសង្ឃ ឬ គ្រហស្ថសូត្រធម៌កំដរចាំបុគ្គលនោះ ។ អាចារ្យយោគីត្រូវឧទ្ទិសកុសលដល់សព អ្នករក្សាសីល ៨ ក្តី អ្នកចាំរក្សាទៀនត្បូងក្តី អ្នកកាន់ទង់ព្រលឹងក្តី អ្នកសូត្រធម៌កៅវដាក្តី បានន័យថាប្រមូលអានិសង្សនៃអ្នកខំប្រឹងប្រែងទាំងអស់ជូនដល់បុគ្គលស្លាប់នោះ ។ បន្ទាប់មកត្រូវរកយោគី ភ្លុក ៤ នាក់ មកឲ្យអាចារ្យយោគីប្រដៅទូន្មានធម៌ថា អ្នកទាំងអស់អើយ យើងជាអ្នកកាន់បុគ្គលៈ ចូរអ្នកដម្កល់ចិត្តឲ្យជាប់នឹងភាវនាថាពុទ្ធនុស្សតិ… កុំឲ្យដាច់ហាមក្រមាច់ក្រមើម សើចលេងព្រោះអំពើនេះមិនចំរើនដល់អាត្មាយើងឡើយ ។ បន្ទាប់មកពិធីរំកិលបុគ្គលចេញពីផ្ទះ បើបុគ្គលនេះធុំក្លិនហើយ អ្នកនៅផ្ទះទាំងអស់ត្រូវអនុញ្ញាតឲ្យភ្លុក សុំបើកជញ្ជាំងក្បាលដំណេក ឬ ជញ្ជាំងចុងជើង ដោយសមគួរដល់ធម៌ ។ រួចមកឲ្យនិមន្តព្រះសង្ឃបង្សុកូលបុគ្គលនៅលើផ្ទះតែម្តង លុះព្រះសង្ឃនិមន្តចេញហើយ ភ្លុកយោគីអុជទៀនបង្វិលពពិលជាឧត្តរាវដ្ត ដោយថា ៖ ពុទ្ធាស្សតិ…អានាបានស្សតិ ទាំង ១០ នោះឈ្មោះថា អនុស្សតិកម្មដ្ឋាន ។ បង្វិល ៣ ជុំរួចហើយបង្វិលបុគ្គលចេញចាកផ្ទះ ។ ម្ចាស់ផ្ទះយកក្អមទឹកស្រោចលើថ្មជើងក្រានក្តៅរួចធាក់ទម្លាក់ទៅដើម្បីរម្ងាប់កម្មពៀរវេរាផ្សេងៗ ទំនៀមថាជាការកើតធម្មសង្វេគដល់អ្នកនៅរស់។

តទៅនេះនិយាយពិធីដង្ហែបុគ្គល ៖

របៀបហែបុគ្គលទៅកាន់ប៉ាឆាដើម្បីបូជាត្រូវនិមន្តព្រះសង្ឃមួយអង្គគង់ធ្វើព្រះអភិធម្ម និង មានព្រះសង្ឃ អមបុគ្គលសូត្រមតិកា ។ អាចារ្យយោគីកាន់ទង់ព្រលឹង ដើរបន្ទាប់ពីលោកអភិធម្មដោយភាវនាថា រក្ខានុបស្សនា… ដោយសូត្រមិនដាច់ឡើយ ។ អ្នកប្រាយលាជ ដើរបន្ទាប់ពីអាចារ្យយោគីដៃចាប់លាជបាចទៅមុខ ក្រោយ ឆ្វេង ស្តាំ ឲ្យកើតសង្វេគថា រូបយើងទាំងឡាយកើតមកហើយ ស្លាប់ចោលឆ្អឹង ស ស្ងាចនៅលើមហាប្រថពី ដូចដែលលាជនេះត្រឡប់ពុំបានឡើយ ។ អ្នកប្រាយលាជភាវនាថា ៖ មរណធម្មាមិ្ហ មរណំ អនតីតោ កុំឲ្យភ្លេចឡើយ ។ ឯអ្នកបួសមុខភ្លើងត្រូវឲ្យទូលខ្សែស្បូវភ្លាំង បន្ទាប់ពីអ្នកប្រាយលាជ ក៏ឲ្យភាវនាថា ៖ មរណធម្មោម្ហិ មរណំ អនតីតោ កុំភ្លេចឡើយ ។ ត្រូវរំពឹងថា ៖ យើងម្នាក់ៗមានសេចក្តីស្លាប់ជាធម្មតា គ្មាននរណានឹងកន្លងបានឡើយ យើងចេញសាងបព្វជ្ជា និង ស្វែងរកកុសលក្នុងព្រះនិពាន្តឲ្យឃើញច្បាស់ហើយប្រោសអ្នកដ៏មានគុណឲ្យរួចផង ។ ចំពោះភ្លុកទាំង ៤ សែងបុគ្គលនោះក៏ភាវនាថា ៖ រូបំ អនិច្ចំ វេទនា អនិច្ចា សញ្ញ អនិច្ចា សង្ខារាអនិច្ចា វិញ្ញាណំ អនិច្ចំ ឯអ្នកដទៃទៀតដែលជួយសែងរាល់គ្នា ក៏រួមពិចារណាដូចគ្នាដែរ ។ ពេលសែងបុគ្គលត្រូវសែងក្បាលទៅមុខ ។ ដល់ទីប៉ាឆាត្រូវដាក់បុគ្គលនោះចុះ អាចារ្យយោគីបូលសុំទឹកដី ។

                                     

1. វិធីរៀបចំសែនសុំទឹកដី

ស្លាជម ៨ សំពត់ ស មួយ អាវកាសត្រណោត ពីដើមប្រើកាសដោតជាត្រណោត ឥឡូវយើងដាក់ប្រាក់នោះបានហើយ ផ្លែឈើរួមមាន កប្បាស សំឡីផង ។ តែបើបូជាក្នុងសាលាមេរុ ឬ កន្លែងប្រាសាទនោះមិនសុំទេ ព្រោះទីនោះមុននឹងធ្វើគេក្រុងពាលីរួចហើយ ។ ពេលអាចារ្យយោគីសែនសុំទឹកដីហើយក៏ត្រូវចាប់ជើងថ្ករ សូត្ររម្ងាប់ថា ៖ សិរោមេ ពុទ្ធទេវញ្ចលលាតេ ព្រហ្មទេវតា ហទយំ នរាណញ្ច ហត្ថេបារមី សុរាបាទេ ពិស្ណុកញ្ចេវ សព្វកម្មំ បសិទ្ធិមេ រួចហើយយកចុងជើងថ្ករចុចដោតទៅដី ទាំង ៤ នោះ ដោយដោតម្តងមួយជាឧត្តរាវដ្ដ ។ ឥឡូវមិនសូវប្រើជើងថ្ករទេ ព្រោះគេមានកនែ្លងដុត ឬ បើកន្លែងកណ្តាលវាលក៏ពុំសូវប្រើដែរដោយគេយល់ ថាបើជើងថ្ករឆេះមិនអស់នាំឲ្យខ្មោចលង ដូច្នេះបាលីសូត្រខាងលើនេះត្រូវតែត្រូវសូត្រដើម្បីសុំទឹកដីដុតខ្មោច ។ ឯអណ្តាប់បូលភូមិនោះបានអ្នកភ្លុកទាំង ៤ នោះចែកគ្នាទៅ ។ បន្ទាប់អាចារ្យយោគីកាន់ទង់ព្រលឹងដៃស្តាំដើរមុខ អ្នកសែងបុគ្គលដើរតាមក្រោយដោយដើរជាឧត្តរាវដ្ត ពេលដើរអាចារ្យយោគីសូត្រៈ ឧទេតយញ្ច គ្រប់ ៣ ជុំហើយលើកបុគ្គលដាក់ជើងថ្ករ យកក្បាលទៅកើត ។ យោគីឈរលើក្បាលបុគ្គលដៃជាប់ជើងថ្ករ សូត្រ អបេតយញ្ច…ដល់កាត់ខ្សែបាសឲ្យសូត្រថា ៖ អហិរិកំ អន្តោត្តប្បំ វិចិកិច្ឆា ជោតិបរិ យន្តិ តុសិតភវនំ គច្ឆន្តុ សូត្រចប់កាត់ខ្សែបាសទាំងអស់ចេញ ។ ឯកាំបិតកាត់ខ្សែបាសបានទៅអាចារ្យយោគី ។ បន្ទាប់មកភ្លុកទាំង ៤ ទាញបុគ្គលផ្អៀងឲ្យប្រែមុខទៅជើង ។ អាចារ្យ និង ភ្លុកទាំង ៤ ឈួលភ្លើង ដើរជាឧត្តរាវដ្ត សូត្រ អវិជ្ជាបច្ចយា សូត្រចប់ឈួលភ្លើង ។

                                     

2. របៀបឈួលភ្លីង

ប្រសិនបើបូជាសពនៅខែស្រាពណ៍ មិគសិរ ឬចេត្រ ត្រូវឈួលភ្លើងសពពីទិសឧត្តរមុន ។ ប្រសិនបើបូជាសពនៅខែជេស្ឋ អស្សុជ ឬមាឃ ត្រូវឈួលភ្លើងសពពីទិសទក្សិណមុន ។ ប្រសិនបើបូជាសពនៅខែអាសាធ កត្តឹក និងផល្គុន ត្រូវឈួលភ្លើងសពពីទិសបស្ចឹមមុន ។ ប្រសិនបើបូជាសពនៅខែពិសាខ ភទ្របទ ឬបុស្ស ត្រូវឈួលភ្លើងសពពីទិសបូព៌មុន ។ បន្ទាប់មកអាចារ្យភ្លុកទាំង ៤ នៅថែទាំរក្សាភ្លើងដោយភាវនាថា ៖ អយំ ខោមេ កាយោ ឯវមេវំអនតីតោ ឲ្យរំពឹងពិចារណាថា ៖ រូបកាយអញអើយសឹងដូច្នេះឯងគ្មានអ្នកឯណានឹងកន្លងបានឡើយ ពេលពិចារណាដូច្នេះ នឹងបានផលានិសង្សពីការដុតខ្មោចនេះដូចព្រះយកុលបុត្រ និង សម្លាញ់ទាំង ៤ ជាអ្នកដុតខ្មោតស្រីម្នាក់ ហើយពិចារណាអនិច្ចសញ្ញា សេចក្តីសង្វេគរាល់គ្នា លុះលះជាតិទៅ បានសោយសម្បតិ្តក្នុងសុគតិសួគ៌ ទាំងអស់នោះអំពីសាសនាព្រះពុទ្ធ វិបស្សីសម្មាសម្ពុទ្ធ ។ លុះមកដល់សាសនាព្រះពុទ្ធជាម្ចាស់យើងនេះគណនារាប់បាន ៩១ កប្ប ដោយផលានិសង្សដែលដុចខ្មោចនេះឯង ។ តែបើភ្លុកក្រមេចក្រមើមសើចលេងផ្តេសផ្តាសនឹងនាំខ្លួនទៅកាន់អបាយភូមិទាំង ៤ ពុំលែងឡើយ ។

ចំពោះយោគីលើកទង់ព្រលឹងឡើងបង្ហូតឲ្យសូត្រថា ៖ ឥមិនា និស្សន្ទេន ឥមំ ធជបដាកំ មយាតារិកំ បត្ថិតំបុគ្គលស្ស ឧទ្ទិស្សាមិ ដោយអំណាចផលបុណ្យដែលខ្ញុំបានធ្វើនូវទង់សំពត់នេះ ឧទ្ទិសផលដល់បុគ្គលដែលបានស្លាប់សូមកុសលនាំផលបុណ្យនោះទៅដល់ដាក់ព្ធដ៏សួគ៌ទេវលោក ។ លុះភ្លើងឆេះប្រមាណពេញកំឡោះ ឲ្យនិមន្តលោកបង្សុកូល ។ ពេលនេះលោកក៏បានពិចារណា អសុភកម្មដ្ឋាន និង ពិធីបំបួសមុខភើ្លង ។ បំបួលហើយឲ្យសាមណេរនោះទៅឈរខាងក្បាលបុគ្គល អង្គុយក៏បាន ប្រមាណចម្ងាយល្មមភ្លើងក្តៅមិនដល់ ឲ្យសាមណេរប្រមើលរូបបុគ្គលចំរើនក្នុងកាយគតាសតិកម្មដ្ឋាន ។ ចំពោះការបួសសព្វថ្ងៃគេនិយមទៅបួសក្នុងព្រះវិហារជាមុនព្រោះក្នុងព្រះវិហារមានសីមាត្រឹមត្រូវ រួចទើបមកពិចារណានៅកន្លែងប៉ាឆា ។ ចំពោះសាមណេរអ្នក ភាវនានោះថា ៖ កេសា លោមា នខា ទន្តា តចោ ជាអនុលោម បដិលោម ដរាបដល់ភ្លើងរម្ងាប់ទើបច្រូចទឹក បញ្ជូនកុសលឲ្យបុគ្គលនោះ រួចចាកចេញទីនោះ ទើបហៅពេញជាបួសមុខភ្លើងសងគុណម៉ែហោង លុះភ្លើងឆេះពាក់កណ្តាលក៏ឲ្យនិមន្តលោកទេសន៍មុខភ្លើងត្រង់គម្ពីរ អរិយបុគ្គលក៏បាន ព្រះត្រៃលក្ខណ៍ក៏បាន ព្រះវិសុទ្ធិមគ្គក៏បាន ។ លុះភ្លើងឆេះបុគ្គលសុះហើយ ឲ្យចោលសំពត់ដែលគ្របក្តារមឈូសរម្លង ៣ ដង ស្រេចចោលហួសទៅដើម្បីរម្ងាប់ចង្រៃ ឲ្យកូនចៅយកទៅប្រើប្រាស់ទៀតក៏បាន ។

ពេលដុតសុះអស់ហើយអាចារ្យកាន់ទឹកសំបួរមួយផ្តឹល អ្នកភ្លុក ៤ នាក់កាន់ក្អមគ្រប់គ្នាដើរប្រទក្សិណជាឧត្តរាវដ្ត ស្រេចរំលត់ភ្លើង ដោយសូត្រថា ៖ អវិជ្ជាយត្វេវ…សូត្របណ្តើរដើរព័ទ្ធ ៣ ជុំជាឧត្តរាវដ្តស្រេចអាចារ្យប្រមូលរូបខាងក្បាលទៅទិសខាងលិចរួចឧបកិច្ចថា ដូច ឬទេ ល្អ ឬទេ? ថាមិនល្អទេ មិនដូចទេ ។ អាចារ្យរំលាយក្បាលនេះចេញ ធ្វើថ្មីដាក់ក្បាលទៅកើតវិញ សួរទៀត បើថាល្អហើយដូចហើយ ឲ្យសែនឧបកិច្ចដោយយកស្លឹកចេកមួយធាងមកគ្របពីលើរូបនោះយកសំពត់ស ៥ ហត្ថគ្របស្លឹកចេកនោះទៀត និមន្តលោកបង្សុកូល បើគ្មានលោកគឺអាចារ្យយោគី ឬ ភ្លុកបង្សុកូលនោះក៏បានរួចទើបរំលាយរូបនោះចេញពីធាតុលាងទឹកឲ្យស្អាតជ្រះស្រេចហើយលាងទឹកសាប៊ូជាក្រោយ បន្ទាប់មកយកដូងខ្ចីលាងទៀត ជាសម្រេចបរិបូរណ៌ហោង ។

ពេលរើសធាតុហើយអាចារ្យយោគីគាស់ជើងថ្ករ កុំឲ្យភូតបិសាចនៅចាំជើងថ្ករ ក្រែងនឹងលងដល់អ្នកដទៃ ។ គាស់ជើងថ្ករឲ្យសូត្រថា អចិរំ វតយំ កាយោ… ។ រួចសូត្រមន្តថា ឥមំចតុភតំ អបេហិ ។ រីឯចបបានទៅអាចារ្យយោគីគឺសំពត់ទង់ព្រលឹងឲ្យយោគីកាត់ចេញ បោកជ្រះស្អាតធ្វើជាទង់កន្ទុយវែង ប្រគល់ឲ្យអ្នកដើរការដើម្បីយកទៅបង្ហូតថ្វាយទីណាមួយដែលមានព្រះចេតិយទើបគួរ ។ បញ្ជាក់គួរចងចាំ បូជា នឹង ភ្លើង ឲ្យដាក់ក្បាលទៅកើត បោះបណ្តែតទឹកឲ្យដាក់ក្បាលទៅត្បូងកប់ក្នុងដី ឬ ដម្កល់មឈូសទុកក្តី ឲ្យដាក់ក្បាលទៅលិច បើទុកទើរលើចុងឈើ ឬ ក្បាលដំបូកដាកក្បាលទៅជើង បើដាក់ក្នុងកោដ្ឋដាក់ក្បាលឡើងលើ វិធីបញ្ចុះធាតុនិងរកថ្ងៃខែក្រុងពលី ត្រូវរកអ្នកចេះដឹងមើលទីដីបញុះឲ្យច្បាស់លាស់ ទោះបីបញុះនៅត្រង់ណាក៏ដោយ ក៏ត្រូវមើលថ្ងៃអណ្តែតសំរិទិ្ធជោគ ឯថ្ងៃទាំងបានតែថ្ងៃ ៤-៦-១ គឺ ពុធ សុក្រ និង អាទិត្យ ។

បើរកដីល្អបាន រកថ្ងៃល្អបាន ត្រូវរកប្រដាប់ក្រុងពលីរួចមកជីករណ្តៅជ្រុង ៣ ក៏បាន ជ្រុង ២ ដូចខែចំហៀង ២ ជ្រុងក៏បាន ។ ចំពោះជ្រុងរណ្តៅ ៣ ដូចហោងជាងផ្ទះ ឯជ្រុង ឯជ្រុង ២ ដូចខែចំហៀង ។ ឯរណ្តៅជ្រុង ២ នេះត្រូវជីកតាមទំនួលខែ ៖

ផល្គុណ ចេត្រ ពិសាខ កោងទៅបស្ចឹម ជ្រុងទៅបូព៌បារដីទៅ ឧត្តរ ដាក់មាត់កោដ្ឋផ្អៀងមាត់កោដ្ឋទៅឦសាន ។ អស្សុជ កត្តឹក ភទ្របទ កោងទៅបូព៌ ជ្រុងទៅបស្ចឹម បារដីទៅទក្សិណ ផ្អៀងមាត់កោដ្ឋទៅអាគ្នេយ៍ ។ មិគសិរបុស្ស មាឃកោងទៅទក្សិណ ជ្រុងទៅឧត្តរ បារដីទៅបស្ចឹម ផ្អៀងមាត់កោដ្ឋទៅនិរតី ។ ជីករណ្តៅស្រេចហើយយកគ្រឿងសម្រឹត បើគ្មានយកឪទិន ឬពាងក៏បាន ដាក់ទឹកឲ្យពេញប្រៀបដាក់ក្នុងបាតរណ្តៅទើបយកកោដ្ឋ ទៅដាក់លើមាត់ពាង ឬឪទិននោះ លុបដី និមន្តព្រះសង្ឃបង្សុកូល យកទឹកច្រូច យកទឹកអប់មកស្រោចពីលើ ត្រជាក់ត្រជុំហោង ។

តើបុគ្គលិកលក្ខណៈដូចម្តេចដែលធ្វើអាចារ្យយោគី?

ត្រូវប្រកបដោយធម៌ ៤ ប្រការគឺស្ងិតក្នុងសីល ៥ ឬ៨មួយមានចិត្តមេត្តាអណិត អ្នកទីទាល់ក្រលំបាក ខ្វះទ្រព្យធនកុំឲ្យយោគីបង្គាប់តាមក្បួនគឺឲ្យជួយរលាយបុគ្គលយកបុណ្យកុសលមួយ អលោភោ កុំលោភលន់ ក្រៅគន្លងមួយ ធម្មសណ្ហវាចា គឺចេះពោលពាក្យពីរោះ ចេះស្រដីទូន្មានពីរោះប្រដៅអ្នកជំងឺឲ្យមានតម្រេកក្នុងធម៌មួយ ។ អ្នកធ្វើយោគីបានអានិសង្ស ៣ ប្រការ អាយុវែងមួយ មានញាតិសន្តាន និង បរិវារច្រើនមួយ និង បានប្រាជ្ញាទិព្វមួយ តែបើធើ្វយោគីមិនល្អ មិនប្រកបដោយធម៌ទេ មានទោស ៣ ប្រការ មានសេចក្តីអរហានិន្ទាមួយ កើតជាអ្នកហិនហោចអាប់ប្រាជ្ញាមួយ មានទ្រព្យបានត្រឹមរក្សាទុកឲ្យគេមើតែមួយប៉ុណ្ណោះ ។

                                     

3. ពិធីមើលត្បូងកន្ទុយនាគ

ពេលបញ្ចុះធាតុ ជីករណ្តៅជ្រុង ៣ មើលទីស្ថានល្អ ត្រូវមើលត្បូងនាគកន្ទុយនាគរួចហើយអាចារ្យយោគីយកស្លាត្រួយថ្វាយព្រះធរណីសូត្រថា មោករំ បិតាបាបំ វិនាសន្តិ ។ សូត្រ ២០ ដងទើបជីករណ្តៅជា ៣ជ្រុងស្មើជម្រៅ ១ ហត្ថ ទើបយកទៀន ធូប អុជអមរណ្តៅ រួចហើយសូត្រផ្ចាញ់មារថា ៖ បញ្ចមារេ ជិនោ នាថោ សមោ្ពធិមុត្តមំ ឯតេន សច្ជវជេ្ជន បញ្ជមារា បលាយនិ្ត សូត្រ ៣ ចប់បន្ទាប់មកសូត្រដម្កល់ព្រះធរណីថា ៖ មឋវីពលំសព្វពោធិមណ្ឌលា អសំខេយ្យា មារសេនំ ជិយន្តុ ជេយ្យ មំ តុលំ យកទៀនធូបមកកាត់ប្រវែងចង្អុលដៃ ជា ៤ យកកន្លះដោតទៀន អុជទាំង ៤ ដោតទៅបាយពំនួតទាំងបួន នោះយកទៅដាក់ទាំង ៤ ទិសនៅរណ្តៅ ទើបស្រាយធាតុដាក់ជាកណ្តាលដោយសូត្របាលីថា តឹស អាគច្ឆនិ្ត មោអ បថវីធាតុ បតនិ្ត ភវេ សូត្រ ១២ ដង ។ រួចសូត្របន្តថា ៖ តឹស អាគច្ឆនិ្ត មោអ បថវីធាតុ បតនិ្ត ភវេ សូត្រ ២១ ចប់ រួចបន្តទៀតថាអាគច្ឆនិ្ត ពុតេជោធាតុ បតន្តិ ភវេ សូត្រ ១០ ដងហើយសូត្រទៀតថា ៖ ចតុភូតោហភូតំ ធាតុឥ ភវំ សន្តិម្ហិសិនោ សូត្រ ៣ ដង រួចតមកយោគីផ្តាំអស់កូនចៅគ្រប់ៗគ្នាឲ្យខមាទោសអាចារ្យយោគីបង្គាប់ឲ្យថាតាមដូចតទៅ ឧកាស អតីតំ ទោសំ អនាគតំ ទោសំ វេរា កម្មំ បាបសព្វំ ឧប្បជ្ជន្ពុ នោ អហោសិកម្មំ សំវរោតិ កាយកម្មំ មនោកម្មំ វចីកម្មំ មេ ទោសំ អនាគតំ មេ ទោសំ បច្ចុប្បន្នំ មេ សព្វ ទោសំ ខមាមិហំ ។

អាចារ្យយោគីបន្តថា អស់បងប្អូនកូនចៅញាតិផៅ នាំអ្នកមកបញ្ចុះនេះកុំឲ្យអ្នកគិតរលឹកមកដល់បងប្អូនកូនចៅ នូវអស់ទាំងទ្រព្យធនទាំងឡាយឡីយ ។ ព្រោះអ្វីៗសុទ្ធតែអស់ខ្លឹមសារ គ្មានអ្វីស្ថិតស្ថេរទេ សូម្បីភ្នំព្រះសុមេរុកំពស់ ៨៤០០០ យោជន៍ក្តី មហាប្រថពីកម្រាស់ ២៤០០០០ យោជន៍ក្តី ទឹកនព្វមហាសម្រទ្រជំរៅ ៨៤០០០ យោជន៍ក្តី បើភ្លើងប្រល័យកប្បហើយសឹងឆេះវិនាសអស់ហោង ។ មិនត្រឹមតែប៉ុណ្ណោះសូម្បីទេវតា ឥន្ទ ព្រហ្ម តែងដល់កំណត់ហើយ សឹងតែឆេះឯង ។ ប៉ុន្តែទេវតា ឥន្ទ ព្រហ្ម នេះជាកន្លែងសុខមួយរយៈវែងមុនដល់ភ្លើងឆេះកល្ប ។ ដូចនេះបើបានកើតនៅស្ថានទេវតា ឥន្ទ ព្រហ្ម នោះហើយ សូមឲ្យពរកូនចៅញាតិសន្តាននៅធ្វើការរកស៊ីត្រជាក់ជ្រជុំសុខដុម កុំឲ្យឈឺដម្កាត់ ឬ ភិតភ័យមោះមៃអ្វីឡើយ សូមឲ្យមានអាយុវែង ។ អាចារ្យយោគីនិយាយចប់ឲ្យបងប្អូនកូនចៅជិតនោះទទូលថា ៖ សាធុៗព្រមៗ រួចហើយកូនចៅយកស្លាដាក់ទៅក្នុងរណ្តៅគ្រប់គ្នា រួចមកអាចារ្យយោគីយកអំបោះទាញជាខ្សែស្នូរ ដាក់លើមាត់រណ្តៅទុកចងប្រវែងចង្អុលដៃទើបលុបដីដោយសូត្រថា ៖ ព្រះធរណី ព្រះគង្គារ ចៅវេយ្យ យូរិមិយំ សេឃាតំលោវិទូ ពុទ្ធោ អនន្តធម្មោស ចក្រវាឡ សំឃោ និពា្វនំ បរមំ សុខំ មេត្តញ្ច សព្វលោកស្មឹ មានសម្តា វយេ សពេ្វ សត្តា អវេរាហោន្តុ បន្តមកលុបជាខ្នង អណ្តើកស្រេចហើយ រយៈពេល ៧ ថ្ងៃឲ្យកូនចៅទៅមើលទីស្ថាន បើស្រុតឲ្យលុបថែម ។

កំណត់ចំណាំ

ឯទៀន ៥ ធូប ៥ ម្លូត្រួយ ៥ នេះកូនចៅបុគ្គលផ្ទាល់ទុកយកស្មាលាទោសពីបុគ្គលនោះ ។ ឯទៀនកល្បមួយ ធូបមួយ ត្រួយមួយ ផ្កា អុជថ្វាយទៅព្រះពុទ្ធគុណនោះឯង ដោយសូត្រថា ៖ ឧកាស អតិពហុបូជា ឥមំ ទីបធូបំ ពុទ្ធគុណំ កោមិ ។ ឯទៀន ៥ ធូប ៥ ផ្កា ៥ នេះអុជថ្វាយទៅធាតុទាំង ៥ ដើម្បីនាំបុគ្គលទៅហោង ។ ដោយសូត្រថា ៖ ឧកាស អតិពហុបូជា ឥមំ ទីបធូបំ បូជំ ធាតុគុណំ ករោមិ ។ ឲ្យលោកនាំសោយសម្បត្តិនាយហោង ។ ន ម ក គាថានេះបើសរសេរទង់ព្រលឹងសូត្រ ៣ ចប់ ឧកថេសិៗកិករនានំអហំបិតព្ចានាមិ ។ គាថានេះសរសេរដាក់ដោយទង់ព្រលឹងទាំង ៤ សិ ភ ច សុ ឧ រ សុ ។ គាថាសរសេរដាក់កណ្តាលទង់ព្រលឹងថា ៖ ទ្វ រឧ ហ ង សក់ឲ្យនេះគួចជា ៨ ជាន់ ។ កាលលើកបុគ្គលជម្រះទឹក សូត្រ អត្ថិ ឥមស្មឹ ចប់ស្រោចទឹកទៅ ។ សំ វិ ធា បុ ក យ ប សូត្រកាលប្រែរូបបុគ្គល ។ នមោពុទ្ធាយ នេះសូត្រសូន្យរូបធ្វើជាមា្រមដៃជើងនោះហោង ។

ចក្ខុសម្ជស្សជា សោតសម្ជស្សជា យានសម្ជស្សជា ជី្ហវាសម្ជស្សជា កាយសម្ជស្សជា មនោសម្ជស្សជា ទាំង ៦ បទចារដាក់ ចង្ការបុគ្គល ។ ឥតិបិសោ នមោពុទ្ធាយ ចារដាក់ថ្ងាសបុគ្គល ។ ឥតិបិសោ ចាតមហា រាជិកានំ ទេវានំ រក្ខន្តិ ចារដាក់ទ្រូងបុគ្គល ។ ឥតិបិសោភគវា តាវតឹសានំ ទេវានំ រក្ខន្តិ ចារដាក់បាតដៃស្តាំបុគ្គល ។ អ ម ឧ អ ម ឧ ម អតិ ចារដាក់ក្រោមខ្នើយបុគ្គល ។ សោ សោ អ អា អា ន នេតិ ចារដាក់បាតដៃឆ្វេងបុគ្គល ។

ពេលអ្នកជំងឺមិនទាន់ស្លាប់អ្នកនៅអងត្រចៀកឆ្វេងអ្នកជំងឺ ឲ្យភាវនាផ្ទប់ត្រជៀកថា សតិបដ្ឋាន សតិបដ្ឋាន ១០០ ចប់ ។ ឥតិបិសោភគវាកឹករណំ តាវតឹង្សា ភវនំ គច្ឆន្តិ ទេវា ១០០ ចប់ ឥតិបិសោភគវាកឹករណំ ទេវា រក្ខនិ្ត ១០០ ចប់បែរមុខឥសាន ឲ្យព្រះបាទ កំករណា ឲ្យបើកផ្លូវ ។ មត្តរាជ្ជ សំវានិតានំ ម អ ឧ ។ ឧប្បចានំ រាជាតិ បរិយន្តិ មហា តុសិត ភបនំគច្ជនិ្ត សូត្រច្រូចទឹកឲ្យបុគ្គល ។

បង្សុកូលលើផ្ទះ សូត្រ ករុណា កុសល មាតិកា ។ ដាក់ក្នុងក្តារហើយក្តី នៅក្រៅក្តី បង្សុកូល សូត្រ ឯកនោមកឹ កុសលា សត្តបករណ៍ ។ ដុតហើយប្រែរូបបង្សុកូល សូត្រ អវិជ្ជា បច្ចយា អវិជ្ជាយត្វេវ ពុទ្ធានុស្សតិ ។


                                     

4. ចំពោះខ្មោចតៃហោង

បើបញ្ចុះនៅទីណា ឲ្យបូជានៅទីនោះពេលដារ ត្រូវសូត្រពិស្តារ ៧ ចប់ចំនួន ១ ព្រឹក ឯ ចង្ហាន់រាប់បាត្រឲ្យយក រមៀត ១ ខ្ញី ១ បុកត្រងយកទឹកលាយជាមួយអង្ករ យកទៅដណ្តាំបាយរាប់បាត្រ ។ ត្រូវមានកន្ទោង ៤ ដាក់ឲ្យភ្លុកទាំង ៤ រាប់បាត្រហើយត្រូវដាក់ទៅកន្ទោងនោះផង ។ ពេលដារត្រូវបន់ជូនផលានិសង្សទៅព្រះកាលព្រះបាទទសមុខ ពេលដារសូត្រពិស្តារ ៦ ចប់ ។ ពេលយកចង្ហាន់ កន្ទោង និង ផ្លែឈើមកហើយ ឲ្យជីករណ្តៅកប់នៅក្រោមរានដែលយើងធ្វើនៅទិសអាគ្នេយ៍ ។ រួចមកសូន្យរូបព្រះកាល រូបព្រះបាទទសមុខ ផ្ទល់ខ្នងគ្នាដាក់លើរាន ។ ឯផ្លែឈើថ្វាយដាក់លើរានក្នុងតោពីរ ឲ្យដុតរូបនោះ ដោយអំពិល ១ ក្រសាំង ១ សង្កែ ១ ទ្រមែង ១ ឲ្យយក ៧ កង់មួយមុខៗដើម្បីដុតរូបព្រះកាល និង ទសមុខនោះ រួចហើយយោគីសូត្ររម្ងាប់ដោយឈមមុខទៅទិសទាំង៨ លុះត្រាតែរលត់ភ្លើងនោះហោង ។

ឯពេលគាស់បុគ្គលឡើង ឲ្យនិមន្តព្រះសង្ឃ ៤ អង្គបែរមុខចេញគ្រប់ទិសជុំវិញបុគ្គលឲ្យលោកសូត្រថា ៖ ចរន្តំ ទិសំ អហាសិ សុខំ បរមំ សុខំនិពា្វនំ បរមំ កតា រូបក្ខន្ធោ អនត្តា បរមំ សញ្ញា និព្វានំ សោ ភគវា ឥតិ អរហំ ៣ចប់ ឬ ៧ចប់តាមជំពូកបុគ្គល ។ បាលីនេះ យោ ដា សម្មា សម្ពុទា ធម្មោ កត្តានំ រត្តយេ រកត្តានំ មនុ សន្តិ ចាយំ បហាយ មនុស្ស ទេហំ ទេវកាយំ បរិបតន្តិ សូត្រ ៣ ដល់ ៧ ចប់ នេះជាបាលីសូត្រដាក់ក្រណាត់សក្រាលដាក់មនុស្សណាដែលស្លាប់ដោយព្រះកាល និង ព្រះបាទទសមុខ ។ បើបានសូត្រ ៧ ចប់ហើយបែរបន់ថែមជូនព្រះកាល និង ព្រះបាទទសមុខនោះបាត់បាបចង្រៃអ្វីទាំងអស់ហើយ ។ បើពុំបានធ្វើដូចបង្គាប់នេះទេនោះកូនចៅអ្នកនៅរស់នៅមិនបាប រួចកម្មពៀរព្រះកាល និង ព្រះបាទទសមុខទេ ។ យាយ កលា កាក លិច្ចោ វេយ យរិមិយំ លោកំ ឆៗ ទិ ។

នេះនឹងស្រដីពី ស្លាប់ដោយម្រឹត្យូវ ១ ស្លាប់នឹងជំងឺបួស ១ ជំងឺហត់ ជំងឺចុះផ្ទៃ ១ ជំងឺអាបទាញា ១ ជំងឺក្អក ១ ជំងឺហឺត ១ ក្អកក្អតស្លាប់ ១ ស្លាប់ និង ជំងឺ ១ ស្រាប់តែស្លាប់ ១ ស្លាប់ទាំងអំបោលនេះសឹងបង្សុកូលចំអាសបានហោង រីឯស្លាប់នឹងព្រះកាលគឺ រំបល់ ១ សំរាលកូនមិនរួច ១ សំរាលកូនហើយឈឺស្លាប់ ១ នេះហៅថាស្លាប់ដោយព្រាយ មិនអាចចងទង់ព្រលឹងបង្សុកូលបានឡើយឲ្យយកខ្មោចយកទៅកប់យ៉ាងប្រញាប់ដាក់ក្បាលទៅជើង ។

                                     

5. អំពីទង់ព្រលឹង

នៅគ្រប់ស្រុកក្នុងប្រទេសកម្ពុជា គេតែងនិយមប្រើទង់ក្រពើ និង ទង់ព្រលឹងនៅពេលមានមនុស្សស្លាប់ ។ កាលណាអ្នកជំងឺមានកម្លាំងតិចជិតនឹងអស់ខ្យល់ អស្សាសៈ បស្សាសៈហើយលោកអាចារ្យតែងយកសំពត់សប្រវែង ៤ ហត្ថ បត់ជា ២ យកឈើ ឬបន្ទះ រឫស្សី ២ កំណាត់ដាក់ខ្វែងគ្នាគឺមួយជាដង មួយជាឈើឆ្កាង រួចស៊កក្នុងផ្នត់សំពត់ រួចចងបង្រួមក្រសោបក្រោយសម្រាប់កាន់ មានឆ្នាំងបាយថ្មីមួយ ចងបន្តោងភ្ជាប់នឹងដងទង់នោះផង ហើយអាចារ្យសរសេរបាលីក្នុងផ្ទៃនោះថា ៖ ឥមំ ធជ បជាកំ តាវតឹស ភវនេ ចេតិយស្ស ឧយ្យោជេមិ ឥមិន និស្សន្ទេន ។ ឬសរសេរថា ៖ អាទាយ វត ឥទំ អយំ តុសិតភវនំ អាគច្ឆន្តិ អសាមិកំ សុញ្ញំ គណា្ហមិ ។

ហើយអាចារ្យលើកទង់នោះទៅដាក់ក្បាលដំណេកបុគ្គលសា្លប់រួចផ្តាំបុគ្គលខ្មោច នោះថា: ទង់ព្រលឹងនេះជាសំបុត្រដើរផ្លូវរបស់អ្នកហើយចូរអ្នកកាន់ឲ្យជាប់ដើម្បីធ្វើដំណើរទៅថ្វាយបង្គំព្រះចូឡាមណីចេតិយព្រោះអ្នកទៅតែម្នាក់ឯងគ្មានអ្នកណានាំផ្លូវទេ ។

                                     

6. ប្រវតិ្តរបស់ទង់ព្រលឹង

កាលពីអតីតកាលដ៏យូរលង់ មានបុរសម្នាក់មានកូនប្រុសមួយជាទីស្រលាញ់ បានសុំឪពុកទៅរៀនសិល្បសាស្រ្តឯនគរ តក្ករសិលា លុះរៀនចប់សុំលាអាចារ្យចេញទៅរកគ្រូផ្សេងទៀត ដើម្បីរៀនបន្ថែម ។ លុះដើរទៅបានជួបប្រទះនឹងព្រះបច្ចេកពុទ្ធមួយអង្គ ឃើញលោកព្រឹត្តល្អតាមរបៀបសមណៈ មាណពនោះមានចិត្តស្រលាញ់ជ្រះថ្លា ក៏ចូលសុំទៅរៀនក្នុងសំណាក់ព្រះបច្ចេកពុទ្ធ លោកឲ្យរៀនតែលោកឲ្យបួសសិន ។ មាណពនោះបួសរួចហើយលោកបង្រៀនធម៌ វិបស្សនាកម្មដ្ឋាន ។ នៅរៀនយូរៗទៅមាណពនោះ បានសម្រេចពោធិញ្ញាណ ជាព្រះបច្ចេកពុទ្ធមួយអង្គដូចព្រះបច្ចេកពុទ្ធជាគ្រូដែរ ។ មិនយូរប៉ុន្មានមាណពបច្ចេកពុទ្ធក៏ចូលបរិនិពា្វនទៅទាំងវ័យក្មេង គួរឲ្យសោកស្តាយសម្រាប់បុគ្គលជាបុថុជ្ជន ។ អ្នកស្រុកភូមិនៅក្បែរនោះនាំគ្នាធ្វើបុណ្យបូជាសព ហើយកសាងចេតិយមួយបញ្ចុះអដិ្ឋធាតុព្រះបច្ចេកពុទ្ធអង្គនោះត្រង់ផ្លូវបំបែក ។ បុរសជាឪពុកបាត់កូនយូរពេកក៏ទៅតាមកូន ដល់ស្រុកនោះហើយក៏សួររក ។ អ្នកស្រុកបានប្រាប់តាមដំណើររឿងថា ៖ កូនរបស់អ្នកឯងបានសម្រេចជាព្រះបច្ចេកពុទ្ធមួយអង្គចូលបរិនិពា្វនបាត់ហើយ ។ បុរសជាឪពុកក៏យំសោកស្តាយអាល័យកូន ។ បន្ទាប់មកឪពុកក៏ទៅដងទឹកស្រោចស្រពទ្រនាប់ខ្សាច់ចេតិយ រួចយកក្រមាបង់ក ចងធ្វើជាទង់ ដោយ ឧទិ្ទសថ្វាយនៅមុខចេតិយ ហើយថ្វាយបង្គំលាវិលត្រលប់ទៅវិញ ។ ឃើញដូច្នោះអ្នកស្រុកនៅជិតនោះ ក៏យកតម្រាប់តាម ។

លុះចំណេរកាលតមកទៀតក៏ក្លាយទៅជាទំនៀមទម្លាប់គឺពេលដែលបែខ្មោច អាចារ្យតែងលីទង់ព្រលឹងដើរមុខប៉ាឆា ទើបយកទង់នោះទៅដាក់នៅទិសឥសាន ជាសញ្ញាឲ្យខ្មោចដឹងថាខ្លួនត្រូវចេញដំណើរទៅតាមទិសឥសាន ដើម្បីទៅថ្វាយបង្គំព្រះចូឡោមណីចេតិយ ។



                                     

7. ប្រវត្តិរបស់ទង់ក្រពើ ទី ១

កាលព្រះសម្មាសម្ពុទ្ធ គង់ធរមាននៅឡើយមានសត្វក្រពើញីឈ្មោល ១ គូរមានសេចក្តីជ្រះថ្លានឹងព្រះពុទ្ធសាសនាក៏ចូលទៅសុំព្រះពុទ្ធអង្គបួស តែព្រះពុទ្ធអង្គព្រមអនុញ្ញាត ព្រោះជាសត្វតិរច្ឆាន ។ ក្រពើក្រាបទូលព្រះអង្គថា យើងខ្ញុំព្រះអង្គទាំងពីររូបនេះពុំមាននិស្ស័យសាសនាព្រះអង្គសូមធ្វើសំណូមពរថាបើយើងខ្ញុំស្លាប់ទៅសូមឲ្យគេយកស្បែកយើងខ្ញុំទៅដោតធ្វើជាទង់ថ្វាយចំពោះព្រះភ័ក្រ្តព្រះអង្គទុកជាសក្ការៈបូជាកុំបីខានឡើយ ។ ព្រះពុទ្ធអង្គទ្រង់ទទួលសំណូមពរនោះដោយព្រះមេតា្ត ។ លុះក្រពើនោះស្លាប់ទៅគេក៏យកស្បែកក្រពើទៅដោតថ្វាយតាមសំណូមពរមែន ។

លុះព្រះសម្មាសម្ពុទ្ធទ្រង់ចូលនិព្វាន្តទៅ ស្បែកក្រពើនោះក៏ពុករលួយអស់គេក៏នាំគ្នាយកសំពតស ឬក្រដាសមករចនាធ្វើជារាងស្បែកក្រពើដើម្បីជាតំណាងតទៅទៀត ។ ដូចយើងតែងឃើញគេដោតទង់ក្រពើនៅគ្រប់កនែ្លងអាសនៈព្រះពុទ្ធរូបស្រាប់ ។

                                     

8. ប្រវត្តិទង់ក្រពើ ទី ២

កាលណាមានមនុស្សស្លាប់ គេតែងយកទង់ក្រពើទៅចងនៅមុខផ្ទះ ឬទីណាមួយដែលញាតិមិត្តបងប្អូនជិតឆ្ងាយអាចមើលឃើញបាន ។ គេចងទង់ក្រពើមួយ ឬ ២ មិនកំណត់ហើយជាទំនៀមទម្លាប់របស់ខ្មែរយើងពេញទាំងប្រទេសទៅហើយ ។ នៅសម័យដើម ឬសម័យនេះក៏ដោយ បើគ្រួសារខ្មែរយើងខ្លះនៅកាន់ទំនៀមទម្លាប់កប់សពប៉ុណ្ណេះប៉ុណ្ណោះឆ្នាំ ទើបលើកយកឆ្អឹងមកបូជា គេតែងតែចងទង់ក្រពើនៅក្បែរផ្នូរខ្មោចរហូតដល់ទង់នោះដាច់ដោយខ្លួនឯង ។ ជួនអីដល់ថ្ងៃខួបនៃសពនោះដែលទទួលមរណភាពគេក៏ចងទង់ថ្មីមួយទៀតក៏មាន ។

ការនិយមចងទង់ក្រពើនេះមានប្រវត្តិដូចតទៅនេះ ៖

ក្នុងរាជសេ្តចអង្គចន្ទទី ២ រាជធានីនៅឧត្តុង្គមានជ័យ សេ្តចមានបុត្រមួយអង្គព្រះអង្គ ប្រកបដោយរូបឆោមល្អ ព្រះនាមព្រះអង្គម្ចាស់ក្សត្រី ក្រពុំឈូក ប៉ុន្តែកាលទ្រង់ព្រះជន្មបាន ១៦ វស្សាក៏ត្រូវក្រពើមួយដ៏ធំឈ្មោះ អាធន់ ដែលក្លាយខ្លួនមកពីលោកនេនមួយអង្គឈ្មោះនេនធន់ បានចាប់លេបទាំងរស់ ។ សេ្តចបិតាទ្រង់សា្តយណាស់បានចាត់ការផ្សងកន្ទោងខៀវដេញតាមក្រពើ នេនធន់ អស់ពេលវេលាច្រើនថ្ងៃ ។ លុះដល់ថ្ងៃទី ៧ ក៏ចាប់ក្រពើនេះបាននៅខេត្តក្រចេះ ។ ដោយមាតានៃក្សត្រីក្រពុំឈូកនេះនឹកស្រលាញ់កូនខ្លាំងពេកក៏ឲ្យគេវះពោះក្រពើយកបុត្រចេញមកភ្លាម ប៉ុន្តែក្សត្រីក្រពុំឈូកបានសុគតបាត់សង្ខារទៅហើយ ។ ស្តេចឲ្យបិតាបានឲ្យគេសង់វិហារមួយត្រង់កន្លែងវះក្រពើនេនធន់នោះដោយធ្វើសសរដល់ទៅ ១០០ ។ នៅពីមុខវិហារសសរ ១០០ នោះ ស្តេចឲ្យធ្វើចេតិយមួយយ៉ាងធំ ដើរចាប់ស្រ្តីមានផ្ទៃពោះ ២០ នាក់មកសម្លាប់យកក្បាលធ្វើជាគ្រិះចេតិយហើយឲ្យសាងរូបក្រពើ នេនធន់ទៅពន្លះឆ្កាងទាំងអស់នៅក្បែរចេតិយនោះផង ។ តាមសេចកី្តតំណាលរបស់អ្នកស្រុកថា កាលពីជំនាន់ដើមគា្មនអ្នកណាហ៊ានដើរកាត់មុខចេតិយនេះទេ បើស្រ្តីមានផ្ទៃពោះដើរកាត់មុខនឹងត្រូវស្លាប់ភា្លម ។ សេចក្តីតំណាលខាងលើនេះ នាំឲ្យយើងយល់ថាទង់ក្រពើនេះមានរឿងរ៉ាវ ឬ បុព្វហេតុមកពីសេ្តចអង្គចន្ទទី ២ បានឲ្យគេវះស្បែកក្រពើនេនធន់ យកមកចងព្រះចេតិយ ព្រះចេតិយ ព្រះម្ចាស់ក្សត្រីក្រពុំឈូកជាបុត្រីនោះឯង ។

ទង់ក្រពើនេះមានដូចស្បែកក្រពើ ដែលគេបានពន្លះចងឆ្កាងមានក្បាល ខ្លួន ជើង កន្ទុយ ប៉ុន្តែដោយហេតុថាសិល្បៈខ្មែរប្រភេទណាក៏ដោយតែងមានការវិវត្តន៍ប្រែប្រួលជានិច្ច ដូច្នេះបានជាទង់ក្រពើនេះជួនអីមាន ជើងដល់ទៅ ៨ មានកន្ទុយ ២ ។ ក្នុងពិធីបូជាសពលោកគ្រូចៅអធិការវត្ត ឬព្រះឧបជ្ឈាយ៍ ឬក៏លោកសង្ឃអង្គណាមួយដែលមានសមណស័កិ្តគុណសម្បតិ្តខ្ពងខ្ពស់គេតែងធ្វើទង់ក្រពើនេះធំវែងមានក្បាច់ច្រើន ហើយប្រើដោយក្រណាត់សំពត់ច្រើនពណ៌ថែមទៀត ។ ប៉ុន្តែតាមធម្មតាគេធ្វើត្រឹម ៥ ម៉ែត្រយ៉ាងវែង គេធ្វើដោយសំពត់សតែម៉្យាង ។ ទង់នេះគេច្រើនប្រើតែ ២ ប៉ុណ្ណោះប៉ុន្តែទង់តូចៗដែលគេដោតនៅជុំវិញឈាបនដ្ឋានជាដើម គ្មានកំណត់ថា ប៉ុន្មានៗឡើយ ។



                                     

9. ប្រវត្តិទាក់ទងនឹងមនុស្សស្លាប់ថ្មីៗ

កាលបើមានបុគ្គលស្លាប់ថ្មីៗនៅលើផ្ទះ អាចារ្យយោគីត្រូវរកទឹកមួយក្អមតូច និង ថ្មមួយដុំតូចហើយអុធធូប ៣ សរសៃយកទៅដាក់ចុងជើងបុគ្គលរួចធ្វើឧបកិច្ចការពារកុំឲ្យអសុរកាយវាចូលក្នុងរូបបុគ្គលនោះបាន ។ បើមិនដូចច្នេះទេ កាលណាមានសត្វឆ្មាសម្បុរខ្មៅលោតកន្លងបុគ្គលនោះអសុរាកាយនឹងចូលក្នុងរូបបុគ្គលនោះពុំខាន ។ បើមិនបានធ្វើដូច្នេះ ត្រូវព័ទ្ធសីមា ។ បើបានព័ទ្ធសីមាហើយ ទោះមានឆ្មាខ្មៅលោតរំលងក៏មិនមានហេតុអ្វីដែរ ។

តាមជំនឿរបស់ខ្មែរថា អសុរកាយជាពួកបីសាចតែងត្រាច់រង្គត់រកស៊ីគំរង់ហើយជួនកាលអាចបន្លាច មនុស្សផងក៏មានទើបគេត្រូវតែ ការពារបុគ្គលដោយវិធីផ្សេងៗ ។ គេតែងប្រាប់គ្នាឲ្យធ្វើកិច្ចផ្សេងៗចំពោះបុគ្គលស្លាប់ដូច្នេះ ដើម្បីជៀសវាងអន្តរាយដូចមានរឿងមួយដំណាលថា ៖ នៅស្រុកមួយឆ្ងាយពីទីប្រជុំជនជាភូមិសំបូរដោយព្រៃស្ងាត់មានអាកាសធាតុត្រជាក់ ។ នៅតំបន់នោះមានផ្ទះមួយជាជម្រកនៃមនុស្ស ៤ នាក់ គឺឪពុកមា្តយ និង កូនប្រុស ២ នាក់ដែលនៅក្នុងវ័យជំទង់ ។ ឪពុកចេញទៅរកស៊ីស្រុកឆ្ងាយ យូរៗទើបវិលមកផ្ទះម្តង ។ កូនប្រុស ២ នាក់នៅជាមួយម្តាយ ។ ថ្ងៃមួយជាចៃដន្យអ្វីនាងម្តាយនោះមានជំងឺយ៉ាងធ្ងន់ក៏ធ្វើមរណកាលទៅ ។ ប្រជាជនដែលនៅភូមិជាមួយគ្នា ប៉ុន្តែផ្ទះគេនៅឆ្ងាយៗនាំគ្នាមកជួយចាត់ចែងបុណ្យធ្វើក្តារមឈូសដាក់សពរួចស្រេច ដល់ល្ងាចក៏ត្រលប់ទៅផ្ទះគេវិញ ។ ផ្ទះសពនោះក៏ត្រូវនៅត្រមោចកំព្រា មានតែកូន ២ នាក់អុជភ្លើងប៉ប្លុងនៅចាំសពមា្តយរង់ចាំដល់ភ្លឺ និង បានអ្នកជិតខាងមកជួយទៀត ។ ឯសពនៅក្នុងក្តារមឈូសនោះពុំបានព័ទ្ធសីមា ឬ ធ្វើកិច្ចអ្វីមួយឡើយ ព្រោះពេលក៏ខើច និង ទៅរកអាចារ្យពុំទាន់បានណាមួយផ្លូវកាត់ព្រៃ ហើយត្រូវ និង ពេលព្រលប់ជាពេល ដែលសត្វសាហាវចេញរកស៊ីផង ។

ក្នុងរាត្រីនោះក្មេងទាំង ២ នាក់បងប្អូនចេះតែនាំគ្នាភ័យព្រួយ យប់កាន់តែស្ងាត់ទៅ ខ្លែងស្រាក លលកខ្មោចចេះតែបញ្ចញសម្រែកគួរឲ្យព្រឺក្បាលដែលពួកវាតែងតែត្រាច់រង្គត់រកសាកសព សត្វព្រៃជាអាហារ ។ ឯពួកអាសុរាកាយដ៏ធ្វើដំណើរដូចនេះដែរ លុះមកប្រទះឃើញខ្មោចនៅក្នុងក្តារមឈូសដែលមិនទាន់មានសីមាការពារនៅឡើយ ក៏រំលៀកខ្លួនចូលទៅស៊កក្នុងរូបសពនោះ ។ ខ្មោចដែលស្តូកស្តឹងប្រៀបបាននឹងដុំឈើនោះ ក៏ស្រាប់តែហាក់ដូចជាមានវិញ្ញាណឡើងវិញ ហើយបំរះប្រវេប្រវាសរចេញពីក្តារមឈូស កុមារបងប្អូនដេកនៅជិតក្តារមឈូស ប្អូនមិនទាន់ដឹងការអ្វីច្រើនក៏ដេកលក់ទៅ នៅតែកុមារជាបងចេះតែមានការព្រួយបារម្ភ ។ លុះឮសូរខ្មោចនោះរើក្នុងក្តារមឈូស វាចេះតែលួចសម្លឹងទៅរកក្តារមឈូស ។ មិនយូរប៉ុន្មានស្រាប់តែខ្មោចនោះអើតក្បាលពីក្តាមឈូសមកក្ងក់ កុមារបងឃើញដូច្នេះភ័យណាស់ កន្រ្ទាក់ដៃប្អូនអូសរត់ចេញពីផ្ទះ ។ ប្អូនក៏ស្ទុះទៅតាមទាំងសើងមើង ។ បងនិយាយបណ្តើរ រត់បណ្តើរ ប្រាប់ប្អូនកុំឲ្យងាកក្រោយឲ្យសោះ ។ ក្មេងទាំង ២ នាក់រត់ទៅ មិនយូរប៉ុន្មានខ្មោចនោះក៏លោតចុះដេញតាមពីក្រោយទៅដែរ ។ ឃើញដូច្នេះ ក្មេងទាំង ២ ខំរត់សំដៅទៅវត្ត ព្រោះគិតឃើញថា មានតែវត្តទេដែលអាចជួយខ្លួនឲ្យផុតអំពីភ័យអន្តរាយនេះ ។ ឯអសុរាកាយលុះទៅតាមដល់របងវត្តឃើញសីមាវត្ត វាមិនហ៊ានចូលក៏ចេញពីរូបសាកសពនោះទៅ ។ ឯសាកសពនោះក៏រលំដួលនៅច្រងាងក្នុងទីនោះឯង ។

លុះព្រឹកឡើង ព្រះសង្ឃ និង អ្នកស្រុកដឹងរឿងហើយក៏ផ្អើលមកមើល ហើយនាំគ្នាលើខ្មោចនៅទៅបូជាធ្វើកិច្ចរំងប់ចង្រៃគ្រប់បែបយ៉ាងទៅតាមទម្លាប់ ។ ដោយខ្លាចមានហេតុអាក្រក់ចៃដន្យ ដូចរឿងដំណាលនេះឯងហើយទើបចាស់ៗបុរាណបានបង្គាប់គ្នាឲ្យរៀបធ្វើកិច្ចផ្សេងៗ និង ឲ្យព័ទ្ធសីមាជាការចាំបាច់ ដើម្បីការពារទុកមុន ។ របៀបនេះក៏បានជាប់ជាទំនៀមទម្លាប់រហូតមក ។

                                     

10. ប្រវត្តិទាក់ទងនឹងទំនៀមទម្លាប់ដាក់ខ្មោចបែរក្បាលទៅទិសខាងលិច

រឿងនេះគេប្រកាន់តៗគ្នាមក តាំងពីកាលព្រះឥសូរកោរជុកឲ្យព្រះវិឃ្នេសជាបុត្រ ដូចមានដំណាលថាក្នុងសាសនាព្រាហ្មថា ព្រះឥសូររៀបចំកោរជុក ព្រះវិឃ្នេសតែភ្លេចអញ្ជើញព្រះអង្គារ ។ ព្រះអង្គារខ្ញាល់កក៏បណ្តាលឲ្យកាំបិតកោរទៅកាត់យកក្បាលព្រះវិឃ្នេសបោះចូលទៅក្នុងមហាសមុទ្រ ។ ព្រះឥសូរក៏ប្រើព្រះវិស្សកម្មឲ្យចុះទៅរកក្បាលមនុស្ស ឬតិរច្ឆានដែលដេកដាក់ក្បាលទៅទិសខាងលិច ។ ព្រះពិណ្ណុការទៅរកមើល ឃើញតែក្បាលដំរី ២ ដេកបែរក្បាលទៅទិសខាងលិច ក៏កាត់ក្បាលដំរីមួយទៅថ្វាយព្រះឥសូរៗក៏តភ្ជាប់ឲ្យព្រះវិឃ្នេស ទើបព្រះវិឃ្នេសមានក្បាលដំរី ។ ព្រោះហេតុនោះទើបមនុស្សបុរាណប្រកាន់ជឿថា ទិសខាងលិចជាទិសអពមង្គល ពេលមានមនុស្សណាស្លាប់ គេដាក់ឲ្យក្បាលបែរទៅទិសខាងលិចហើយក៏ដាក់ជាប់ជាទំនៀមរហូតមក ។

                                     

11. ប្រវត្តិទាក់ទង និង ទំនៀមទម្លាប់ដាក់ប្រាក់កាក់ក្នុងមាត់មនុស្សស្លាប់

មានរឿងបុរាណដំណាលតៗគ្នាមកថា ៖ មានបរុសមា្នក់នៅជាមួយប្រពន្ធ តាំងពីក្មេងដល់ចាស់ ខំរកស៊ីធ្វើការបានសល់មាសមួយបាទតែគ្មានកូនសោះ ។ ប្តីប្រពន្ធបានផ្តែផ្តាំគ្នាទៅវិញទៅមកថាបើមានអ្នកណាស្លាប់មុនត្រូវក៏យកមាសដាក់ក្នុងមាត់អ្នកនោះ ។ ចំណេរតមកមិនយូរប៉ុន្មានប្តីស្លាប់ទៅប្រពន្ធក៏ដាក់ក្នុងមាត់ខ្មោចប្តី ហើយយកខ្មោចប្តីទៅធ្វើបុណ្យបូជា ។ ខ្មោចត្រូវភ្លើងឆេះអស់ ឯមាសវិញត្រូវភ្លើងឆេះរលាយនៅសល់ ៣ ស្លឹង ។

សម័យមួយព្រះមហាក្សត្រព្រះអង្គលោកមានចិត្តលោភគ្របសង្កត់ក៏ចេញព្រះរាជអាជ្ញាឲ្យរៃយកមាសក្នុងមួយផ្ទះចំនួនមួយបាទជាកំហិត ។ យាយប្រពន្ធរបស់ខ្មោចតានោភ័យក៏យកមាស ៣ ស្លឹងដែលគាត់បានរើសទុកនោះទៅថ្វាយព្រះមហាក្សត្រ ហើយក្រាបទូលថា "ក្រាបទូលព្រះករុណា! មាសនេះពីដើមនេះពេញមួយបាទតែខ្ញុំម្ចាស់យកទៅដាក់ក្នុងមាត់ប្តី ពេលដែលស្លាប់ប្តីខ្ញុំម្ចាស់យកទៅពុំបាន ក៏ត្រូវភ្លើងឆេះអស់ខ្លះទៅ នៅសល់តែប៉ុណ្ណេះសូមព្រះករុណា មេត្តាដល់សត្វទល់ក្រផង,ខ្ញុំព្រះអង្គទាល់មធ្យោបាយនឹងទៅរកមាសឯណា ឲ្យគ្រប់ចំនួនថ្វាយព្រះអង្គពុំបានឡើយ" ។ ព្រះមហាក្សត្រទ្រង់ព្រះសណ្តាប់ក៏កើតធម្មសង្វេគស្លុតព្រះទ័យ ទើបទ្រង់ប្រកាស់ឲ្យលើកលែងការរៃយកមាសអំពីបណ្តារាស្រ្តតទៅទៀត ។

អាស្រ័យរឿងនេះ ទើបបណ្តារាស្រ្តទាំងអស់យល់ថា ប្រាក់ ឬ មាសដែលបង់ក្នុងមាត់ខ្មោចមានអានុភាពទៅលើទឹកចិត្តមនុស្សណាស់ សូម្បីតែព្រះមហាក្សត្រក៏ចុះចាញ់អានុភាពនេះដែរ ។ ម៉្យាងទៀតអានុភាពប្រាក់ ឬមាសដែលចង់ក្នុងមាត់ខ្មោច ជាវត្ថុស័ក្តិសិទ្ធិអាចជួយរំដោះគ្រោះថ្នាក់ក្នុងពេលមានអាសន្នបាន ។

ប៉ុន្តែអ្នកប្រាជ្ញពីបុរាណ ដែលឲ្យយកមាស ឬ ប្រាក់ដាក់ក្នុងមាត់ខ្មោច គឺដើម្បីជាប្រស្នាឲ្យពិចារណាថា សម្បតិ្តទាំងអស់យើងអាចយកដាក់នឹងខ្លួនតែក្នុងវេលាមានជីវិត កាលបើស្លាប់ហើយយើងមិនអាចយកទៅបានទេ ។ រឿងនេះបានជាជាប់ជាទំនៀមទម្លាប់រហូតដល់សព្វថ្ងៃនេះ ។



                                     

12. ប្រវត្តិទាក់ទងនឹងទំនៀមទម្លាប់ដាក់ផ្កា និង ទៀនធូបក្នុងដៃ បុគ្គលស្លាប់

មានរឿងតំណាលថា ៖ មានភិក្ខុមួយរូបមានឈ្មោះមិនប្រាកដ ញោមប្រុសរបស់លោកជាព្រានព្រៃសម្លាប់សត្វច្រើនណាស់ តាំងពីក្មេងដល់ចាស់ ។ លុះវេលាជិតស្លាប់ គាត់ភ្លឹកស្មារតីទៅឃើញសត្វដែលគាត់បានសម្លាប់ ។ ដោយកុសលចិត្តក៏ស្រែកប្រាប់ឲ្យភិក្ខុជាកូនជួយ ។ ភិក្ខុជាកូនថា ៖ ញោមមានបាបកម្មច្រើនបានជាភ្លឹកទៅឃើញតែសត្វធាតុដូច្នេះ ទើបឲ្យមនុស្សរកផ្កា ទៀន ធូប យកមកដាក់ក្នុងដៃញោមប្រុស រួចប្រាប់ថា ចូរញោមខំសម្លឹងមើលផ្កា ទៀន ធូប ជាគ្រឿងបូជាព្រះរតនត្រ័យនេះឲ្យជាប់ ញោមប្រុសនៃភិក្ខុនោះ កើតសទ្ធាជ្រះថា្លមានចិត្តកុសលក៏ធ្វើតាមពាក្យកូន ។ លុះដល់ស្លាប់ទៅក៏កើតនៅនាស្ថានសួគ៌ ។ ព្រោះហេតុនោះបានជាមនុស្សជាន់ក្រោយធ្វើតាមតៗគ្នាមកដោយប្រាថ្នាឲ្យអ្នកជំងឺយកគុណព្រះរតនត្រ័យជាទីពឹង ។ ម្លោះហើយរឿងនេះ ក៏ជាប់ជាទំនៀមទម្លាប់រហូតមក ។



                                     

13. ប្រវតិ្តទាក់ទងនឹងលោកអភិធម្ម និង មាតិកានៅពេលដង្ហែសព

មានរឿងនិទានថា ក្នុងអតីតសម័យព្រេងនាយមានព្រះរាជាមួយអង្គទ្រង់សោយរាជ្យនៅនគរ រណោងស្នោ ស្យាមប្រទេស ។ ព្រះរាជាអង្គនេះទ្រង់មានព្រះរាជហឫទ័យជ្រះថ្លានឹងព្រះពុទ្ធសាសនាយ៉ាងក្រៃលែង តែងធ្វើបុណ្យទានជាអចិន្រ្តៃយ៍ហើយទ្រង់មានព្រះទ័យរាប់អានស្និទ្ធិស្នាល នឹងព្រះសង្ឃដែលគង់ក្បែរព្រះបរមរាជវាំងណាស់ ទ្រង់តែងផ្គត់ផ្គង់ព្រះសង្ឃដោយខាទនីយាហាររាល់ថ្ងៃពុំដែលខាន ។ លុះកាលក្រោយមកព្រះរាជាអង្គនេះទ្រង់ប្រឈួនយ៉ាងធ្ងន់ធ្ងរ ពេទ្យហ្មនានាដែលអញ្ជើញមកព្យាលបាលជំងឺព្រះអង្គក៏ពុំអាចរកថ្នាំណាមកទ្រទ្រង់ជីវិតព្រះអង្គបាន ទ្រង់ក៏សោយទីវង្គតទៅ ។ នាម៉ឺនសព្វមុខមន្រ្តី ក៏ជំនុំគ្នានឹងរៀបចំដង្ហែសពនោះឲ្យសមតាមឋានៈព្រះអង្គ ។ និយាយអំពីភិក្ខុ ៥ អង្គដែលព្រះរាជាទ្រង់តែងតែប្រគេនចង្ហាន់ជានិច្ចកាល នោះក៏ប្រជុំប្រឹក្សាថា (ព្រះរាជាអង្គនេះកាលទ្រង់គង់ព្រះជន្មាយុនៅឡើយ ព្រះអង្គតែងតែផ្គត់ផ្គង់រូបយើងទាំង ៥ នេះខ្លាំងណាស់ ឥឡូវនេះព្រះអង្គចូលទីវង្គតហើយយើងរាល់គ្នាត្រូវធ្វើកិច្ចដូចម្ដេច ដើម្បីជាសាក្ដីភាពនៃការតបស្នងគុណព្រះអង្គនៅពេលដង្ហែព្រះសពចេញទៅប្រទក្សិណទីក្រុងដោយយើងទាំង ៥ រូបជាអ្នកធម៌ស្រាប់គួរនិមន្ដលោកគ្រូចៅអធិកាឲ្យគង់នៅមុខព្រះសព អភិធម្មមាតិកា ឯ ៤ រូបទៀតគួរនៅគង់អមព្រះសពហើយចំរើន សុត្តន្តមាតិកាទៅចុះ ។ គិតគ្នាស្រាច់ហើយលុះដល់ថ្ងៃកំណត់ដង្ហែព្រះសព ព្រះសង្ឃទាំង ៤ អង្គ ក៏នាំគ្នាចូលទៅសុំពួកនាម៉ឺនចាត់ការបុណ្យ ដើម្បីឲ្យបានទៅអង្គុយហែរតាមសេចក្ដីប្រឹក្សាគ្នាមកនោះ ។ ពួកមន្រីចាត់ការបុណ្យក៏យល់ព្រមតាមការសុំរបស់ព្រះសង្ឃ ៥ អង្គ ។ ហើយភាវនាធម៌រហូតដល់កន្លែងបូជាសព ។

តាមរឿងដូចបានពោលមកខាងលើនេះ ទើបកម្មវិធីបុណ្យខ្មោចមានលោកអធិធម្ម ១ អង្គ និង លោកមាតិកា ៤ អង្គជាប់ជាតំណរហូតមក ។

                                     

14. ប្រវត្តិទាក់ទងនឹងទៀនកល្បនៅពេលមានមនុស្សស្លាប់

អតីតកាល មានបុរសម្នាក់ជាមនុស្សត្រឹមត្រូវណាស់ បើទៅកាន់ទីជំនុំចំណោម ឯណា គេតែងរាប់រកទុក្ខជាមនុស្សមានប្រាជ្ញាជាអ្នកដឹងខុសត្រូវ ។ អ្នកនៅភូមិផងរបងជាមួយ បើមានការអ្វីធំដុំគេតែងអញ្ជើញបុរសនោះមកជាប្រធានដើម្បីសួរជាយោបល់ឲ្យជួយអារកាត់រឿងដែលជាប់ជុំពាក់ស្មុគស្មាញ ។

ថ្ងៃមួយក្នុងរដូវប្រាំង មាណពបបួលបុរស ២ នាក់ទៀតដែលនៅផ្ទះក្បែរគ្នា ទៅរកឃ្មុំយកក្រមួន និង ទឹកមកលក់ដើម្បីបំពេញសេចក្តីខ្វះខាតក្នុងគ្រួសារ ។ បុរសទាំង ២ នាក់នោះក៏ស្រុះស្រួល សុខចិត្តទៅជាមួយគា្ន តែបណ្តាអ្នកទាំង ២ នាក់នោះ អ្នកជាមនុស្សស្តាប់បង្គាប់ ឯ អ្នកមួយទៀតរបឹងរឹងរូសមិនសូវចេះស្តាប់បង្គាប់ចេះត្រង់ត្រាប់ពាក្យប្រៀនប្រដៅទេ ។

លុះដើរដល់ព្រៃ ឃើញខ្ទមអ្នកតាមួយដែលពួកថ្មើរព្រៃតែងបូជាដើម្បីសុំបើកព្រៃរួចទើបចូលទៅ ។ មកដល់ជិតកន្លែងអ្នកតានោះ ទើបអ្នកទាំង ៣ នាក់នាំគ្នាធ្វើជំរកឈប់សំរាកបន្តិចសិនយកកម្លាំង នឹងដើរទៅមុខទៀត ។ ក្នុងថ្ងៃនោះគេរកបានឃ្មុំមួយសំបុកមានចំនួន ១២ តម្លឹងហើយត្រលប់មកជម្រកវិញ នាំគ្នាដាំបាយដុតត្រីបិរភោគ ។ តែមុខបរិភោគចាប់បាយនឹងត្រីខ្លះដាក់លើស្លឹកឈើ ថ្វាយអ្នកតាសុំសេចក្តីសុខសប្បាយ នឹងសុំឲ្យទៅរកឃ្មុំបានប្រទះដូចក្តីប្រាថ្នា ។ ឯបុរសម្នាក់ទៀតជាអ្នករឹងរូស នោះឃើញពីរនាក់សែនអ្នកតាក៏នឹងខ្នាញ់ក្នុងចិត្តតែមិនចេញស្តី ។ លុះព្រឹកឡើងមុននឹងចេញទៅរកឃ្មុំទៀត គេនាំគ្នាដាំបាយស៊ីហើយចាប់បាយបេះត្រីដាក់ថ្វាយអ្នកតាដូចថ្ងៃមុនទៀត ។ បុរសរឹងរូសទើសចិត្តណាស់ទ្រាំអត់ពុំបានក៏និយាយគំរោះគំរើយថា មិនដឹងជាថ្វាយស្អី ក៏ថ្វាយម៉្លេះទេ! ម្ហូបអាហារតិចផង យកទៅដាក់ចោលទៀត តើដាក់ឲ្យស្អីស៊ី! ថាហើយក៏ងើបដើរទៅយកបាយរុកបញ្ចុកមាត់អ្នកតា ហើយនិយាយបែបចង់បញ្ជោះឲ្យអ្នកដែលដាក់ថ្វាយនោះផងថា ហ៍! ស៊ីទៅអ្នកតា! ពីមុនថាគេមិនដាក់ដល់មាត់ ឥឡូវអញដាក់ដល់មាត់ហើយម្តេចក៏មិនស៊ីទៅ ឃើញតែទុកចោលឲ្យស្រមោចរោម ម្តងនេះតែមិនស៊ីឲ្យអញឃើញផងទេ លើកក្រោយលែងឲ្យទៀតហើយ ។ អ្នកទាំង ២ ឃើញបុរសនោះធ្វើមិនគប្បីក៏នៅស្ងៀម រួចបបួលគ្នាចេញដំណើរទៅ ។ ក្នុងថ្ងៃនោះគ្មានរកបានឃ្មុំមួយសំបុកសោះ ព្រោះបុរសរឹងរូសនោះរវល់តែចុកពោះរមួលខ្លួនដើរមិនរួចមិនស្រាកស្រាន្តឡើយ ។ លុះដល់កម្លាំងកាន់តែតិចទៅ បុរសឈឺនោះនិយាយនឹងសម្លាញ់ទាំង ២ ថា ៖ "ចូរឯងចែកក្រមួនមួយភាគផង ត្បិតខ្ញុំក៏បានទៅរកជាមួយដែរ" ។

បុរស ២ នាក់ឆ្លើយថា "ឯងចង់បានក្រមួនយកមកធ្វើអ្វី បើឯងជិតស្លាប់ទៅហើយយ៉ាងនេះ” ។ បុរសឈឺនោះឆ្លើយវិញថា ខ្ញុំយកទៅបានឲ្យតែឯងចែកមកឆាប់ឡើង បើឯងមិនឲ្យខ្ញុំទេ តើខ្ញុំបានអ្វីបំភ្លឺផ្លូវចេញពីព្រៃនេះរួច ។ ឮដូច្នេះ បុរសសម្លាញ់ទាំង ២ នាក់ ក៏នាំគ្នាថ្លឹងក្រមួនចែកជា ៣ ភាគស្មើគ្នា ហើយយកស្លឹកឫស្សីងាប់ប្រវែងបង្គុយលលក ធ្វើជាប្រឆេះហើយយកក្រមួនមួយចំណែកទម្ងន់ប្រហែលជា ៤ តម្លឹងលៃជា ៤ ភាគ យក ៣ ភាគ លញ់ធ្វើទៀនគោល ។ ក្រមួនសល់មួយភាគទៀត គេយកស្លឹកត្រែងស្ងួតមកធ្វើជាប្រឆេះលញ់ទៀនរាយ ៤ ទៀន ហើយកាប់មែកឈើដាក់គងលើមាត់ត្រឡោក ។ លុះអុជទៀនរួច ក៏ឱននិយាយដាក់ត្រចៀកបុរសដែលឈើនោះថា ៖ "នែសម្លាញ់ ចំណែកក្រមួនរបស់ឯង យើងធ្វើជាទៀនអុជឲ្យឯង ចូលឯងយកទៅតាមខ្លួនគ្រាន់បានបំភ្លឺផ្លូវចេញពីព្រៃនេះទៅចុះ បុរសឈឺទទួលថា អី! ហើយក៏ដាច់ខ្យល់ស្លាប់ទៅ ។

បុរសជាមិត្តក៏នាំគ្នារកឧសភ្លើងមកដុតខ្មោចនោះ ហើយនាំគ្នាវេចខ្ចប់ធាតុយកមកឲ្យប្រពន្ធ ដោយប្រាប់តាមដំណើរតាំងរឿងឈឺរហូតដល់រឿងចែកក្រមួន ។ តែមកដល់ត្រង់នេះប្រពន្ធនៃសពមិនយល់ព្រមដោយអាងថា ៖ ប្តីខ្លួនស្លាប់ទៅហើយតើអាចយកក្រមួនទៅផងមេ្តចបាន? បុរសសំលាញ់ ២ នាក់ពន្យល់យ៉ាងដូចមេ្តចនាងនោះក៏នៅតែមិនព្រម ទទូចយកតែចំណែក ក្រមួនតាំង ២ ថ្ងៃរហូតដល់យប់ ហើយចូលទៅដេករៀងៗខ្លួនទៅ ។ និយាយពីប្រពន្ធរបស់បុរសស្លាប់ លុះដេកលក់ទៅ ក៏យល់សប្តិឃើញប្តីកាន់ទៀនដើរចូលមក ។ នាងក៏ស្រែកទាំងអរផងថា "អ្នកអើយគេមកប្រាប់ខ្ញុំថា អ្នកឯងស្លាប់ទៅហើយ ថែមបានចែកក្រមួនទៅអ្នកផងឦលូវមានស្លាប់ឯណា?អ្នកមកវិញតើ! ឯខ្មោចនោះឆ្លើយមកវិញថា "បងស្លាប់មែន ហើយបងបានក្រមួនដែលគេចែកឲ្យនោះ ធ្វើជាទៀនអុជរកផ្លូវចេញមកផ្ទះ កុំអីមិនដឹងជាវង្វេងទៅណាទេ!" ។ ប្រពន្ធឮយ៉ាងនេះក៏ស្រវាឱបប្ដីភ្ញាក់ដឹងខ្លួនឡើង ទើបដឹងខ្លួនថាខ្លួនយល់សប្ដិហើយក៏ឈប់ប្រកាន់ឈ្លោះគ្នាទៀត ។

ដោយហេតុមានរឿងដូច្នេះហើយ ទើបមនុស្សបុរាណជឿថា បើមនុស្សណាជិតស្លាប់ គេត្រូវតែធ្វើទៀនកល្ប អុជដើម្បីឲ្យខ្មោចបានភ្លឺ សម្រាប់បំភ្លឺផ្លូវទៅរកឋានសុខ ។